ចំនួន​មនុស្ស​ស្លាប់​ដោយ​ខ្យល់ព្យុះ​នៅ​ប្រទេស​ជប៉ុន​កើន​ដល់​៣៥​នាក់​

294
ចែករម្លែក

​ក្រុម​មន្ត្រី​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​និយាយថា​ក្រុម​អ្នក​ជួយសង្គ្រោះ​រាប់ម៉ឺន​នាក់​បាន​ធ្វើ​ការសង្គ្រោះ​និង​ស្វែងរក​តាំងពីព្រឹក​ព្រលឹម​ថ្ងៃ​ចន្ទ​ទី​១៤​តុលា​ដើម្បី​ទៅដល់​​ប្រជាជន​ដែល​ជាប់​ខ្លួន​នៅ​តំបន់​រងគ្រោះ​ដោយ​ការបា​ក់ដី​និង​ទឹក​ជំនន់​នៅ​ប្រទេស​ជប៉ុន​ដែល​ត្រូវ​បាន​បង្កឡើង​ដោយ​ខ្យល់ព្យុះ​ដ៏​ខ្លាំង​ដែល​រហូត​ដល់​ពេល​នេះ​បានសម្លាប់​​មនុស្ស​៣៥ នាក់​និង​បង្ក​អោយ​បាត់​ខ្លួន​យ៉ាងតិចណាស់​១១​នាក់​។​

​ខ្យល់ព្រុះ​ហា​ហ្គី​ប៊ីស​( Hagibis )​នេះ​បាន​ធ្វើដំណើរ​រសាយ​ទៅ​ឆ្ងាយ​ចេញពី​ប្រទេស​ជប៉ុន កាលពី​ព្រឹក​ថ្ងៃអាទិត្យ​ប៉ុន្តែ ខណៈ​ដែល​វា​បាន​បក់បោក​កាត់​តំបន់​តូ​ក្យូ​និងបាន​​បង្ក​ការបំផ្លិចបំផ្លាញ​នៅ​តំបន់​ជុំវិញ​នៃ​ទីក្រុង​នេះ​។​

​អ្នក​ជួយ​សង្គ្រោះ​ជាង​១០០.០០០​នាក់ ដោយ​រួម​ទាំង​កងទ័ព​៣១.០០០ នាក់​បាន​ស្វែងរក​អ្នក​នៅ​រស់​តាម​គំនរ​កម្ទេចកម្ទី​បាក់បែក​ពេញ​មួយ​យប់​ថ្ងៃអាទិត្យ​ដល់​ថ្ងៃ​ចន្ទ​និង​​បាន​ព្យាយាម​ទៅ​ដល់​ប្រជាជន​ដែល​ជាប់​នៅ​តំបន់​រងគ្រោះ​បន្ទាប់ពី​ភ្លៀង​ធ្លាក់​ខ្លាំង​បាន​បណ្តាលឱ្យ​បាក់​ដី​និង​បង្ក​ទឹកជំនន់​ដែល​បាន​ធ្វើឱ្យ​ទឹកទន្លេ​ឡើង​ហូរហៀរ​ច្រាំង​។​

​ការបំផ្លិចបំផ្លាញ​ដោយ​ខ្យល់ព្យុះ​នេះ បាន​បង្ខំ​ការប្រកួត​កីឡា​បាល់ឱប​ពិភពលោក និង​កីឡា​មួយចំនួន​ទៀត​នៅ​ជប៉ុន​ត្រូវបាន​លុបចោល​។​

​ទឹកទន្លេ​បាន​ឡើង​ហូរហៀរ​ច្រាំងទន្លេ​នៅ​ទីតាំង​ជាច្រើន រួម​ទាំង​នៅ​ទីក្រុង​ណាហ្កា​ណូនៅ​ភាគកណ្តាល​នៃ​ប្រទេស​ជប៉ុន ដោយ​មាន​ការបាក់​ជញ្ជាំង​ទំនប់​ទឹក​ទន្លេ​មួយកន្លែង​ដោយ​​បណ្តា​អោយ​ទឹក​ហូរ​ចេញ​ពី​ទន្លេ​បង្ក​ការ​ជន់​លិច​សង្កាត់​ប្រជាជន​រស់នៅ​និង​ទឹក​ជន់​លិច​ផ្ទះ​រហូត​ដល់​ជាន់​ទី​២ ។​

​កងទ័ព​និង​ឧទ្ធម្ភាគចក្រ​សង្គ្រោះ បាន​ជួយ​សង្គ្រោះ​ពួក​អ្នក​នៅ​រស់​ពី​ដំបូលផ្ទះ នៅ​ទីតាំង​ជាច្រើន​ប៉ុន្តែ​នៅ​ទីក្រុង​ហ្វុយ​គូ​ស៊ីម៉ា​ស្ត្រី​ម្នាក់​បាន​ស្លាប់​បន្ទាប់ពី​ធ្លាក់​ពី​ខ្សែ​ឧបករណ៍​​សង្គ្រោះ​នៃ​ឧទ្ធម្ភាគចក្រ​សង្គ្រោះ​មួយ ក្នុងពេល​មាន​ការសង្គ្រោះ​នៅ​ទីក្រុង​នេះ​។​

​នៅ​កន្លែង​ផ្សេង​ទៀត​ក្រុម​អ្នក​ជួយ​សង្គ្រោះ​បាន​ធ្វើ​ប្រតិបត្តិការ​សង្គ្រោះ​ដោយ​ប្រើ​ទូក​ដើម្បី​ជម្លៀស​មនុស្ស​រាប់រយ​នាក់​ចេញពី​ផ្ទះ​របស់​ពួកគេ​ដែល​ត្រូវ​បាន​ទឹក​ជន់​លិច នៅ​ទីក្រុង ​កា​វ៉ា​ហ្គោ​អេ ភាគ​ពាយព្យ​នៃ​ទីក្រុង​តូ​ក្យូ​។​

ស្ពានបាក់ ផ្ទះត្រូវជន់លិច រថយន្តក្រឡាប់ផ្កាប់ផ្ងារដោយសារព្យុះ Hagibis

​ខ្យល់ព្យុះ​Hagibis នេះ បាន​បក់បោក​លើ​ប្រទេស​ជប៉ុន កាលពី​យប់​ថ្ងៃ​សៅរ៍​ដែល​ជា​ខ្យល់ព្យុះ​មួយ​ក្នុងចំណោម​ខ្យល់ព្យុះ​ដ៏​ខ្លាំង​បំផុត​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​​ដោយ​មាន​ល្បឿង​ខ្យល់​បកបោក​២១៦​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​៕​ដោយ​៖​សុខា​/sn

អ្នក​ជួយ​សង្គ្រោះ​ជាង​១០០.០០០​នាក់ ដោយ​រួម​ទាំង​កងទ័ព​៣១.០០០ នាក់​បាន​ស្វែងរក​និងជួយសង្រ្គោះអ្នក​នៅ​រស់​ពេញ​មួយ​យប់​ថ្ងៃអាទិត្យ​ដល់​ថ្ងៃ​ចន្ទ