ចំនួន​អ្នក​ស្លាប់​ដោយ​កូរ៉ូណា​វីរុស កើនឡើង​ដល់​៨០​នាក់ ​និង​ឆ្លង​ជាង​២.៧០០​នាក់​

271
ចែករម្លែក

​ចិន​បង្កើន​ការ​រឹតត្បិត​ការធ្វើដំណើរ​និង​បាន​ពន្យារ​ថ្ងៃ​ឈប់សម្រាក​សាធារណៈ​ដើម្បី​ទប់ទល់​នឹង​ការ​រាតត្បាត​វីរុស​នៃ​ជំងឺ​ផ្លូវដង្ហើម​ដែល​បាន​សម្លាប់​មនុស្ស​៨០​នាក់​និង​ចម្លង​មនុស្ស​ជាង​ជាង ២.៧០០ នាក់​ ខណៈ​ប្រទេស​ជាច្រើន​បាន​ត្រៀម​ជម្លៀស​ពលរដ្ឋ​របស់​ពួកគេ​ចេញ​ពី​ទីក្រុង​មួយ​ដែល​ត្រូវបាន​ហាម​ធ្វើដំណើរ​​ចេញចូល​និង​ជា​ប្រភពដើម​នៃ​ការ​ផ្ទុះឡើង​នៃ​វីរុស​ថ្មី​នេះ​។​

សម្ទុះនិងទំហំនៃការឆ្លងកាន់តៃខ្លាំង ទោះជាគេគិតថាវាមិនសាហាវដូចវីរុសជំងឺសាក្តី

គណៈកម្មាធិការ​សុខភាព​ជាតិ​បាន​និយាយថា ការឆ្លង​៧៦៩​ករណី​ថ្មី​ត្រូវ​បាន​បញ្ជាក់​ក្នុង​រយៈពេល​២៤​ម៉ោង​មក​នេះ​ ដោយ​ធ្វើឲ្យ​អ្នក​ឆ្លង​វីរុស​នេះ​សរុប​ឡើង​​ដល់​២.៧៤៤​នាក់​។​

​រដ្ឋាភិបាល​ក៏​បាន​រាយការណ៍​អំពី​ការ​រក​ឃើញ​អ្នក​ផ្ទុក​វីរុស​នេះ​៥​ករណី​នៅ​ហុងកុង និង​២​នៅ​ម៉ា​កាវ​។​ក្រៅពីនេះ អ្នក​ផ្ទុក​វីរុស​នេះ​តិចតួច​ក៏​ត្រូវបាន​រកឃើញ​នៅ​ថៃ ​កោះ​តៃវ៉ាន់ ជប៉ុន ៤​រដ្ឋ​នៅ​អាម៉េរិក កូរ៉េខាងត្បូង វៀតណាម សិង្ហ​បុរី ម៉ាឡេស៊ី នេ​ប៉ាល់ បារាំង កាណាដា និង​អូស្ត្រាលី​។​

​ក្នុងពេល​ជាមួយគ្នា រដ្ឋ​មន្ត្រី​សុខាភិបាល​ចិន លោក ម៉ា ស៊ា​វ​វេ បាន​និយាយថា ការ​រឹតត្បិត​ការ​ធ្វើ​ដំណើរ​និង​វិធានការ​ផ្សេងៗ​ជួយ​កាត់បន្ថយល្បឿន​និង​ទំហំ​​នៃ​ការឆ្លង​រាលដាល​។​

​ប្រទេស​ចិន​បាន​បិទ​ការធ្វើដំណើរ​ចេញចូល​ខេត្ត​ហ៊ូ​បេ ដែល​រងគ្រោះ​ខ្លាំង​ពី​ការផ្ទុះ​វីរុស​ថ្មី​នេះ​។ នេះ​ជា​ប្រតិបត្តិការ​មិន​ធ្លាប់​មាន​ពីមុន​មក​ដែលប៉ះពាល់​ដល់​ការ​​រស់នៅ​របស់​មនុស្ស​រាប់​សិប​លាន​នាក់ ។​

​ក្រុម​មន្ត្រី​សុខាភិបាល​ចិន​បាន​និយាយ​នៅក្នុង​សន្និសីទកាសែត​មួយ​ថា​សមត្ថភាព​របស់​វីរុស​នេះ​ក្នុង​ការឆ្លង​រាលដាល ហាក់ដូចជា “​កាន់តែខ្លាំង​” ទោះបីជា​វា​​មិន​មាន​ឥទ្ធិពល​ដូច ជំងឺ​SARS (​ជំងឺ​ផ្លូវដង្ហើម​ស្រួចស្រាល់​) ដែល​បាន​ផ្ទុះឡើង​កាលពី​ឆ្នាំ​២០០៣​ក៏ដោយ​។​

​ដោយ​ករណី​ឆ្លង​កូរ៉ូណា​វីរុស​នេះ​ដំបូង​ត្រូវ​គេ​គិតថា​ចេញមក​ពី​ផ្សារ​លក់​គ្រឿង​សមុទ្រ​មួយ​នៅ​ក្រុង​វូ​ហាន ដែល​មាន​ទាំង​លក់​សត្វព្រៃ​ផង​ដែរ កាលពី​ថ្ងៃអាទិត្យ​ អាជ្ញាធរ​ចិន​ហាម​ជា​បណ្តោះអាសន្ន​ការលក់ដូរ​សត្វព្រៃ និង​អំពាវនាវ​កុំឲ្យ​សាធារណ​ជន​ស៊ី​សាច់​សត្វព្រៃ​៕​ប្រែ​សម្រួល​៖​សុខា​/​វាសនា​/Ha