ចំនួន​មនុស្ស​ស្លាប់​ដោយ​ទឹកជំនន់​នៅ​ឥណ្ឌូនេស៊ី​កើន​ដល់​២៦​នាក់​

397
ចែករម្លែក

​មន្ត្រី​នៅ​ទីភ្នាក់ងារ​គ្រោះមហន្តរាយ​ម្នាក់​បាន​និយាយ​កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​ត៍ទី​២៤​មករា​ថា ចំនួន​មនុស្ស​ស្លាប់​ពី​ទឹកជំនន់​និង​ការបាក់​ដី​នៅ​ឥណ្ឌូនេស៊ី​បាន​ឡើងដល់​២៦​នាក់​​ខណៈ​ពួក​អ្នក​ជួយសង្គ្រោះ​បន្ត​ខិតខំ​រក​អ្នក​នៅ​បាត់​ខ្លួន​។​

​មនុស្ស​រាប់ពាន់នាក់​ត្រូវបាន​ជម្លៀស​ចេញពីផ្ទះ​សម្បែងរ​បស់​គេ ខណៈ​ការ​ធ្លាក់ភ្លៀង​និង​ខ្យល់​ខ្លាំង​វាយប្រហារ​ផ្នែក​ខាងត្បូង​នៃ​កោះ​ស៊ូ​ឡា​វេ​ស៊ី ដោយ​បណ្តាលអោយ​ទឹក​​ទន្លេ​ឡើង​ហៀរ​ច្រាំង​ហូរ​ចូល​សហគមន៍​នៅ​ស្រុក​ចំនួន​៩​។​

មនុស្ស​ជាង​៣.០០០​នាក់​ត្រូវបាន​ជម្លៀស​ចេញពី​តំបន់​ជន់​លិច​

​ស្យាម​ស៊ី​បា ប្រធាន​ទីភ្នាក់ងារ​កាត់​បន្ថយ​គ្រោះមហន្តរាយ​បាន​និយាយថា​«​គិត​មកទល់​ព្រឹក​នេះ មនុស្ស​២៦​នាក់​ត្រូវបាន​បញ្ជាក់ថា​ស្លាប់ និង​២៤​នាក់​កំពុង​បាត់​ខ្លួន​»​។​

​មនុស្ស​ជាង​៣.០០០​នាក់​ត្រូវបាន​ជម្លៀស និង​យ៉ាងហោចណាស់​៤៦​នាក់​បាន​ចូល​ព្យាបាល​នៅតាម​មន្ទីរពេទ្យ​និង​គ្លី​និ​ច​។​ទឹកជំនន់​ក៏បាន​បំផ្លាញ​ផ្ទះ អាគារ​រដ្ឋាភិបាល​​សាលារៀន​និង​ស្ពាន​។​

​ការបាក់​ដី​សង្កត់​និង​ទឹកជំនន់​កើតមាន​ជាធម្មតា​នៅ​ឥណ្ឌូនេស៊ី ជាពិសេស​ក្នុងអំឡុង​រដូវវស្សា រវាង​ខែតុលា​និង​មេសា​។​កាលពី​ខែតុលា ទឹកជំនន់​ភ្លាមៗ​និង​ការបាក់​ដី​បាន​​សម្លាប់​មនុស្ស​២២​នាក់​នៅ​កោះ​ស៊ូ​ម៉ា​ត្រា​៕​ដោយ​:​វាសនា​

#