ចំនួន​មនុស្ស​ស្លាប់​ដោយ​គ្រោះថ្នាក់​លិច​ទូក​ដឹក​ទេសចរ​ចិន​នៅ​ថៃ​កើន​ដល់​២១​នាក់​

2969
ចែករម្លែក

​ពួក​អ្នក​ជួយសង្គ្រោះ​ថៃ​បាន​ស្រង់​សាកសព​មនុស្ស​២១​នាក់​នៅក្នុង​សមុទ្រ​ឯនាយ​ឆ្នេរ​កោះ​កំសាន្ត​ភូ​កេ​ត​កាលពី​ថ្ងៃ​សុក្រ ក្រោយពី​ទូក​ដឹក​អ្នកទេសចរ​មួយ​បាន​ក្រឡាប់​​លិច​កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ដោយសារ​ព្យុះ​និង​រលក​ធំៗ​។​

​សាកសព​ត្រូវបាន​រកឃើញ​ដោយ​អណ្តែត​ទឹកមុខ​ផ្កាប់​ចុះក្រោម និង​នៅ​ពាក់អាវ​ពោង​ការពារ​ជីវិត​នៅឡើយ នៅ​ចម្ងាយ​រាប់​គីឡូ​ពី​កន្លែង​ដែល​ទូក​Phoenix​បាន​លិច​​ក្រោយ​ជួប​រលក​កំពស់​៥​ម៉ែត្រ​។​

​ពួក​អ្នក​មុជទឹក​ក៏បាន​រាយការណ៍​អំពី​ការរកឃើញ​សាកសព​មនុស្ស​ជាង​១០​នាក់​នៅក្នុង​ឃ្លុបទូក​ដែល​លិច ហើយ​ការងារ​យក​សាកសព​នេះ​នឹងធ្វើ​នៅ​ល្ងាច​ថ្ងៃ​សុក្រ​។​

​អ្នក​នៅមាន​ជីវិត​ម្នាក់ ជា​ទេសចរ​ចិន ត្រូវបាន​គេ​ប្រញាប់​បញ្ជូនទៅ​មន្ទី​ពេទ្យ​នៅ​ភូ​កេ​ត ក្រោយពី​គេ​បាន​ប្រទះឃើញ​នាង​អណ្តែត​នៅ​ចម្ងាយ​រាប់គីឡូម៉ែត្រ​ពី​កន្លែង​លិច​ទូក​​គឺ​អណ្តែត​នៅ​ជិត​សាកសព​របស់​ជនរួមជាតិ​របស់​នាង​។​

​គេ​ថា​ទូក​ដែល​លិច បាន​ដឹក​អ្នកដំណើរ​១០៥​នាក់ ភាគច្រើន​ជា​អ្នក​ទេសចរណ៍​ចិន ។​សរុប អ្នកដំណើរ​៥៦​នាក់​នៅ​កំពុង​បាត់​ខ្លួន រហូតដល់​ថ្ងៃ​សុក្រ​នៅក្នុង​គ្រោះថ្នាក់​លិច​​ទូក​ទេសចរណ៍​ដែល​អាច​ថា​អាក្រក់​បំផុត​នៅក្នុង​ប្រវត្តិ​ប្រទេស​ថៃ​។​

​ទូក​នេះ​លិចទៅ​បាតសមុទ្រ​ជំរៅ​៤០​ម៉ែត្រ​នៃ​សមុទ្រ​អាន់ដាម៉ាន់ នៅ​ចម្ងាយ​តែ​ប៉ុន្មាន​គីឡូម៉ែត្រ​ពី​កោះ ហេ ជា​កូន​កោះ​ដែល​ល្បី​ច​ខាង​ផ្កាថ្ម​។​

​ខណៈ​សាកសព​ច្រក​ក្នុង​បាវ​ត្រូវបាន​បញ្ជូន​ឡើង​ផែ​នៅ​ភូ​កេ​ត ឧទ្ធម្ភាគចក្រ​ជាច្រើន​ក៏​កំពុង​ហោះ​រក​សាកសព​និង​អ្នក​នៅមាន​ជីវិត​កាលពី​រសៀល​ថ្ងៃ​សុក្រ​។​

​មនុស្ស​៤៨​នាក់​ត្រូវបាន​ជួយសង្គ្រោះ​និង​សាកសព​មួយ​ត្រូវបាន​រកឃើញ​កាលពី​យប់មិញ​ក្រោយ​ការ​លិច​ទូក​ភ្លាម​។​

​ក្នុងពេល​ជាមួយគ្នា បុរស​មានអំណាច​ទី​២ ឧបនាយករដ្ឋមន្ត្រី​ប្រា​វីត វង់​ស៊ូ​វ៉ុ​ន បានចេញ​បញ្ជា​អោយ​ស៊ើបអង្កេត​អោយដឹងថា​តើ​ហេតុ​អី​បានជា​ទូក​នៅតែ​ចេញទៅ​​សមុទ្រ​ទោះជា​មានការ​ព្រមាន​អំពី​ខ្យល់​ខ្លាំង​។​

​ទូក​ទេសចរណ៍​មួយចំនួន​និង​ស្គី​លើទឹក​ក៏​ជួប​បញ្ហា​កាលពី​ម្សិលមិញ តែ​អ្នកដំណើរ​ត្រូវបាន​ជួយសង្គ្រោះ​៕ដោយ៖វាសនា