ចំនួន​សិស្ស​ដួលសន្លប់​កើនឡើង​១៤​នាក់​គិត​ត្រឹម​ម៉ោង​៥​ថ្ងៃ​២៧​មករា​

89
ចែករម្លែក

ដោយៈ​សាត​ចាន់​បុត្រ​/​មណ្ឌលគិរី​៖​យ៉ាងហោចណាស់​មាន​សិស្ស​វិទ្យាល័យ​ចំនួន​១៤​នាក់​ក្នុង​ខេត្ត​មណ្ឌល​គី​រី​បាន​រង​ការដួលសន្លប់​ទៀតហើយ​ពេល​កំពុង​រៀន​ក្នុង​ថ្នាក់​កាលពី​រសៀល​ថ្ងៃទី​២៧​មករា​ឆ្នាំ​២០២០​នេះ​។​ហេតុការណ៍​បានកើត​ឡើង​នៅ​វិទ្យាល័យ ហ៊ុន សែន កែវ​សី មា ខេត្ត​មណ្ឌល​គី​រី ។​

​សូម​រំលឹកថា​នេះ​ជា​ករណី​ទី​២​ហើយ​នៃ​ការដួលសន្លប់​ដោយ​កាលពី​ថ្ងៃទី​២៣​សប្តាហ៍​មុន​ក៏មាន​ករណី​ដួលសន្លប់​នៅក្នុង​វិទ្យាល័យ​កែវ សីមា ដូចគ្នា​ដដែល​នេះ​ផងដែរ ដែល​ករណីនេះ នាំ​ឲ្យ​សិស្សស្រី​ចំនួន ១០ នាក់ បាន​រង​ការដួលសន្លប់ ។​ប្រភពព័ត៌មាន​បានបញ្ជាក់​ថា​សិស្ស​ដែល​រង​ការដួលសន្លប់​នោះ គឺជា​សិស្សស្រី​ទាំងអស់ ដែល​ក្នុងចំណោម​សិស្ស​ទាំង ១៤ នោះ មាន​៤ នាក់ ធ្លាប់បាន​ដួលសន្លប់ នៅ​ថ្ងៃទី​២៣ ម្តង​រួចមកហើយ ។

​ប្រភព​ដដែល​បាន​បន្តថា​ការសន្និដ្ឋាន​ជា​លើក​ទី​២​ពី​គ្រូពេទ្យ​និង​គ្រូបង្រៀន​បាន​បញ្ជាក់ថា​មូលហេតុ​ដែលនាំឱ្យ​សិស្ស​សន្លប់​នោះ​គឺ​ដោយសារ​អាកាសធាតុ​ក្តៅ​ខ្លាំង​និង​សុខភាព​ពួកគេ​ចុះខ្សោយ​។​សិស្សស្រី​ទាំង​១០​បាន​រង​នឹង​អាកា​រៈ​ស្ពឹក​ជើង​,​ថប់ដង្ហើម​ណែន​ដើមទ្រូង​និង​វិល​មុខមុន​ហេតុការណ៍​ដែល​ដួលសន្លប់​នោះ​។សិស្ស​ទាំង​១៤​នាក់​ត្រូវបាន​គេ​ប​ញ្ជួ​ន​យកទៅ​មន្ទីរពេទ្យ​និង​មិនមាន​អ្នកណាម្នាក់​រងគ្រោះ​ដល់​ជីវិត​នោះទេ​។

តាម​ការបញ្ជាក់​ពី​គ្រូបង្រៀន​អាកាសធាតុ​ដែល​ជាក់ស្តែង​នៅក្នុង​ទីតាំង​សាលា​ពេល​កំពុង​កើតហេតុ​នោះ​គឺមាន​រហូតដល់​៣៣​អង្សា​សេ​។​ក្រោយ​ករណី​ដួលសន្លប់​កាលពី​សប្តាហ៍​មុន​មក​សាលា​បាន​បំពាក់​បន្ថែម​នៅ​កង្ហា​២​បន្ថែមទៀត​ក្នុង​ថ្នាក់រៀន​ដោយ​មួយ​បន្ទប់​មាន​កង្ហា​ចំនួន​៤​។​

​តាម​ការបន្ថែម​ពី​គ្រូបង្រៀន​នៅ​វិទ្យាល័យ​នោះ​ទីតាំង​នៃ​អាគា​សាលា​នោះ​គឺ​ជុំជិត​ទៅដោយ​រណ្តៅ​ដីជី​ក​ដែល​នាំ​ឲ្យ​កង្វះ​នៅ​ខ្យល់​អុកស៊ីសែន​ចូលដល់​ក្នុង​ទីតាំង​សាលា​។​សូម​ជំរាប​ថា​នេះ​ជា​ករណី​ទី​២​ហើយ​រាប់​តាំងពីដើម​ខែមករា ឆ្នាំ​២០២០ មក ដែលមាន​ការដួលសន្លប់ នៅ​វិទ្យាល័យ​កែវ​សីមា​នេះ ដែលមាន​ចំនួន​ចាប់ពី​១០ នាក់ ឡើងទៅ​៕S/​