ចំនួន​មនុស្ស​ស្លាប់​ក្នុង​រញ្ជួយ​ដី​និង​ស៊ូ​ណា​មី​នៅ​ឥណ្ឌូនេស៊ី​កើន​ដល់​៣៨០​នាក់​

1012
ចែករម្លែក

​រលក​ស៊ូ​ណា​មី ដែល​បាន​វាយប្រហារ​ទីក្រុង​របស់​ឥណ្ឌូនេស៊ី​ភាគ​កណ្តាល​ចំនួន​២​បាន​បក់​បំផ្លាញ​អាគារ​និង​បំ​ប៉ើង​ផ្ទះ បំផ្លាញ​ស្ពាន​និង​ពន្លិច​ព្រះវិហារ ដែល​នៅ​ចំ​ផ្លូវ​​របស់​វា​កាលពី​ល្ងាច​ថ្ងៃ​សុក្រ ហើយ​នៅ​ថ្ងៃ​សៅ​រិ៍​ទី​២៩​កញ្ញា​ពួក​អ្នក​ជួយសង្គ្រោះ​ព្យាយាម​ចូលទៅ​ដល់​តំបន់​រងគ្រោះ តែ​វា​ត្រូវបាន​រារាំង​ដោយ​ស្ពាន​បាក់ ផ្លូវ​ខូច ការ​​ទាក់ទង​និង​ចរន្តអគ្គិសនី​ត្រូវ​កាត់ផ្តាច់​។​

​អ្នកនាំពាក្យ​ទីភ្នាក់ងារ​គ្រោះមហន្តរាយ​ជាតិ លោក​ស៊ូ​តូ​ប៉ូ នូ​ហ្គ្រោ​ហូ បាន​និយាយថា មនុស្ស​៣៨៤​នាក់​បាន​ស្លាប់​នៅក្នុង​ទីក្រុង​ជាប់មាត់​សមុទ្រ​ប៉ា​លូ​តែមួយ ។​មុននេះ​​លោក​បាន​និយាយថា ជោគវាសនា​មនុស្ស​រាប់​ពាន់​នាក់​ដែល​បាន​ចូលរួម​បុណ្យ​លើ​ឆ្នេរ​មួយ​ក្នុង​ក្រុង​ប៉ា​លូ​ចំពេល​ស៊ូ​ណា​មី​វាយប្រហារ​នៅ​មិនទាន់​ដឹង​ជា​យ៉ាងណា​នៅ​​ឡើយ​ទេ​។​

​រលក​ស៊ូ​ណា​មី​កំពស់​៣​ម៉ែត្រ​បង្កឡើង​ដោយ​រញ្ជួយ​ដី​កំលាំង​៧,៥​រិ​ច្ឆ​ទ័​រ បាន​វាយប្រហារ​ទីក្រុង​២​និង​និគមជន​តាម​ឆ្នេរ​ជាច្រើន​នៅ​ព្រលប់​ថ្ងៃ​សុក្រ​។​

​ប៉ា​លូ ដែលមាន​ប្រជាជន​ជាង​៣៨០.០០០​នាក់​រស់នៅ ឥឡូវ​ពោរពេញ​ដោយ​សម្រាម​និង​កំទេចកំទី​អាគារ​បាក់​។​ព្រះវិហារ​មួយ​រង​ការខូចខាត​ធ្ងន់ធ្ងរ​ដោយ​រញ្ជួយ​ដី ត្រូវ​​ទឹកសមុទ្រ​ជន់​លិច​ត្រឹម​ពាក់កណ្តាល​និង​ផ្សារ​ទំនើប​មួយ​ត្រូវ​បាក់​ខ្ទេច​។​សាកសព​ដែល​ត្រូវគេ​គ្រប​ជិត​ខ្លះ​មិន​ជិត​ខ្លះ​នៅ​នៅ​រាយប៉ាយ​តាមផ្លូវ​និង​បុរស​ម្នាក់​បី​សព​កូនក្មេង​​ម្នាក់​កាត់​គំនរ​បាក់បែក​។​

​នៅ​ទីក្រុង ដុង​ហ្កា​ឡា ក្បែរ​នោះ ស្ពាន​ធំ​មួយ​កាត់​ទន្លេ​មួយ​បាន​បាក់​។​

​នៅ​ថ្ងៃ​សៅ​រិ៍ ប្រធានាធិបតី​ឥណ្ឌូនេស៊ី​លោក ចូ​កូ វី​ដូ​ដូ បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា​លោក​បាន​បញ្ជា​ទៅ​មេ​យោធា​អោយ​ដឹកនាំ​កម្លាំង​ចុះជួយ​ការងារ​ជួយសង្គ្រោះ​​និង​ស្វែងរក​។​

​ក្នុងពេល​ជាមួយគ្នា អ្នកនាំពាក្យ​អង្គការ​សហ​ប្រជា​តិ​បាន​និយាយថា មន្ត្រី​អង្គការសហប្រជាជាតិ​បាន​ទាក់ទង​ជាមួយ​អាជ្ញាធរ​ឥណ្ឌូនេស៊ី និង​”​ត្រៀម​ផ្តល់​ការគាំទ្រ​​ទៅតាម​សំណើ​”​។​

​ឥណ្ឌូនេស៊ី​ស្ថិត​លើ​តំបន់​ដែល​គេ​ហៅថា “​កង​ភ្លើង​ប៉ាស៊ីហ្វិក​” ជា​តំបន់​ដែល​ងាយ​រង​រញ្ជួយ​ដី និង​ផ្ទុះ​ភ្នំភ្លើង​ណាស់​។​

​កាលពី​ថ្ងៃ​៥​សីហា រញ្ជួយ​ដី​ខ្លាំង​មួយ​នៅលើ​កោះ​ឡុ​ម​បុក បានសម្លាប់​មនុស្ស​៥០៥​នាក់ ភាគច្រើន​ស្លាប់​ដោយ​ការ​រលំ​អាគារ​សង្កត់​។​រញ្ជួយ​ដី​បន្តបន្ទាប់​ក្រោយមកទៀត​​បានសម្លាប់​មនុស្ស​ជាង​ដប់​នាក់​នៅ​ឡុំ​បុក​និង​កោះ​ស៊ុម​បា​វ៉ា​ជាប់​គ្នា​នោះ​។​

​កាលពី​ខែធ្នូ ឆ្នាំ​២០០៤ រញ្ជួយ​ដី​មហា​ខ្លាំង​កំលាំង​៩,១​រិ​ច្ឆ​ទ័​រ នៅឯនា​យកោះ​ស៊ូ​ម៉ា​ត្រា​របស់​ឥណ្ឌូនេស៊ី​ខាងលិច បង្ក​ជា​រលក​ស៊ូ​ណា​មី សម្លាប់​មនុស្ស​២៣០.០០០​នាក់​​នៅក្នុង​ប្រទេស​មួយចំនួន​៕​ដោយ​:​វាសនា​

#