ចំនួន​អ្នក​ស្លាប់​ដោយ​បំណាក់​ដី​នៅ​ប្រទេស​កា​មេ​រូ​ន​កើនឡើង​ដល់​៤២​នាក់​

260
ចែករម្លែក

​ក្រុម​មន្ត្រី​និយាយ​ថា​ចំនួន​អ្នក​ស្លាប់​ដោយសារ​បំណាក់​ដី​នៅ​ភូមិ​មួយ​នៅ​ភាគ​ខាងលិច​នៃ​ប្រទេស​កា​មេ​រូ​ន បាន​កើនឡើង​ដល់​៤២​នាក់ ខណៈ​ដែល​ក្រុម​អាជ្ញាធរ​បាន​ជំរុញ​ ឱ្យ​ប្រជាជន​ចាក​ចេញពី​តំបន់​នោះ​ដើម្បី​ចៀសវាង​គ្រោះមហន្តរាយ​បន្ថែមទៀត​។​

​លោក​អាវ៉ា ហ្វុន​កា អូ​ហ្គូ​ស្ទី​ន អភិបាល​គ្រប់គ្រង​តំបន់​ភាគ​ខាងលិច​នៃ​ប្រទេស​នេះ បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​៣០​តុលា​ថា ស្ត្រី​មាន​ផ្ទៃពោះ​២​នាក់ ក្មេងប្រុស​ម្នាក់​និង​បុរស​២​នាក់ ត្រូវ​បាន​ជួយ​សង្គ្រោះ​នៅ​តំបន់​នោះ នៅក្បែរ​ទីក្រុង​បា​ហ្វូស​សាម ។​

​បំណាក់​ដី​នេះ​បាន​កើត​ឡើង​កាលពី​ថ្ងៃ​ចន្ទ​បន្ទាប់ពី​ភ្លៀង​ធ្លាក់​ខ្លាំង បាន​ជន់​លិច​តំបន់​នោះ​ហើយ​ប្រតិបត្តិការ​ជួយសង្គ្រោះ​ត្រូវ​ផ្អាក​មួយ​រយៈពេល​ខ្លី ដោយសារ​មាន​ភ្លៀង​​ធ្លាក់​ខ្លាំង​។​

​អភិបាល​នេះ បានបញ្ជាក់​ថា​ចំនួន​អ្នកស្លាប់​គឺ​រួម​ទាំង​កុមារ​និង​ស្ត្រី​មាន​ផ្ទៃពោះ​ច្រើន​នាក់​។​

​លោក​បាន​និយាយថា​ផ្ទះ​ជា​ច្រើន​ត្រូវបាន​សាងសង់​នៅលើ​ដី​មិន​មាន​សុវត្ថិភាព​ទោះបីជា​មាន​ការព្រមាន​ក៏ដោយ​៕​ដោយ​៖​សុខា​/sn

ក្រុម​អ្នក​សង្គ្រោះ​ធ្វើ​ប្រតិបត្តិការ​សង្គ្រោះ​នៅ​ភូមិ​រង​ការបា​ក់ដី​នៅ​ភាគ​ខាងលិច​នៃ​ប្រទេស​កា​មេ​រូ​ន