ច្បាប់ពាណិជ្ជកម្ម​អន​ឡាញ នឹង​ជួយ​ការពារ​ប្រយោជន៍​ដល់ អ្នកលក់​និង​អ្នកទិញ ក្នុង​វិស័យ​ជួញដូរ​តាម​អន​ឡាញ​

500
ចែករម្លែក

​ដោយ​: សុផល / ភ្នំពេញ​: ខណៈ​ការធ្វើ​ពាណិជ្ជកម្ម​តាម​អន​ឡាញ នៅក្នុង​ប្រទេស​កម្ពុជា​កំពុង​ផុលផុស ហើយ​ប្រឈម​នឹង​ឧបសគ្គ​បញ្ហា​មួយចំនួន​នោះ ច្បាប់ពាណិជ្ជកម្ម​អន​ឡាញ​នៅ​កម្ពុជា ជិត​ចេញ​ជា​រូបរាង​ហើយ​ដែល​វា​នឹង​ជួយ​ការពារ​ប្រយោជន៍​ដល់ អ្នកលក់​និង​អ្នកទិញ​ក្នុង​វិស័យ​អន​ឡាញ​នេះ មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងពាណិជ្ជកម្ម​បាន​អះ​អា​ថា ច្បាប់ពាណិជ្ជកម្ម​អន​ឡាញ (E-Commerce) សម្រាប់​ប្រទេស​កម្ពុជា នឹង​ចេញ​ជា​រូបរាង​នៅក្នុង​អំឡុង​ឆ្នាំ ២០១៩​នេះ ខណៈ​បច្ចុប្បន្ន​គណៈរដ្ឋមន្ត្រី​កំពុង​ពិនិត្យ​លើ​សំណុំ​ឯកសារ​មួយចំនួន ដែល​ក្រសួងពាណិជ្ជកម្ម​បានដាក់​ជូនទៅ​គណៈរដ្ឋមន្ត្រី​។ បើសិនជា​ច្បាប់​នេះ​ចេញ​ជា​រូបរាង វា​នឹង​ជួយ​ការពារ​ប្រយោជន៍​ដល់ អ្នកលក់​និង​អ្នកទិញ​ក្នុង​វិស័យ​អន​ឡាញ​នេះ​។

សិក្ខាសាលា​ថ្នាក់ជាតិ​មួយ​ស្ដីពី ការអភិវឌ្ឍន៍​ពាណិជ្ជកម្ម​នៅ​តំបន់​ជនបទ​ក្នុងប្រទេស​កម្ពុជា កាលពី​ថ្ងៃទី​១០ មករា ឆ្នាំ ២០១៩ នៅ​សណ្ឋាគារ​សាន់វ៉េ រាជធានី​ភ្នំពេញ​(​រូប សុផល​)

​ថ្លែង​នៅក្នុង​សិក្ខាសាលា​ថ្នាក់ជាតិ​មួយ​ស្ដីពី ការអភិវឌ្ឍន៍​ពាណិជ្ជកម្ម​នៅ​តំបន់​ជនបទ​ក្នុងប្រទេស​កម្ពុជា កាលពី​ថ្ងៃទី​១០ មករា ឆ្នាំ ២០១៩ នៅ​សណ្ឋាគារ​សាន់វេ រាជធានី​ភ្នំពេញ លោក ថៅ សុខ​មុនី អនុរដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​បាន​មានប្រសាសន៍ថា​៖ ច្បាប់ពាណិជ្ជកម្ម​អន​ឡាញ ដែល​ក្រសួងពាណិជ្ជកម្ម បានរៀបចំ​ចងក្រង​ឡើង អស់​រយៈពេល​ជា​យូរ​ឆ្នាំ​មកហើយៗ​ពេលនេះ​វា​កំពុងស្ថិត​នៅក្នុង​ដំណាក់កាល​ពិនិត្យ​កម្រិត​ជំនាញ នៅ​គណៈរដ្ឋមន្ត្រី ។

​លោក​បាន​បន្តថា​៖​ពេលនេះ ក្រសួងពាណិជ្ជកម្ម​កំពុងតែ​ជំរុញ និង​ព​ន្លឿ​ន​ច្បាប់​នេះ​ឱ្យចេញ​រូបរាង​ឆាប់ៗ ដើម្បី​ការពារ​ប្រយោជន៍​ដល់​អ្នកលក់ និង​អ្នកទិញ​ទាំង​អស់ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក ។

​លោក​អនុរដ្ឋលេខាធិការ បាន​លើកឡើងថា​«​ការធ្វើ​ពាណិជ្ជកម្ម​អន​ឡាញ​មាន​សារៈសំខាន់​ណាស់ សម្រាប់​ការពង្រីក​សក្ដានុពល​ទំនិញ​និង​ផលិតផល ជាក់ស្ដែង​នៅ​ប្រទេស​ចិន ការធ្វើ​ពាណិជ្ជកម្ម​តាម​អន​ឡាញ​នេះ គេ​អាច​លក់បាន​រាប់ពាន់​លាន​ដុល្លារ​អាមេរិក ក្នុង​មួយថ្ងៃ ដោយ​មិនចាំបាច់​ទៅ​ជួប​អ្នកទិញ​ឡើយ ដោយ​អ្នកទិញ​គ្រាន់តែ​ផ្ញើ​ប្រាក់​អ្នកលក់​និង​ផ្ញើ​ទំនិញ​មកកាន់​អ្នកទិញ​វិញ​។ កត្តា​ទាំងនេះហើយ ដែល​ធ្វើអោយ​ក្រសួងពាណិជ្ជកម្ម​ដែលជា​សេនាធិការ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា​ជំរុញ​អោយ​ការធ្វើ​ពាណិជ្ជកម្ម​តាមបែប​នេះ កាន់តែ​ទូលាយ​នៅ​កម្ពុជា ព្រោះ​វា​ចំណេញ​ច្រើន​ទាំង​អ្នកទិញ និង​អ្នកលក់​» ។

​លោក​បាន​គូស​បញ្ជក់​ថា​៖«​នៅពេលដែល​ច្បាប់​នេះ​ចេញ​ជា​ផ្លូវការ នោះ​អ្នក​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ ទាំង​អ្នកលក់​និង​អ្នកទិញ នឹងត្រូវ​កាត់បន្ថយ​កាន់តែច្រើន ហើយ​អ្នកស្វែងរក​ទំនិញ​នៅតាម​អន​ឡាញ​ក៏​កាន់តែ​យល់​ដឹងថា​វែបសាយ​មួយណា​មាន​ស្របច្បាប់ មួយណា​មិន​ស្របច្បាប់ ហើយ​ទីបំផុត អ្នក​ដែល​រកស៊ី​គ្មាន​ច្បាប់​ទំលាប់​នឹង​រត់ទៅរក​ច្បាប់​ដោយ​ខ្លួនឯង » ។

​លោក​បាន​បន្ថែមថា ដោយសារតែ​ការធ្វើ​ពាណិជ្ជកម្ម​បែបនេះ​ទើបតែ​ចាប់ផ្ដើម បញ្ហា​ប្រឈម​នោះ​គឺ​ពលរដ្ឋ​មួយចំនួនធំ មិនទាន់​យល់ដឹង​ច្បាស់​ពី​ការប្រើប្រាស់​អ៊ី​ន​ធើ​ណិ​ត ហើយ​ការប្រើប្រាស់​អ៊ី​ន​ធើ​ណិ​ត​មួយចំនួន ក៏​ដើម្បី​តែ​ការសប្បាយ​កម្សាន្ត​ប៉ុណ្ណោះ មិនទាន់មាន​ការយល់​ដឹង​ពី​ការ​ប្រាស់​ប្រាស់ ដើម្បី​ប្រយោជន៍​នោះទេ ដូចនេះ​ទាមទារ​អោយមាន​ការចុះ​ទៅដល់​ស​ហគ​មន៍​ជនបទ ដើម្បី​ពន្យល់​ពី​ការប្រើប្រាស់​អន​ឡាញ​ដើម្បី​លក់ទំនិញ​ដែល​ខ្លួន​ផលិត​បាន​វិញ​ជាពិសេស​ផលិតផល​កសិផល​រប​ស់​ប្រជាកសិករ នៅតាម​តំបន់​ជនបទ​។

​លោក​បានឱ្យដឹងថា កន្លងមក សម្រាប់​កសិផល​របស់​កម្ពុជា មិនទាន់មាន​ទីផ្សារ​ទូ​លំ​ទូលាយ​នៅឡើយ​ទេ ប៉ុន្តែ​លោក​ជឿជាក់ថា ក្រោយពេល​វិស័យ E-Commerce ត្រូវបាន​សាយភាយ​នៅក្នុង​ប្រទេស​កម្ពុជា វា​នឹង​ចាប់ផ្ដើម​មាន​ទីផ្សារ​ទូលាយ​ដូច​នៅ​បណ្ដា​ប្រទេស​ផ្សេងៗ​ដែរ​។ កាលពីមុន​ទំនិញ​របស់​កម្ពុជា មួយចំនួន ត្រូវបាន​វែបសាយ​របស់​ចិន​អនុញ្ញាតអោយ​ដាក់លក់​នៅលើ​វែបសាយ​របស់គេ ដើម្បី​ស្វែងរក​ទីផ្សារ​ជូន ក៏ប៉ុន្តែ​នៅតែ​មិនទាន់​ទូលាយ​នៅឡើយ​ដែរ​។ សម្រាប់​ពាណិជ្ជកម្ម​អន​ឡាញ​វិញ នៅ​បណ្ដា​ប្រទេស​អាស៊ាន ឃើញថា​មានតែ​កម្ពុជា​ទេ ដែល​បានចាប់ផ្ដើម​ក្រោយ​គេ ខណៈ​ប្រទេស​ដទៃទៀត គេ​បាន​អនុវត្តន៍​ជា​យូរ​មកហើយ​។​

​លោក​បណ្ឌិត គី សេរី​វឌ្ឍន៍ អ្នកជំនាញ​សេដ្ឋកិច្ច និង​ជា​ប្រធាន​មជ្ឈមណ្ឌល​សិក្សា​ចិន នៃ​រាជបណ្ឌិតសភា​កម្ពុជា បាន​មានប្រសាសន៍ថា យើង​ដឹង​ហើយ​ថា ពាណិជ្ជកម្ម​អន​ឡាញ​វា​មាន​សារសំខាន់​ណាស់ ក៏ប៉ុន្តែ​ត្រូវ​សួរថា កម្ពុ​ជាមាន​ធនធាន ហើយ​ប្រជាជនមាន​ការយល់ដឹង​កម្រិតណា​ពី​វិស័យ E-Commerce ដូច្នេះ​បើ​នៅ​ជនបទ​វិញ គួរតែមាន​គ្រូ​បង្គោល​មួយ ដើម្បី​បណ្ដុះបណ្ដាល​ដល់​ប្រជាពលរដ្ឋ​ពី​ការប្រើប្រាស់​បណ្ដាញ​អ៊ី​ន​ធើ​ណេ​ត ជាពិសេស​ពី​របៀប​ដាក់​លក់ទំនិញ​ទៅក្នុង​អន​ឡាញ ។

​លោក​បន្តថា ដើម្បីឱ្យ​អាជីវកម្ម​របៀបនេះ​ទទួលបាន​ជោគជ័យ ភាគី ពាក់ព័ន្ធ​ទាំងអស់​ក៏​គួរតែ​គិតគូរ​ពី​វិធីសាស្ត្រ ងាយស្រួល​សម្រាប់​ការទូទាត់ ការដឹកជញ្ជូន ក្នុងនោះ​ដូចជា​ការទូទាត់​តាម QR Code ហើយ​ការដឹកជញ្ជូន​ក៏​ត្រូវមាន​ទំនាក់ទំនង​ទូលំទូលាយ​ជាមួយ​បណ្ដា​ប្រទេស​ផ្សេងៗ​ក្នុងការ​ជញ្ជូន​ទំនិញ ។

​លោក​ ងួន ម៉េង​តិច អគ្គនាយក​សភាពាណិជ្ជកម្ម​កម្ពុជា បាន​មានប្រសាសន៍​ផងដែរ​ថា កន្លងមក​រហូតដល់​បច្ចុប្បន្ន ការធ្វើ​ពាណិជ្ជកម្ម​នៅក្នុង​ប្រទេស​កម្ពុជា គឺ​ត្រូវ​ពឹងផ្អែក ទៅលើ​ការទូទាត់​ប្រាក់សុទ្ធ និង​ត្រូវ​ទៅដល់​ទីតាំង​ទំនិញ​ផ្ទាល់​តែម្ដង ដែល​ធ្វើឱ្យ​ខាត​ពេលវេលា និង​ខាត​ប្រាក់កាស​ផងដែរ ហើយ​ជាពិសេស​វា​នឹង​បង្ក​ជា​ហានិភ័យ​សម្រាប់​អ្នកលក់​និង​អ្នកទិញ ។ ក៏ប៉ុន្តែ​បើសិនជា ការធ្វើ​ពាណិជ្ជកម្ម​អន​ឡាញ​និង​ការទូទាត់​ទំនិញ​តាម​បច្ចេកវិទ្យា Fintech កាន់តែ​ទូលំទូលាយ នៅក្នុង​ប្រទេស​កម្ពុជា វា​នឹង​ជំ​រុញអោយ​សកម្មភាព ពាណិជ្ជកម្ម​កាន់តែ​ផុសផុល​ឡើង ជាពិសេស​នឹង​ជំរុញ​ឱ្យ​ទំនិញ​ក្នុងស្រុក​កាន់​តែមាន​ទីផ្សារ​ទាំង​ក្នុង​និង​ក្រៅប្រទេស ។​

​សូមជម្រាបថា​សិក្ខាសាលា​ថ្នាក់ជាតិ​ទី​១​ស្តីពី​ការអភិវឌ្ឍន៍​វិស័យ​ពាណិជ្ជកម្ម អេ​ឡិច​ត្រូ​និ​ច (E-Commerce)​ជនបទ​នៅ​កម្ពុជា​រយៈពេល​ពីរ​ថ្ងៃ​ចាប់ពី​ថ្ងៃទី​១០​ដល់​ថ្ងៃទី​១១​ខែមករា​ឆ្នាំ​២០១៩​នៅ​សណ្ឋាគារ សាន់វ៉េ ឆ្នាំ​២០១៩ នេះ​សហការ​រៀបចំ​ដោយ​វិទ្យាស្ថាន​មេគង្គ សភាពាណិជ្ជកម្ម​កម្ពុជា ក្រុមហ៊ុន​វី​ង និង​Ezecom​។

​សិក្ខាសាលា​នេះ​ត្រូវបាន​រៀបចំឡើង​ក្នុង​គោលបំណង​៖​ណែនាំ​និង​ផ្ទេរ​ចំណេះដឹង​លើ​ការធ្វើ​អាជីវកម្ម​អន​ឡាញ​ដល់​សិក្ខាកាម​ដែល​មកពី​ក្រសួង​ពាក់ព័ន្ធ សហគ្រិន អ្នកធ្វើអាជីវកម្ម​តាម​អន​ឡាញ ដើម្បី​ផ្សព្វផ្សាយ និង​អភិវឌ្ឍ​វិស័យ​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និ​ច​នៅ​កម្ពុជា ជាពិសេស​តំបន់​ជនបទ អ្នក​ចាប់ផ្តើម​ជា​អិ​វ​កម្ម​ថ្មី​(Start- Up) នឹង​វិស័យ​កសិកម្ម​៕ ល​