ព្យុះធូលី ព្យុះភ្លៀង ព្យុះអគ្គិសនីនិងរន្ទះបាញ់ដ៏ខ្លាំងកាលពីថ្ងៃពុធនិងព្រហស្បតិ៍បានសម្លាប់មនុស្សយ៉ាងហោចណាស់ចំនួន១៤៣នាក់និងរបួសជាង២០០នាក់នៅទូទាំងប្រទេសឥណ្ឌាគិតមកត្រឹមថ្ងៃសុក្រ ទី៤ឧសភា។
ពពកធូលីបានបក់បោកគ្របដណ្តប់យ៉ាងខ្លាំងនៅភាគខាងជើងនៃប្រទេសឥណ្ឌា ដោយធ្វើផ្ទៃមេឃងងឹតនៅពេលខ្យល់បក់បោកបក់ក្នុងល្បឿនជាង១៣០គីឡូម៉ែត្រ ក្នុងមួយម៉ោង បានបោកបក់លើរដ្ឋ Uttar Pradesh រដ្ឋRajasthan និង រដ្ឋPunjab ដោយផ្ទះ ដើមឈើនិងបង្គោលភ្លើងជាច្រើន ត្រូវបានបំផ្លិចបំផ្លាញ។យ៉ាងហោចណាស់មនុស្ស១២១នាក់ស្លាប់ដោយព្យុះភ្លៀងក្នុង៤រដ្ឋខាងលើ។
របាយការណ៍បាននិយាយថា ក្រៅព្យុះសង្ឃរា ព្យុះធូលី ក៏មានព្យុះអគ្គិសនី ដែលបណ្តាលអោយមានរន្ទះបាញ់ដល់ទៅជាង៤០.០០០លើក សម្លាប់មនុស្ស២១នាក់នៅភាគខាងត្បូងប្រទេស។
យ៉ាងហោចណាស់មនុស្ស១១១នាក់បានស្លាប់ ខណៈដែលពួកគេបានដេកលក់ នៅពេលជញ្ជាំងនិងដំបូលផ្ទះ បានបាក់ធ្លាក់សង្កត់លើពួកគេ។មនុស្សរាប់ម៉ឺននាក់នៅក្នុងរដ្ឋUttar Pradesh និង Rajasthan កំពុងគ្មានផ្ទះសម្បែងដោយសារព្យុះបំផ្លាញ។
ក្រុមមន្ត្រីគ្រោះមហន្តរាយបាននិយាយថាមនុស្ស១៤ នាក់ផ្សេងទៀតបានស្លាប់នៅរដ្ឋ Andhra Pradesh ដែលត្រូវបានវាយប្រហារដោយរន្ទះបាញ់ជាង ៤១.០០០ កាលពីថ្ងៃពុធ៕វាសនា