ចំនួន​៣៧១​អង្គ​នាក់​បានទទួល​ការបណ្ដុះបណ្ដាល​ផ្នែក​កុំព្យូទ័រ​,​ភាសា​អង់គ្លេស​,​និង​អប់រំ​ព្រះធម៌​

199
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​សិស្សានុសិស្ស​ចំនួន​៣៧១​អង្គ​នាក់​ទាំង​ព្រះសង្ឃ​និង​សិស្សសាលា​ដែល​មកពី​បណ្ដា​ឃុំ​ផ្សេងៗ​ដាច់ស្រយាល​ក្នុងស្រុក​សង្គម​ថ្មី​ខេត្តព្រះវិហារ​។​បានទទួល​ការបង្ហាត់បង្រៀន​ចំណេះដឹង​ពី​ព្រះគ្រូ​បញ្ញា​សីល​ញាណ ព្រះនាម នាត​សុ​ផានិត​ព្រះចៅអធិការ​វត្ត​ប្រាសាទ​ព្រះ​ខ័​ណ្ឌ ហៅ​វត្ត​តា​សែង ស្ថិតនៅក្នុង​ឃុំ​រណៈសិរ្ស ស្រុក​សង្គម ថ្មី ខេត្តព្រះវិហារ​។​

​ការបង្ហាត់បង្រៀន​ដល់​សិស្សានុសិស្ស​និង​ព្រះសង្ឃ​មានការ​សហការ​គាំទ្រ​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន​ភូមិ​ឃុំ​ស្រុក​ថែមទាំង​សប្បុរសជន​ជិត​ឆ្ងាយ​ថែម​ទៀតផង​។​ព្រះចៅអធិការ នាត សុ​ផានិត ក៏បាន​មាន​សង្ឃដីកា​ថា​ដោយសារតែ​ក្នុងស្រុក​សង្គម​ថ្មី​នេះ​ស្ថិតនៅ​ឆ្ងាយ​ពី​ទី​រួម​ខេត្ត​ធ្វើឱ្យ​ប្អូនៗ​សិស្សានុសិស្ស​ទាំងអស់​ពិបាក​ក្នុងការ​ទៅ​សិក្សា​ភាសា​អង់គ្លេស​និង​កុំព្យូទ័រ​។​

​ហេតុនេះហើយ​ទើប​ព្រះអង្គ​បើក​ឱ្យមាន​ថ្នាក់​ភាសា​អង់គ្លេស​និង​ថ្នាក់​កុំព្យូទ័រ​នេះ​ឡើង​ដើម្បី​បង្ក​ការងាយស្រួល​ដល់​ប្អូនៗ​ទាំងអស់​។​ការបង្ហាត់បង្រៀន​ដល់​សិស្សានុសិស្ស​ទាំងអស់នេះ​គឺ​ដើម្បី​ចង់ឱ្យ​កូនៗ​ពុទ្ធបរិស័ទ​ទាំងអស់​មានចំណេះដឹង​មាន​ធនធាន​យកទៅ​បន្ត​វគ្គ​សិក្សា​បន្ថែម​ពីលើ​មុខវិជ្ជា​ដែល​បាន​រៀន​នៅ​សាលា​។​

​ព្រះចៅអធិការ​បន្ថែមថា​ការបណ្ដុះបណ្ដាល​នេះ​គឺ​ផ្តោត​សំខាន់​ទៅលើ​ជំនាញ​កុំព្យូទ័រ​ភាសា​អង់គ្លេស ដោយ​ឥតគិតថ្លៃ​និង​មានការ​អប់រំ​ព្រះធម៌​តាមបែប​ព្រះពុទ្ធសាសនា​។​ដើម្បីឱ្យ​មនុស្ស​ដឹងខុសដឹងត្រូវ​ក្នុង​ការរស់នៅ​ក្នុងសង្គម​។​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ក៏មាន​បង្ហាត់បង្រៀន​ហាត់​របាំ​និង​ភ្លេងពិណពាទ្យ​ផងដែរ​៕S/