ចំនួន​អ្នក​ស្លាប់​ដោយ​ខ្យល់ព្យុះ​នៅ​ហ្វីលីពីន កើនឡើង​ដល់​២៨ នាក់​

162
ចែករម្លែក

​ចំនួន​អ្នក​ស្លាប់​ដោយ​ខ្យល់ព្យុះ​ផាន​ហ្វូន​(Phanfone) ដែល​បោកបក់​លើ​ប្រទេស​ហ្វីលីពីន​ក្នុងកំឡុងពេល​បុណ្យ​ណូអែល​បាន​កើនឡើង​ដល់​២៨​នាក់​គិត​ត្រឹម​ថ្ងៃ​​សុក្រ​ទី​២៧​ធ្នូ​។​

​ខ្យល់ព្យុះ​ដែល​បាន​បក់បោក​កាលពី​ថ្ងៃ​អង្គារ លើ​ប្រទេស​នេះ​បាន​បង្ក​ឱ្យ​មាន​ទឹកជំនន់​ខ្លាំង​និង​បំផ្លាញ​ផ្ទះសម្បែង​ជាច្រើន​នៅក្នុង​ខេត្ត​មួយចំនួន​។​

​មនុស្ស​ចំនួន​១២​នាក់ នៅ​បាត់​ខ្លួន​នៅឡើយ​។ នេះ​បើ​យោង​តាម​ក្រុមប្រឹក្សា​គ្រប់គ្រង​គ្រោះមហន្តរាយ​ជាតិ​ហ្វីលីពីន​។​

​ខ្យល់ព្យុះ​នេះ​បាន​នាំ​ឱ្យមាន​ការជម្លៀស​មនុស្ស​ជាង ៥៨.០០០ នាក់​និង​បាន​បណ្តាលឱ្យ​មនុស្ស​រាប់ពាន់​នាក់​ជាប់​ខ្លួន​នៅ​តំបន់​រងគ្រោះ​ក្នុង​រយៈពេល​នៃ​ថ្ងៃ​​ឈប់សម្រាក​។​

​ក្រុមមន្ត្រី​បាន​និយាយថា អ្នក​ស្លាប់​មួយ​ចំនួន​ក្នុងចំណោម​អ្នកស្លាប់​ទាំងនោះ ត្រូវ​បាន​ដើមឈើ​បាក់​សង្កត់​លើ​និង​អ្នក​ផ្សេង​ទៀត​បាន​ស្លាប់​ដោយ​ឆក់​ចរន្ត​​អគ្គិសនី ឬ​លង់ទឹក​។​

​ខ្យល់ព្យុះ​ផាន​ហ្វូន គឺជា​ព្យុះ​ទី​៧ ដែល​វាយប្រហារ​ហ្វីលីពីន​នៅ​ឆ្នាំ​នេះ​៕ដោយ៖សុខា/sn

ខ្យល់ព្យុះ ដែល​បាន​បក់បោក កាលពី​ថ្ងៃ​អង្គារ​លើ​ប្រទេស​ហ្វីលីពីន​បាន​បង្ក​បំផ្លាញ​ផ្ទះសម្បែង រំលំ​ដើមឈើ​និង​បង្គោល​ភ្លើង​ជា​ច្រើន