ចំនួន​មនុស្ស​ស្លាប់​ដោយ​ស៊ូណាមិ​នៅ​ឥណ្ឌូនេស៊ី​កើន​ដល់​១៦៨​នាក់ និង​៧៤៥​នាក់​រងរបួស​

508
ចែករម្លែក

​រលក​សមុទ្រ​ធំៗ​ដែល​អាច​បង្កឡើង​ពី​ការផ្ទុះ​ភ្នំភ្លើង​លើ​កោះ​មួយ បានសម្លាប់​មនុស្ស​យ៉ាងតិច​១៦៨​នាក់ នៅ​ចន្លោះ​ច្រក​សមុទ្រ​ស៊ុន​ដា​របស់​ឥណ្ឌូនេស៊ី​។​មនុស្ស​ប្រ​​មាណ​៧៤៥​នាក់​ទៀត​ក៏បាន​រងរបួស​និង​៣០​នាក់​កំពុង​បាត់​ខ្លួន​ក្នុង​គ្រោះមហន្តរាយ​ដែល​បាន​វាយប្រហារ​គ្មាន​ការព្រមាន​ជាមុន​កាលពី​យប់​ថ្ងៃ​សៅ​រិ៍​ទី​២២​ធ្នូ ។​

​ពួក​អ្នកវិទ្យាសាស្ត្រ​មកពី​ទីភ្នាក់ងារ​ភូមិសាស្ត្រ​និង​រញ្ជួយ​ដី​ឥណ្ឌូនេស៊ី​បាន​និយាយថា វា​អាច​បង្កឡើង​ពី​ការបាក់​ដី​នៅ​បាតសមុទ្រ​ដោយសារតែ​ការផ្ទុះ​ភ្នំភ្លើង អា​ណាក​​ក្រា​កាតា​វ​។​ពួកគេ​ក៏​និយាយ​ដល់​ជំនោរ​សមុទ្រ​បង្កឡើង​ដោយ​ព្រះ​ចន្ទ​ពេញវង់​ផងដែរ​។​

​តំបន់​រងគ្រោះ​ខ្លាំងជាងគេ​គឺ ប៉ាន​ដេក​ឡាង នៅ​ខេត្ត​បាន់​តេន​លើ​កោះ​ជ្វា ។​

​ក្នុងពេល​ជាមួយគ្នា ប្រធានាធិបតី​ឥណ្ឌូនេស៊ី លោក ចូ​កូ វី​ដូ​ដូ បាន​សម្តែង​ការចូលរួម​រំលែក​ទុក្ខ​ដល់​គ្រួសារ​ជនរងគ្រោះ និង​បាន​បញ្ជា​ទៅ​បណ្តា​ទីភ្នាក់ងារ​រដ្ឋ​អោយ​​ឆ្លើយតប​ជា​ប្រញាប់​ចំពោះ​គ្រោះមហន្តរាយ​នេះ​។​

​ភ្នំភ្លើង​អាណា​ក ក្រា​កាតា​វ​(Anak Krakatau )​ដែល​ភ្ជាប់​មហាសមុទ្រ​ឥណ្ឌា​និង​សមុទ្រ​ជ្វា បាន​ផ្ទុះ​នៅ​ប្រមាណ​២៤​នាទី​មុន​កើតមាន​ស៊ូណាមិ​។​

​មន្ត្រី​នៅ​មជ្ឈមណ្ឌល​សិក្សា​ស្រាវជ្រាវ​ស៊ូណាមិ​ឥណ្ឌូនេស៊ី បាន​និយាយថា រលក​យក្ស​ទាំងនេះ​ទំនងជា​បង្កឡើង​ដោយ​ការបាក់​ផ្ទាំង​ដី នៅពេល​មួយផ្នែកធំ​នៃ​ជំរាល​​ភ្នំភ្លើង​បាក់ស្រុត​។​ការផ្ទុះ​ក៏​អាច​បង្ក​បំណាក់​ដី​នៅលើ​គោក​ឬ​នៅ​បាតសមុទ្រ ដែល​កម្លាំង​បាក់​ទាំងពីរ​សុទ្ធតែ​អាច​បង្ក​ជា​ស៊ូណាមិ​។​

​លោក​បាន​បន្ថែមថា​« តាមពិត​ស៊ូណាមិ​នេះ​មិន​ជាធំ​ប៉ុន្មាន​ទេ កំពស់​ប្រមាណ​១​ម៉ែត្រ​។​បញ្ហា​នៅត្រង់ថា ប្រជាជន​រស់នៅ​និង​សង់​អ្វីៗ​នៅជាប់​ឆ្នេរ​»​។​

​ការខូចខាត​សម្ភារ​រួមមាន ផ្ទះ​ខូវ​ខាត​ខ្លាំង​៤៣០ សណ្ឋាគារ​៩​ខូចខាត​និង​នាវា​ចំនួន​១០​ក៏​ខូចខាត​ផងដែរ​។​

​រំលឹកថា កាលពី​ខែកញ្ញា មនុស្ស​ជាង​២.៥០០​នាក់​ត្រូវបាន​សម្លាប់​ដោយ​រញ្ជួយ​ដី​និង​រលក​ស៊ូណាមិ ដែល​បាន​វាយប្រហារ​ក្រុង​ប៉ា​លូ​នៅលើ​កោះ​ស៊ូ​ឡា​វេ​ស៊ី របស់​ឥណ្ឌូ​​នេ​ស៊ី​៕​ដោយ​៖​វាសនា​