ចំប៉ី​ខ្មៅ ក្លាយទៅជា​ចំប៉ី​ជាំខ្មៅ​!

537
ចែករម្លែក

កាលពី​យប់​ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ​២០១៩ ប៉ូលិស​ប៉ុស្តិ៍​សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ រាជធានី ភ្នំពេញ​បាន​ចាប់ខ្លួន​យុវជន​ម្នាក់ ដែលមាន​ឈ្មោះ​នៅលើ​អត្តសញ្ញាណប័ណ្ណ ឈ្មោះ យិន ហេង ដែល​ដាក់ឈ្មោះ​ក្នុង​ហ្វេ​ស​ប៊ុ​ក “​ចំប៉ី​ខ្មៅ​”​។ យុវជន​ភេទ​ទី​៣ ឬ​ខ្ទើយ​នេះ បាន​ជេរប្រមាថ ពូជសាសន៍​ខ្មែរ​យ៉ាង​អសីលធម៌ គ្រោក​គ្រា​ត​ខ្លាំងក្លា​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម ដែល​ពលរដ្ឋ​ខ្មែរ​គ្រប់រូប មិនអាច​ទទួលយកបាន​ឡើយ​។​
​ ​
បន្ទាប់ពី​ចាប់ខ្លួន​រួចមក ប៉ូលិស​ខណ្ឌដូនពេញ នៅ​រសៀល​ថ្ងៃទី​៦ ខែកុម្ភៈ បាន​បញ្ជូន​យុវជន យិន ហេង ទៅ​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​។ នៅ​តុលាការ តំណាង​អយ្យការ​បានសម្រេច បើក​ការ​ស៊ើបសួរ ដោយ​ចោទប្រកាន់​លើ​ឈ្មោះ យិន ហេង ហៅ ចំប៉ី​ខ្មៅ ពីបទ​ញុះញង់​អោយ មានការ​រើសអើង តាម​មាត្រា ៤៩៤ និង​មាត្រា ៤៩៦ នៃ​ក្រមព្រហ្មទណ្ឌ​ហើយ​បញ្ជូនទៅ​ចៅក្រម ស៊ើបសួរ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​។​
​ ​
មាត្រា ៤៩៤ នៃ​ក្រមព្រហ្មទណ្ឌ បានកំណត់​ពី​លក្ខខណ្ឌ​អត្ថិភាព​នៃ​ការ​ញុះញង់ បាន​ចែងថា “​ដើម្បី​អនុវត្ត​ផ្នែក​នេះ ការ​ញុះញង់​អាច​ត្រូវ​ផ្តន្ទាទោស កាលបើ​អំពើ​នេះ ត្រូវបាន​ប្រព្រឹត្ត​៖ ១-​ដោយ​សំដី​តាម​ប្រភេទ​ណាក៏ដោយ ដែល​ប្រកាស​នៅក្នុង​ទីកន្លែង​សាធារណៈ ឬ​នៅក្នុងពេល​ប្រជុំ ជា​សាធារណៈ​។ ២-​ដោយ​សំណេរ ឬ​គំនូរ តាម​ប្រភេទ​ណាក៏ដោយ ដែល​ត្រូវ​ផ្សព្វផ្សាយ នៅក្នុង​ចំណោម​សាធារណជន ឬ​តាំង​ឲ្យ​សាធារណជន​មើល​។ ៣-​ដោយ​គ្រប់​មធ្យោបាយ ទូរគមនាគមន៍​សោតទស្សន៍ សម្រាប់​សាធារណជន​”​។​
​ ​
​ដោយឡែក មាត្រា ៤៩៦ កំណត់​ពី បទ​ញុះញង់​ឲ្យ​មានការ​រើសអើង បាន​ចែងថា “​អំពើ​ញុះញង់ ដោយផ្ទាល់​តាម​មធ្យោបាយ​ណាមួយ ដែល​មានចែង​ក្នុង​មាត្រា ៤៩៤ ( លក្ខខណ្ឌ​អ​តិ្ថ​ភាព នៃ​ការ​ញុះញង់ ) នៃ​ក្រម​នេះ ឲ្យ​ប្រព្រឹត្ត​ការរើសអើង ការគុំកួន ឬ​ហិង្សា ចំពោះ​បុគ្គល​ណា​ម្នាក់ ឬ​ក្រុម​ណាមួយ ដោយ​មូលហេតុ​បុគ្គល​នេះ ជា​សមាជិក ឬ​មិនមែនជា​សមាជិក​នៃ​ជាតិ​ព​ន្ទុ ក្រុម​ជាតិ ពូជសាសន៍ ឬ​នៃ​សាសនា​ណាមួយ​ជា​កំណត់​នោះ ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី ១ (​មួយ​) ឆ្នាំ ទៅ ៣ ( បី ) ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ២​លាន​រៀល ទៅ ៦​លាន​រៀល ប្រសិនបើ​ការ​ញុះញង់​នេះ គ្មាន​ប្រសិទ្ធភាព​ទេ​”​។​
​ ​
បន្ទាប់ពី​ហេតុការណ៍​យុវជន​ខ្ទើយ​បង្ហោះ​វិ​ដេ​អូ​ជេរប្រមាថ​ពូជសាសន៍​ខ្មែរ ដោយសារតែ​ខឹង​នឹង យុវជន​បីនាក់ បាន​ខោក​ក្បាល​រូបគេ នៅពេល​ជិះ​ម៉ូតូ ក៏ត្រូវ​បាន​មហាជន​ខ្មែរ​ទូទាំង​នគរ បាន​ផ្ទុះ​កំហឹង សម្តែង​ការមិន​ពេញចិត្ត បង្ហាញ​ការឈឺចាប់ តាម​ហ្វេ​ស​ប៊ុ​ក​យ៉ាង​ព្រោងព្រាត​។​
​ ​
ក៏ប៉ុន្តែ​ពិតជា​ស្មារតី​សាម​គី្គ​ជាតិ ដោយ​សេចក្តីថ្លៃថ្នូរ ព្រោះថា ខ្មែរ​យើង​ទោះបី​ជាមាន​កំហឹង​នឹង យុវជន​ខ្ទើយ​នោះ​ខ្លាំង​ក្លាយ​ក៏ដោយ ក៏​ខ្មែរ​យើង​មិនបាន​ប្រើ​អំពើហិង្សា​នាំ​ដល់​ការបង្ក​របួសស្នាម និង​ផ្តាច់ជីវិត​យុវជន​ខ្ទើយ ឬក៏​បង្ក​អំពើហិង្សា រហូត​កើតជា​កុបកម្ម​អ្វី​កើតឡើង​នោះទេ​។​
​ ​
រីឯ​កងកម្លាំង​អាជ្ញាធរ​សមត្ថកិច្ច​យើង​ទៀតសោត ក៏បាន​បង្ហាញ​ពី​សមត្ថភាព​ជាទី​គាប់ចិត្ត របស់​មហាជន ដោយ​ស្វែងរក​ចាប់ខ្លួន​យុវជន យិន ហេង ដែល​ជេរប្រមាថ​កប់ៗ​មាត់​លើ ពូជសាសន៍​ខ្មែរ ដោយ​ចំណាយពេល​មិន​ដល់ ១២​ម៉ោង​ផង គឺ​ស្វែងរក​ចាប់ខ្លួន​ជនល្មើស​បាន​។ ក្រៅពី​ចាប់ខ្លួន​ហើយ ក៏បាន​នាំខ្លួន​ជនសង្ស័យ​នោះ ទៅកាន់​តុលាការ​ដោយ​សុវត្ថិភាព​ថែម ទៀតផង​។​

​ដោយឡែក យុវជន​ម្នាក់ ដែល​អះអាង ជា​អ្នកបង្ក​ហិង្សា ដោយ​ខោក​ក្បាល​យុវជន​ខ្ទើយ​នោះ ក៏បាន​ដើរចូល​ប៉ុស្តិ៍​ប៉ូលិស សារភាព​នូវ​ទង្វើ​រប​ស់​ខ្លួន នៅ​ល្ងាច​ថ្ងៃទី​៦ ខែកុម្ភៈ ផងដែរ​។​

​យ៉ាងណាក៏ដោយ ករណី​កក្រើក​ហ្វេ​ស​ប៊ុ​ក​នេះ គឺ​បង្កឡើង​ដោយ​យុវជន យិន ហេង ហៅ ចំប៉ី​ខ្មៅ គឺ​បង្កឡើង​ដោយ​ខ្លួនឯង ពោលគឺ​ខ្លួន​ខឹង​នឹង​យុវជន​បីនាក់ ដែល​ខ្លួន​អះអាងថា បាន​ជិះ​ម៉ូតូ​មក​ខោក ក្បាល​ខ្លួន ហើយ​ពេល​ខ្លួន​ខឹង ក៏បង្ក​រឿង​តូច​នោះ ឲ្យ​ក្លាយជា​រឿង​ធំ តាមរយៈ​ការជេរប្រមាថ មិនមែន​ត្រឹមតែ​ជេរ​យុវជន​បីនាក់​នោះទេ បែរជា​យុវជន យិន ហេង ជេរប្រមាថ​ពូជសាសន៍​ខ្មែរ ទាំងអស់ ហើយ​ប្រើពាក្យ​ប្រមាថ​ធ្ងន់ធ្ងរ ដែល​មិនអាច​អត់អោន​បានឡើយ​។​

​ដូច្នេះ​ការប្រើ​ហ្វេ​ស​ប៊ុ​ករ​បស់​យុវជន យិន​ហេង ដែល​ដាក់ឈ្មោះថា ចំប៉ី​ខ្មៅ នេះ បាន​បង្ក​ឲ្យ វ័ណ្ឌក​ខ្លួនឯង និង​ក្លាយជា​បទល្មើស ដោយសារតែ​មាត់ឥតគម្រប និង​ជេរប្រមាថ​ធ្ងន់ធ្ងរ​លើ ពូជសាសន៍​ខ្មែរ​ទាំងមូល​តែម្តង​។ មានតែ​ច្បាប់​ទេ​ទើប​អាច​ដោះស្រាយ និង​សម្រេច​លើ​ករណី របស់​យុវជន យិន ហេង​។ នេះ​ក៏​ជា​មេរៀន​ថ្មី​មួយទៀត សម្រាប់​យុវជន​យើង​ពិសេស​អ្នកលេង ហ្វេ​ស​ប៊ុ​ក​។ ពេលនេះ តិច​ឬ​ច្រើន​“​ចំប៉ី​ខ្មៅ បានក្លាយ​ទៅជា​ចំប៉ី​ជាំខ្មៅ​” ហើយ​៕ ដោយ​: ម៉េង​ឆៃ​

#