ចំនួន​សត្វ​ផ្សោត​ទន្លេមេគង្គ​ដែល​កំពុង​រងគ្រោះថ្នាក់​ជិត​ផុត​ពូជ​ ​បាន​កើន​ឡើងជា​លើកដំបូង​បំផុត​

1863
ចែករម្លែក
​សត្វ​ផ្សោត​ទន្លេមេគង្គ​(រូបថតWWFកម្ពុជា)

ដោយៈ​បញ្ញា​សាស្ត្រៈ​ភ្នំពេញៈ​ខាងលើនេះ​គឺ​ចំណងជើង​នៃ​សេចក្តីប្រកាស​ព័ត៌មាន​របស់​អង្គការ​មូលនិធិ​សកល​សម្រាប់​ការអភិរក្ស​ធនធានធម្មជាតិ​-​កម្ពុជា​ឬ​ហៅ​កាត់​ថា​WWF-CambodiaឬWWF ដែល​បាន​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី​២៣​ខែមេសា​ម្សិលមិញ​។​

WWF-​កម្ពុជា​បាន​បញ្ជាក់ថា​បន្ទាប់ពី​ការធ្លាក់ចុះ​យ៉ាងធ្ងន់ធ្ង​ន់​នៃ​ចំនួន​សត្វ​ផ្សោត​ទន្លេមេគង្គ​អស់​រយៈពេល​រាប់​ទសវត្សរ៍ លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​ដែល​ធ្វើឡើង​រួមគ្នា​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា និង​អង្គការ WWF-​កម្ពុជា ដែល​បានចេញ​ផ្សាយ​នៅថ្ងៃនេះ បាន​បង្ហាញថា ចំនួន​សត្វ​ផ្សោត​ទន្លេមេគង្គ​ដែល​កំពុង​ទទួលរង​គ្រោះ​ថ្នាក់​ជិត​ផុត​ពូជ បាន​កើនឡើង​ពី​៨០​ទៅ​៩២​ក្បាល​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ចុងក្រោយ​នេះហើយ​នេះ​ជា​កំណើន​ដំបូងបង្អស់​ក្នុង​កំណត់ត្រា​ស្រាវជ្រាវ​ចាប់តាំងពី​ជាង ២០ ឆ្នាំមុន​មកម្ល៉េះ​។​

សកម្មភាពអភិរក្សសត្វផ្សោតទន្លេមេគង្គ(រូបថតWWFកម្ពុជា)

​ការ​ល្បាត​ប្រកបដោយ​ប្រសិទ្ធិភាព​តាម​ទន្លេ​ដោយ​ក្រុម​ឆ្មាំ​ទន្លេ និង​ការ​រឹបអូស​មង​នេសាទ​ខុសច្បាប់​ដែល​ទាក់​ជាប់ និង​ធ្វើឱ្យ​សត្វ​ផ្សោត​លង់ទឹក​ស្លាប់​ដោយ​ចៃដន្យ ជា​ហេតុផល​ចម្បង​ក្នុងការ​ធ្វើឱ្យមាន​កំណើន​ជា​ប្រ​វិត្ត​សាស្ត្រ​នេះ​។ ក្នុងអំឡុងពេល​ជាង​ពីរ​ឆ្នាំមុន​មង​នេសាទ​ខុសច្បាប់​ប្រវែង​សរុប​៣៥៨​គីឡូម៉ែត្រ​ត្រូវបាន​ចាប់​រឹបអូស​ចេញពី​តំបន់​ជម្រក​ស្នូល​របស់​សត្វ​ផ្សោត​។​មង​នេសាទ​ខុស​ច្បាស់​ដែល​ត្រូវបាន​រឹបអូស​នេះ​មាន​ប្រវែង​ស្ទើ​តែ​ស្មើនឹង​ចំនួន​ទ្វេដង​នៃ​ប្រវែង​ខ្សែទឹក​ទន្លេ​ដែលជា​ជម្រក​របស់​សត្វ​ផ្សោត​រស់នៅ​។​

លោកសេងទៀក នាយកWWFកម្ពុជា

​លោក​សេង​ទៀក​នាយក​នៃ​អង្គការ​WWF​កម្ពុជា​បាន​អះអាង​នៅក្នុង​សេចក្តីប្រកាស​នេះ​ថា​“​បន្ទាប់ពី​ការព្យាយាម​អស់​រយៈពេល​រាប់​ឆ្នាំ​ជា​ចុងក្រោយ​យើង​អាច​ជឿ​បាន​ថាស​ត្វ​ផ្សោត​ដែលជា​សត្វ​និមិត្តរូប​ទាំងនេះ​អាច​ត្រូវបាន​ការពារ​ឱ្យ​ផុតពី​ការវិនាស​ផុត​ពូជ​បាន ដោយសារតែ​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​រវាង​រដ្ឋាភិបាល អង្គការ WWF វិស័យ​ទេសចរណ៍ និង​សហគមន៍​មូលដ្ឋាន​“ ។​លោក​បន្ថែមថា “​អ្នក​បើកទូក​ទេសចរណ៍ ជា​ធាតុ​ផ្សំ​សម្ងាត់​ក្នុង​រឿង​ជោគជ័យ​មួយ​នេះ ព្រោះ​ពួកគាត់​ធ្វើការ​យ៉ាង​ជិតស្និទ​ជាមួយ​កិច្ច​ការពង្រឹង​ច្បាប់ ក្នុងការ​រាយការណ៍​អំពី​ការនេសាទ​ខុសច្បាប់ និង​ជួយ​ក្នុងការ​រឹបអូស​យក​មង​នេសាទ​ខុសច្បាប់​។​”

​យោង​តាម​WWF​-កម្ពុជា​រំលឹកថា​ការសិក្សា​ស្រាវជ្រាវ​ជា​ផ្លូវការ​ដំបូងបង្អស់​ក្នុង​ឆ្នាំ​១៩៩៧​បានធ្វើការ​ប៉ាន់​ប្រមា​ណ​​ថា​មាន​ចំនួន​សត្វ​ផ្សោត​ទន្លេមេគង្គ​ប្រហែល​២០០​ក្បាល​ក្នុង​ទន្លេមេគង្គ​។​ចំនួន​នេះ​បាន​ធ្លាក់ចុះ​ជា​បន្តបន្ទាប់​ដោយសារ​ការជាប់​មង​និង​បាត់បង់​ជម្រក​រហូត​ធ្លាក់​មក​សល់​ត្រឹម​ចំនួន​៨០​ក្បាល​ក្នុង​ឆ្នាំ​២០១៥​។​ប៉ុន្តែ​ឥឡូវនេះ​ការធ្លាក់ចុះ​នេះ​ទំនងជា​មានការ​ប្រសើរ​ឡើងវិញ​។​

​ជាមួយនឹង​កំណើន​១០%​នៃ​សត្វ​ផ្សោត​ទន្លេមេគង្គ​ការសិក្សា​ស្រាវជ្រាវ​នេះ​ក៏បាន​ចង្អុលបង្ហាញ​អំពី​កត្តា​ដែល​ធានាឱ្យមាន​នូវ​ភាព​រស់រានមានជីវិត​រយៈពេល​វែង​របស់​ស​ត្វ​ផ្សោត​ដោយមាន​ភាពប្រសើរឡើង​នូវ​អត្រា​រស់រាន​មានជីវិត​របស់​សត្វ​ផ្សោត​ពេញវ័យ កំណើន​នៃ​ចំនួន​កូន​ផ្សោត និង​ការថយចុះ​នៃ​អត្រា​ស្លាប់​សរុប​។ សត្វ​ផ្សោត ២ ក្បាល បាន​ស្លាប់​ក្នុង​ឆ្នាំ​២០១៧ និង​ស្លាប់ ៩ ក្បាល ក្នុង​ឆ្នាំ​២០១៥ ខណៈដែល​មាន​សត្វ​ផ្សោត​កើត​ថ្មី​ចំនួន ៩ ក្បាល ធ្វើឱ្យ​ចំនួន​សត្វ​ផ្សោត​ដែល​កើត​ក្នុងអំឡុងពេល ៣ ឆ្នាំ​ចុងក្រោយ កើន​បាន​ចំនួន ៣២ ក្បាល​។​

​លោក​សេង​ទៀក​បន្ថែមថា​“​ផ្សោត​ទន្លេមេគង្គ​ជា​សូចនាករ​នៃ​សុខភាព​របស់​ទន្លេមេគង្គ​ហើយ​ការ​ស្តារឡើងវិញ​នូវ​ចំនួន​សត្វ​ផ្សោត​ជាស​ញ្ញា​ដ៏​មានសង្ឃឹម​មួយ​ចំពោះ​ទន្លេមេគង្គ​និង​ប្រជាពលរដ្ឋ​រាប់លាន​នាក់​ដែល​ពឹង​អាស្រ័យ​​​លើ​ទន្លេមេគង្គ​។ ពួកយើង​អបអរ​ចំពោះ​ព័ត៌មាន​ដ៏​ល្អ​នេះ ប៉ុន្តែ​ឥឡូវនេះ​មិនទាន់​ជា​ពេល​ដើម្បី​សប្បាយ​រីករាយ​នៅឡើយ​ទេ​។ ដរាបណា​ការគំរាមកំហែង​លើ​អាយុជីវិត​របស់​សត្វ​ផ្សោត​នៅតែមាន យើង​ត្រូវតែ​បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង​ទ្វេដង ក្នុងការ​ការពារ​សត្វ​ផ្សោត​សម្រាប់​ទាំង​អនាគត​របស់​វា​និង​សម្រាប់​ទាំង​ទន្លេ​និង​សហគមន៍​នានា​ដែល​រស់​នៅតាម​បណ្តោយ​ទន្លេ​។​

​ចំណែក​លោក អេង ជា​សាន ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​ប្រធាន​នាយកដ្ឋាន​ជលផល ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​បាន​និយាយ​“​សត្វ​ផ្សោត​ទន្លេមេគង្គ​ត្រូវបាន​ចាត់ទុកជា​រតន​សម្បត្តិ​ជាតិ​មានជីវិត​របស់​ប្រទេស​កម្ពុជា​ហើយ​លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​នេះ​ឆ្លុះបញ្ចាំង​ពី​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​របស់​ពួកយើង​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ក្នុង​ការការពារ​ប្រភេទ​សត្វ​មួយ​នេះ​។​ពួកយើង​នឹង​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង​អភិរក្ស​នេះ​ដើម្បី​ស្តារ​ចំនួន​សត្វ​ផ្សោត​ឡើងវិញ​ដោយ​លប់បំបាត់​រាល់​ការគំរាមកំហែង​នានា​ចំពោះ​ភាព​រស់រានមានជីវិត​របស់​សត្វ​ផ្សោត​។​“

​អង្គការ​WWF- កម្ពុជា បាន​រំលឹកថា​ការសិក្សា​ស្រាវជ្រាវ​ត្រូវបាន​ធ្វើឡើង​តាម​បណ្តោយ​ខ្សែទឹក​ទន្លេមេគង្គ​ចម្ងាយ ១៩០ គីឡូម៉ែត្រ ចាប់ពី​ទី​រួម​ខេត្តក្រចេះ នៃ​ប្រទេស​កម្ពុជា ទៅដល់​ល្បាក់ទឹក​ខោ​ន ព្រំប្រទល់​ប្រទេស​ឡាវ​។ ការសិក្សា​ស្រាវជ្រាវ​នេះ​ត្រូវបាន​ធ្វើឡើង​តាម​បណ្តោយ​ខ្សែទឹក​ទាំង​ទៅ​ទាំង​មក​ដោយមាន​ក្រុម​អ្នកស្រាវ​ជ្រាវ​ថតរូប​ស​ត្វ​ផ្សោត​យកមក​ប្រៀបធៀប​ដើម្បី​ពិនិត្យមើល​សញ្ញា​សម្គាល់​លើ​ខ្នង​និង​ព្រុយ​ខ្នង​របស់​វា​ទៅនឹង​ទិន្នន័យ​នៃ​សត្វ​ផ្សោត​ដែល​បានកំណត់​សម្គាល់​រួចហើយ​។​

​អង្គការ WWF-​កម្ពុជា បាន​បង្កើតឡើង​នៅក្នុង​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ ១៩៩៨ ដែលជា​ផ្នែក​មួយ​នៃ​អង្គការ WWF ក្នុង​មហា​តំបន់​ទន្លេមេគង្គ​។ បេសកកម្ម​របស់​អង្គការ WWF គឺ​ធានាឱ្យមាន​ការចូលរួម​គាំទ្រ​ពី​មនុស្ស​គ្រប់រូប​ដើម្បី​ធ្វើការ​អភិរក្ស​នូវ​ជីវចម្រុះ​ដ៏​សម្បូរបែប​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ អង្គការ WWF-​កម្ពុជា នឹង​ជំរុញ​ឱ្យមាន​ឱកាស​ថ្មីៗ​ជាច្រើន​ដែល​ផ្តល់​ផលប្រយោជន៍​ដល់​មនុស្ស និង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​កម្រិតជីវភាព​រប​ស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ព្រមទាំង​ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ តាមរយៈ​ការលើកទឹកចិត្ត​ឱ្យមាន​ការប្រើប្រាស់​ធនធាន​ធម្មជាតិ​ប្រកបដោយ​និរន្តរភាព​៕មន