ចំនួន​អ្នក​ស្លាប់​ដោយ​ខ្យល់ព្យុះ​នៅ​ជប៉ុន​កើនឡើង​ដល់​៥៨​នាក់​

212
ចែករម្លែក

​ចំនួន​អ្នក​ស្លាប់​ដោយ​ខ្យល់ព្យុះ​ដ៏​អាក្រក់​បំផុត​ដែល​បាន​កើតឡើង​នៅ​ប្រទេស​ជប៉ុន​ក្នុង​រយៈពេល​ជាច្រើន​ទសវត្សរ៍​ចុងក្រោយ​នេះ បាន​កើនឡើង​ដល់​៥៨ នាក់​កាលពី​ថ្ងៃ​អង្គារ​​ទី​១៥​តុលា ខណៈ​ដែល​ក្រុម​អ្នក​ជួយ​សង្គ្រោះ​បាន​ដើររក​ពួក​អ្នក​បាត់​ខ្លួន​កាត់​ដីល្បាប់​ភក់​និង​គំនរ​បាក់បែក​ខណៈដែល​ផ្ទះ​រាប់ពាន់​ខ្នង​នៅតែ​គ្មាន​អគ្គិសនី​ឬ​ទឹក​ប្រើប្រាស់​។

​សារព័ត៌មាន​NHK​បាន​និយាយថា ខ្យល់ព្យុះ​នេះ​បាន​បោកបក់​ខ្លាំង​នៅ​តំបន់​ភាគ​កណ្តាល​និង​ភាគ​ខាងកើត​នៃ​ប្រទេស​ជប៉ុន ដោយ​មនុស្ស​១៥​នាក់​នៅ​បាត់​ខ្លួន​និង ២១១ នាក់​បាន​រងរបួស នៅ​ពេល​ជិត​៣​ថ្ងៃ​បន្ទាប់ពី​ខ្យល់ព្យុះ​ហា​ហ្គី​ប៊ីស​( Hagibis )​នេះ​បាន​បក់បោក​លើ​ប្រទេស​ជប៉ុន​។​

​គ្រួសារ​ចំនួន​១៣៨.០០០​គ្មាន​ទឹកស្អាត​ប្រើប្រាស់ ខណៈ​ដែល​២៤.០០០​គ្រួសារ​ខ្វះ​អគ្គិសនី​ប្រើប្រាស់​នៅ​តំបន់​ភាគ​ខាងជើង​ជាទី​ដែល​អាកាស​ធា​ត​ចាប់ផ្តើម​ត្រជាក់​។​

​ចំនួន​អ្នក​ស្លាប់​ច្រើន​បំផុត​គឺ​ទីក្រុង​ហ្វ៊ុយ​គូ​ស៊ីម៉ា ភាគ​ខាងជើង​នៃ​ទីក្រុង​តូ​ក្យូ​ជា​កន្លែង​ដែល​ជញ្ជាំង​ទប់​ទឹកទន្លេ បាន​បាក់​ចំនួន​១៤​កន្លែង​នៅ​តាម​បណ្តោយ​ទន្លេ​Abukuma ដែល​ហូរ​កាត់​តាម​ទីក្រុង​មួយចំនួន​នៅ​តំបន់​កសិកម្ម​នោះ​។​

​ប៉ូលិស និង​មន្ត្រី​ពន្លត់​អគ្គិភ័យ​រួម​ជាមួយ​កងទ័ព​រាប់ពាន់​នាក់ បាន​បន្ត​ស្វែងរក​មនុស្ស​ដែល​អាច​ត្រូវបាន​កាត់ផ្តាច់​ដោយ​ទឹកជំនន់​និង​បំណាក់​ដី​ដែល​បាន​បណ្តាល​មក​ពី​ខ្យល់​​ព្យុះ​នេះ តែ​គ្មាន​សង្ឃឹមថា អ្នក​បាត់​ខ្លួន​នឹង​ត្រូវបាន​រកឃើញ​នៅរស់​នោះ​ទេ​៕​ដោយ​៖​សុខា​/sn

ក្រោយ​ព្យុះ ការសម្អាត​និង​ជួសជុល​ជា​កិច្ចការ​អាទិភាព​