ចំនួន​មនុស្ស​ស្លាប់​ក្នុងករណី​បើករថយន្ត​បំបុក​អ្នកដើរ​តាម​ចិញ្ចើមផ្លូ​វ​នៅ​ក្រុង​តូ​រ៉ុន​តូកើន​ដល់​១០​នាក់

3148
ចែករម្លែក

រថយន្តដឹកទំនិញមានដំបូលដែលគេជួលមួយ បានសម្លាប់មនុស្សយ៉ាងហោចណាស់១០នាក់ នៅពេលអ្នកបើកបរបានបើកបំបោលកាត់ចិញ្ចើមផ្លូវដែលមានមនុស្សកុះករនៃក្រុងតូរ៉ុនតូ ប្រទេសកាណាដា កាលពីរសៀលថ្ងៃចន្ទទី២៣មេសា។

អ្នកបើកកំពុងស្ថិតនៅក្នុងការឃុំឃាំងរបស់ប៉ូលិស ខណៈមន្រ្តីប៉ូលិសមិនព្រមបញ្ជាក់ប្រាប់ពីហេតុផលរបស់អ្នកបើកបរ និងក៏មិនបានបញ្ជាក់ថាវាជាអំពើដោយចេតនាឬអចេតនាទេ។

សារព័ត៌មានCBCបានហៅអ្នកបើកបរថា អាឡិច មីណាសសៀន អាយុ២៥ឆ្នាំ និងថាជននេះមិនមានពាក់ព័ន្ធជាមួយក្រុមសកម្មប្រយុទ្ធណាមួយទេ។

ឧបទ្ទវហេតុនេះជាការសម្លាប់ទ្រង់ទ្រាយធំដ៏អាក្រក់បំផុតនៅក្នុងប្រវត្តិសាស្រ្តកាណាដាសម័យទំនើប។វាបាកើតឡើងនៅម៉ោងប្រមាណ១កន្លះរសៀ​(ប្រមាណ១កន្លះរំលងអធ្រាត ម៉ោងនៅកម្ពុជា)ខណៈហ្វូងបុគ្គលិកការិយាល័យកំពុងធ្វើដំណើរទៅទទួលទានអាហារក្រោយការសម្រាកពេលថ្ងៃត្រង់។សាក្សីម្នាក់បាននិយាយថា អ្នកបើកទំនងជាផ្តោតលើជនរងគ្រោះក្នុងការបើកបំបុកចម្ងាយជិត១,៥គីឡូម៉ែត្រនេះ។

យ៉ាងហោចណាស់សាកសពមនុស្ស២នាក់ត្រូវបានគ្របក្រណាត់ទុកនៅកន្លែងកើតហេតុ មនុស្ស៥នាក់រងរបួសធ្ងន់កំពុងសម្រាកនៅមន្ទីរពេទ្យ។

រដ្ឋមន្រ្តីសុវត្ថិភាពសាធារណៈកាណាដា មិនព្រមបញ្ជាក់ថាតើអ្វីនៅពីក្រោយនៃការវាយប្រហារនេះ ដោយលោកបាននិយាយថា”ដំណាក់កាលនេះការស៊ើបអង្កេតកំពុងធ្វើឡើងនិងមិនមានព័ត៌មានសំរាប់បញ្ជាក់បន្ថែមទេ។ប៉ូលិសកំពុងធ្វើការដើម្បីកំណត់ថាហេតុអ្វីបានជាវាកើតឡើងនិងកំណត់ហេតុផលដែលជំរុញអោយធ្វើ”។

ក្នុងពេលជាមួយគ្នា អ្នកនាំពាក្យរបស់ក្រុមហ៊ុនRyder System Inc បានបញ្ជាក់ថា រថយន្តមួយរបស់ក្រុមហ៊ុនពាក់ព័ន្ធនឹងឧបទ្ទវហេតុនេះនិងថាក្រុមហ៊ុនសហការជាមួយអាជ្ញាធរ។

សូមបញ្ជាក់ថា អាមេរិកនិងអឺរ៉ុបបានជួបការវាយប្រហារដោយការបើករថយន្តបំបុកសម្លាប់មនុស្សជាបន្តបន្ទាប់ រួមមានការវាយប្រហារកាលពីថ្ងៃ៣១តុលា នៅក្រុងញូវយ៉កដែលបានសម្លាប់មនុស្ស៨នាក់។

ឧបទ្ទវហេតុនេះបានកើតឡើងចម្ងាយតែ៣០គីឡូម៉ែត្រពីកន្លែងដែលរដ្ឋមន្រ្តីហិរញ្ញវត្ថុនៃប្រទេសឧស្សាហកម្មជឿនលឿនG7 រួមមានកាណាដា អាមេរិក អង់គ្លេស បារាំងអាល្លឺម៉ង់ អ៊ីតាលីនិងជប៉ុនកំពុងជួបប្រជុំកាលពីថ្ងៃចន្ទ៕ដោយ៖វាសនា