ប៉ូលិសបាននិយាយនៅថ្ងៃព្រហស្បតិ៍ទី១៤ ខែវិច្ឆិកាថាចំនួនអ្នកស្លាប់ដោយសារភ្លើងឆេះព្រៃ នៅប្រទេសអូស្ត្រាលីភាគខាងកើតបានកើនឡើងដល់៤នាក់បន្ទាប់ពីសាកសពបុរសម្នាក់ត្រូវបានរកឃើញនៅតំបន់ព្រៃភ្នំដែលមានភ្លើងឆេះសន្ធោសន្ធៅ។
ពួកអ្នកស្រុកបានរកឃើញសាកសពនេះនៅខាងក្រៅទីក្រុងឃេមស៊ី នៅរដ្ឋញូវ សោត វេលស៍ជាតំបន់មួយក្នុងចំណោមតំបន់ជាច្រើនដែលមានភ្លើងឆេះព្រៃនៅក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ។
មនុស្ស៣ នាក់ផ្សេងទៀតបានស្លាប់នៅក្នុងភ្លើងឆេះព្រៃនៅរដ្ឋញូវ សោត វេលស៍ដែលរងផលប៉ះពាល់ខ្លាំងបំផុតដោយភ្លើងឆេះព្រៃដែលបានកើតឡើងនៅតាមបណ្តោយឆ្នេរសមុទ្រ ភាគខាងកើត កាលពីចុងសប្តាហ៍មុន។
ផ្ទះរាប់រយខ្នងត្រូវបានខូចខាតឬបំផ្លាញហើយដីព្រៃជាងមួយលានហិកតាត្រូវបានភ្លើងឆេះបំផ្លាញ។
ស្ថានភាពអាក្រក់ត្រូវបានរំពឹងថានឹងកើតមានជាថ្មីទៀតនៅរដ្ឋគ្វីនលែននិងនៅរដ្ឋញូវ សោត វេលស៍នៅចុងសប្តាហ៍នៅពេលសីតុណ្ហភាពកើនឡើងនិងខ្យល់បក់ខ្លាំង។
ភ្លើងឆេះជាង ១០០កន្លែង កំពុងឆាបឆេះនៅថ្ងៃព្រហស្បតិ៍នេះប៉ុន្តែកម្រិតភ្លើងឆេះព្រៃបានថមថយចុះហើយពួកអ្នកស្រុកមួយចំនួនបានវិលត្រឡប់ទៅផ្ទះរបស់ពួកខ្លះនៅសល់ពីភ្លើងឆេះព្រៃ។
ភ្លើងឆេះព្រៃគឺជារឿងធម្មតានៅរដូវក្តៅនិងរាំងស្ងួតនៅអូស្ត្រាលីប៉ុន្តែ កម្រិតនៃភ្លើងឆេះព្រៃដ៏ខ្លាំងដែលបង្កឆេះរាលដាលនៅតំបភាគខាងត្បូងនៅនិទាឃរដូវនៅឆ្នាំនេះ បានធ្វើឱ្យមនុស្សជាច្រើនមានការភ្ញាក់ផ្អើល៕ដោយ៖សុខា/sn
ភ្លើងឆេះព្រៃនៅរដ្ឋញូវ សោត វេលស៍ ប្រទេសអូស្ត្រាលី កាលពីថ្ងៃពុធ