ប្រធានអង្គការសុខាភិបាលអ៊ីរ៉ង់បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកកាលពីថ្ងៃពុធទី៣មេសាថា ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ដ៏ធំដែលបានបង្កការជន់លិចនៅតំបន់ភាគច្រើននៅអ៊ីរ៉ង់អស់រយៈពេល១៥ថ្ងៃមកនេះ បានកើនឡើងដល់៦២នាក់។
លោក Ahmad Shojaee ប្រធានអង្គការសុខាភិបាលអ៊ីរ៉ង់ បាននិយាយថា ខេត្តFars ភាគខាងត្បូងនៃប្រទេសនេះបានទទួលរងគ្រោះខ្លាំងជាងគេ ដោយមានមនុស្ស២១នាក់បានស្លាប់។ នៅខេត្តLorestan ភាគខាងលិច មានមនុស្ស១៤នាក់បានស្លាប់ និង ខេត្តGolestan ភាគខាងជើងមានមនុស្ស៨នាក់ បានស្លាប់។
លោកបានបន្ថែមថា អ្នកស្លាប់ដែលទាក់ទងនឹងទឹកជំនន់នេះ ត្រូវបានរាយការណ៍នៅខេត្តចំនួន១១ក្នុងចំណោមខេត្តចំនួន៣១ នៅអ៊ីរ៉ង់។
សារព័ត៌មានISNA បាននិយាយថា ខណៈដែលសាកសពនៃជងរងគ្រោះទាំងនេះត្រូវបានបញ្ជូនទៅកន្លែងទុកសាកសពនោះ ក្រុមមន្ត្រីបាននិយាយថា ចំនួននេះអាចនឹងកើនឡើង។
ទឹកជំនន់បានជន់លិចយ៉ាងខ្លាំងនៅស្ទើរតែទូទាំងប្រទេសអ៊ីរ៉ង់ ចាប់តាំងពីខែមីនាមក ដែលបាននាំឱ្យមានចំនួនអ្នកស្លាប់ដោយសារទឹកជំនន់នេះ បានកើនឡើងដល់៦២នាក់។ផ្លូវនៅជនបទចំនួន២.១៩៩ខ្សែ និងស្ពានចំនួន៨៤ត្រូវបានបំផ្លាញដោយទឹកជំនន់ ៕ដោយ៖សុខា/sn/Ha
ទឹកជំនន់ បានជន់លិចយ៉ាងខ្លាំងនៅស្ទើរតែទូទាំងប្រទេសអ៊ីរ៉ង់ ចាប់តាំងពីខែមីនាមក