ចំ​ពេល​ទីក្រុង​ខ្ទេចខ្ទាំ​ដោយ​បាតុកម្ម​ប្រឆាំង មេដឹកនាំ​ហុងកុង​មក​ថៃ​ដើម្បី​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ​

492
ចែករម្លែក

​មេដឹកនាំ​ហុងកុង លោកស្រី ការី ឡាំ កាលពី​ថ្ងៃ​សុក្រ​ទី​២៩​វិច្ឆកា បាន​សម្តែង​ជំនឿ​ថា ទីក្រុង​របស់​លោក​ស្រី​នឹង​វិល​ចេញពី​ការលំបាក​បច្ចុប្បន្ន​របស់​ខ្លួន​មក​រក​ភាព​ធម្មតា​និង​រើប​រើ​ឡើងវិញ​។​

​លោកស្រី​បាន​និយាយ​នៅ​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​វិមាន​រដ្ឋាភិបាល​ថៃ​ថា​«​ទោះជា​ចលាចល​សង្គម ខ្ញុំ​សូម​ធានា​មិត្ត​ថៃ​ថា មូលដ្ឋានគ្រិះ​ហុងកុង រួមមាន​កម្លាំង​ខុសពី​គេ​​របស់​យើង​នៅក្រោម​ប្រព័ន្ធ​”​ប្រទេស​មួយ ប្រព័ន្ធ​ពីរ​” នីតិរដ្ឋ​របស់​យើង​និង​ប្រព័ន្ធ​យុត្តិធម៌​ឯករាជ្យ​របស់​យើង​នៅតែ​រឹងមាំ​»​។​

​លោកស្រី​បាន​បន្ថែមថា​«​ខ្ញុំ​និង​រដ្ឋាភិបាល​របស់​ខ្ញុំ​ស្តាប់​ប្រជាជន​របស់​យើង ជាមួយនឹង​ទស្សនៈ​ដោះស្រាយ​បញ្ហា​ចាក់​ឬ​ស​ជ្រៅ​ខ្លះ​នៅ​ហុងកុង​តាមរយៈ​ការចរចា​គ្នា​។​ខ្ញុំ​មាន​ជំ​​នឿថា ហុងកុង​អាច​រើប​រើ​ឡើងវិញ ដូចដែល​យើង​តែងតែ​ធ្វើ​»​។​

នាយក​ប្រតិបត្តិ​ហុងកុង លោកស្រី ការី ឡាំ និង​ឧបនាយករដ្ឋមន្ត្រី​ថៃ សំ​គិត ចា​ទូ​ស្រ៊ី​ពី​តាក់ ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​នៅ​វិមាន​រដ្ឋាភិបាល​នៅ​​ក្រុង​បាងកក​កាលពី​ថ្ងៃ​២៩​វិច្ឆិកា​

​លោកស្រី​ឡាំ បាន​ស្ថិតនៅក្នុង​បេសកកម្ម​មួយ​ថ្ងៃ​នៅ​ថៃ​ដើម្បី​ទាក់ទាញ​វិនិយោគិន​និង​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​ជាមួយ​ថៃ​។​លោកស្រី បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​​យោគយល់​គ្នា​មួយចំនួន​ជាមួយ​ឧបនាយក​រដ្ឋមន្ត្រី​ថៃ កាលពី​ព្រឹក​ថ្ងៃ​សុក្រ​ស្តីពី​ពាណិជ្ជកម្ម​ទ្វេភាគី​ដោយ​ផ្តោត​លើ​នវានុវត្តន៍ ច្នៃប្រឌិត​ភាព ហិរញ្ញវត្ថុ ការអភិវឌ្ឍ​ធនធាន​ម​នុ​​ស្ស​និង​ការចាប់ផ្តើម​ជំនួញ​ធុន​តូច​។​

​ភាគី​ទាំងពីរ​ក៏​បាន​ពិភាក្សា​អំពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ថៃ​-​ហុងកុង​នៅពេល​កិច្ចព្រមព្រៀង​បែប​នេះ​រវាង​អាស៊ាន​និង​ហុង​បាន​ចូល​ជា​ធរមាន​កាលពី​ថ្ងៃ​១១ មិថុនា​។​

​សូមបញ្ជាក់​ថា អាស៊ាន​ជា​ដៃគូ​ធំ​បំផុត​ទី​២​របស់​ហុងកុង បើ​និយាយ​ពី​ពាណិជ្ជកម្ម​ទំនិញ តែ​នៅ​ចំណា​ត់ទី​៤​ខាង​សេវា​។​ហិងកុង​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​ទី​៩​របស់​ថៃ ជាមួយនឹង​​ទំហំ​ពាណិជ្ជកម្ម​១៥,៤៧​ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំមុន​។​

​សេដ្ឋកិច្ច​ហុងកុង​បាន​កើន​ក្នុង​ល្បឿន​ស្ពឹក​មួយ​គឺ ០,៥​ភាគរយ​នៅ​ឆមាស​ទី​១​នៃ​ឆ្នាំ​២០១៩ តែ​បាន​ដើរ​ថយក្រោយ​នៅ​ឆមាស​ចុង​ទី​២ ដោយ​កំណើន​អវិជ្ជមាន​ដល់​ទៅ​២,៩​ភាគ​​រយ​ដោយសារតែ​ការតវ៉ា​ប្រឆាំង​អូសបន្លាយ​ពេល​និង​សង្គ្រាម​ពាណិជ្ជកម្ម​ចិន​-​អាម៉េរិក​៕​ដោយ​៖​វាសនា​