ចំនួន​មនុស្ស​ស្លាប់​ដោយ​កូរ៉ូណា​វីរុស​ថ្មី​នៅ​ចិន​កើន​លើ​ ១.៧០០​នាក់​

347
ចែករម្លែក

​ចំនួន​មនុស្ស​ស្លាប់​ពី​កូរ៉ូណា​វីរុស​ថ្មី​នៅ​ចិន​បាន​កើន​ដល់​១.៧៦៥​នាក់​កាលពី​ថ្ងៃ​ចន្ទ​ទី​១៧​កុម្ភៈ នៅពេល​ខេត្ត​ហ៊ូ​ប៉ី ដែល​ជា​ប្រភព​នៃ​ការផ្ទុះ​ជំងឺឆ្លង​នេះ​បាន​រាយ​​ការណ៍​មនុស្ស​ស្លាប់​១០០​នាក់ និង​ឆ្លង​១.៩៣៣​នាក់​បន្ថែម​។​

​តួលេខ​នេះ​ធ្វើ​ឲ្យ​ចំនួន​មនុស្ស​ឆ្លង​វីរុស​Covid-19 នៅ​ទូទាំង​ប្រទេស​ចិន​កើន​ដល់​យ៉ាងតិច​​៧០.៤០០​នាក់​។​

​គណៈកម្មាធិការ​ខេត្ត​ហ៊ូ​ប៉ី បាន​និយាយថា ចំនួន​មនុស្ស​ឆ្លង​សរុប​នៅក្នុង​ខេត្ត​កើន​ដល់​៥៨.១៨២​នាក់ គិត​ត្រឹម​ថ្ងៃអាទិត្យ និង​១.៦៩៦​នាក់​បាន​ស្លាប់​។​

​សូមបញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ជិត​៩០​ភាគរយ​ស្ថិតនៅក្នុង​ក្រុង​វូ​ហាន នៃ​ខេត្ត​ហ៊ូ​ប៉ី ។​ទីក្រុង​នេះ​តំណាង​ឲ្យ​ការឆ្លង​៧១​ភាគរយ​និង​ការស្លាប់​៧៧​ភាគរយ​នៃ​ខេត្ត​​ហ៊ូ​ប៉ី​។​

​កាលពី​ថ្ងៃអាទិត្យ​ទី​១៦​កុម្ភៈ ខេត្ត​ហ៊ូ​ប៉ី បាន​ដាក់​ចេញ​វិធានការ​ថ្មី ដើម្បី​ព្យាយាម​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ ដោយ​បញ្ជា​ឲ្យ​ទីក្រុង​នានា​ក្នុង​ខេត្ត​បិទ​ខ្ទប់​​ចរាច​រណ៍ គឺ​ហាម​រថយន្ត​ឯកជន​ទាំងអស់​មិន​ឲ្យធ្វើ​ចរាច​រណ៍ និង​ប្រាប់​ទៅ​អ្នក​ភូមិ​និង​អ្នក​រស់នៅ​តាម​ទីក្រុង ​ទីប្រជុំជន​ឲ្យ​គ្រប់​គ្រង់​ចលនា​របស់​ប្រជា​​ជន​ឲ្យបាន​ម៉ឺងម៉ាត់​បំផុត​។​

​លិខិត​មួយ​របស់​រដ្ឋបាល​ខេត្ត បាន​និយាយថា​ រថយន្ត​ទាំងអស់​លើកលែង​តែ​រថយន្ត​ពេទ្យ រថយន្ត​ប៉ូលិស​និង​យានយន្ត​ដឹក​គ្រឿង​ផ្គត់ផ្គង់​ចាំបាច់ នឹង​ត្រូវ​ហាម​មិន​​ឲ្យ​បើកបរ​លើ​ដងផ្លូវ​។​

​បណ្តា​ក្រុមហ៊ុន​ក៏​មិន​ត្រូវបាន​អនុញ្ញាត​ឲ្យ​បន្ត​ការរកស៊ី ឬ​បើក​អាជីវកម្ម​ឡើងវិញ​ក្រោយ​ការ​សម្រាក​ចូលឆ្នាំថ្មី បើ​មិន​មាន​ការអនុញ្ញាត​ពី​អាជ្ញាធរ​ទេ ហើយ​​អ្នកស្រុក​ត្រូវតែ​ធ្វើការ​ត្រួតពិនិត្យ​សុខភាព និង​រឹតត្បិត​ក្នុងការ​ធ្វើ​ដំណើរ​ចេញ​ពី​សហគមន៍​របស់​ខ្លួន​។​

​វិធានការ​រឹតបន្តឹង​កាន់តែ​ខ្លាំង​នេះ ​បាន​កើត​ឡើង​តែ​៤​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់​ពី​អតីត​អភិបាលក្រុង​សៀង​ហៃ​ចូល​មក​កាន់​តំណែង​លេខា​បក្ស​ខេត្ត​ហ៊ី​ប៉ី ក្រោយ​ប​ណ្តេ​​ញ​លេខា​បក្ស​មុន​ចេញ​៕​ប្រែ​សម្រួល​៖​វាសនា​/Ha

ទីក្រុង​វូ​ហាន​នៃ​ខេត្ត​ហ៊ូ​ប៉ី ហាមឃាត់​យានយន្ត​ទាំងអស់​មិន​ឲ្យបើកបរ​លើ​ដងផ្លូវ​ចាប់តាំងពី​ថ្ងៃ​២៦​មករា បន្ទាប់​ពី​រដ្ឋាភិបាល​បញ្ជា​ឲ្យបិទ​ខ្ទ​ប់ទី​ក្រុងនេះ​​និង​ផ្អាក​គមនាគមន៍​សាធារណៈ​