ចំនួន​មនុស្ស​ស្លាប់​ពី​រញ្ជួយ​ដី​និង​ស៊ូ​ណា​មី​នៅ​ឥណ្ឌូនេស៊ី​កើន​ដល់​១.២០៣​នាក់​

3139
ចែករម្លែក

ចំនួនមនុស្សស្លាប់ពីរញ្ជួយដីនិងរលកសមុទ្រស៊ូណាមីនៅឥណ្ឌូនេស៊ីបានកើនដល់១.២០៣នាក់នៅពេលពួកអ្នក​ជួយសង្រ្គោះព្យាយាមសង្រ្គោះជីវិតមនុស្សបានរាប់សិបនាក់ដែលស្រែកអោយជួយចេញពីគំនរបាក់បែកនៃអាគារ។

រលកសមុទ្រកំពស់ដល់ទៅ៣ម៉ែត្របង្កឡើងដោយរញ្ជួយដីកំលាំង៧,៥រិច្ឆទ័រកាលពីថ្ងៃសុក្រសប្តាហ៍មុន បានវាយប្រហារទីក្រុងជាប់សមុទ្រប៉ាលូដោយបង្កការខូចខាតទូទៅកាលពីល្ងាចថ្ងៃសុក្រទៅ២៨កញ្ញា។តួលេខប្រមូលដោយប៉ូលិសជាតិ បានបង្ហាញថាមនុស្ស១.២០៣នាក់បានស្លាប់គិតត្រឹមថ្ងៃអាទិត្យទី៣០កញ្ញា តែទីភ្នាក់ងារគ្រោះមហន្តរាយជាតិដាក់តួលេខត្រឹមជាង៨០០នាក់ ទោះជាយ៉ាងណាអង្គភាពទាំងពីររំពឹងថា ចំនួនមនុស្សស្លាប់ពីគ្រោះធម្មជាតិនេះនឹងកើនឡើងដោយសារមនុស្សរាប់សិបនាក់ទៀតនៅបាត់ខ្លួនឬត្រូវគេគិតថាកំពុងជាប់ក្រោមអាគារបាក់។

ពួកអ្នកជួយសង្រ្គោះនៅតែរកឃើញអ្នកនៅមានជីវិតពីក្រោមអាគារបាក់បែក

ពួកមន្រ្តីរដ្ឋាភិបាលបាននិយាយថា ពួកអ្នកជួយសង្រ្គោះអាចឮសម្លេងស្រែកចេញពីអាគារបាក់ជាច្រើនកាលពីល្ងាចថ្ងៃសៅរិ៍ ខណៈពួកអ្នកជួយសង្រ្គោះខិតខំធ្វើការទាំងយប់ចូលដល់ថ្ងៃអាទិត្យដើម្បីស្វែងរកអ្នកនៅមានជីវិត។

អ្នកស្លាប់ភាគច្រើននៅទីក្រុងប៉ាលូ គឺត្រូវទឹកសមុទ្របក់យកទៅឬលង់ទឹកសមុទ្រក្រោយស៊ូណាមីវាយប្រហារបណ្តានិគមជនតាមឆ្នេរ។ចំនួនមនុស្សស្លាប់យ៉ាងច្រើននេះក៏បណ្តាមកពីមនុស្សរាប់រយនាក់បានទៅជួបជុំគ្នាចូលរួមបុណ្យលើឆ្នេរដើម្បីប្រារព្វខួបរបស់ក្រុងប៉ាលូនៅយប់ថ្ងៃសុក្រ ចំពេលរញ្ជួយដីនិងរលកសមុទ្រវាយប្រហារ។

ក្រោយរញ្ជួយដីនិងរលកសមុទ្របំផ្លាញក្រុងប៉ាលូ ការលួចយកទំនិញពីបណ្តាហាងនិងផ្សារដែលខូចខាតបានកើតមានជាទូទៅ ដោយពួកអ្នកចូលយកទំនិញមិនបារម្ភអំពីសុវត្ថិភាពឡើយទោះជាមានរញ្ជួយតិចៗកើតមានតាមក្រោយក្តី។ប្រជាជនក៏កំពុងវិលទៅកាន់ផ្ទះសម្បែងរបស់ពួកគេវិញ ដោយដើរកាត់គំនរបាក់បែកលិចទឹកនិង​រើស​យករបស់របរណាដែលអាចនៅប្រើបាន និងព្យាយាមសង្រ្គោះមនុស្សនិងសត្វដែលពួកគេបានជួប៕ដោយ៖វាសនា

សាច់ញាតិដើររកមើលសពបងប្អូននិងមនុស្សជាទីស្រឡាញ់របស់គេយកទៅធ្វើបុណ្យ ខណៈការបញ្ចុះសពរួមចាប់ផ្តើមក្រោយរញ្ជួយដី២ថ្ងៃ

ប្រធានាធិបតីឥណ្ឌូនេស៊ីចុះទៅដល់កន្លែងរងរញ្ចួយដីខ្លាំងនៅប៉ាលូ

ឡានម៉ូតូខូតខាតនៅរាយប៉ាយក្រោយរញ្ជួយដី