ច្បាប់​ការងារ​បរទេស​ថ្មី​ត្រូវ​ពន្យារពេល​អនុវត្ត​រហូត​ដល់​ទៅ ៦ ខែ​ឯណោះ​!

616

អាជ្ញាធរ​ថៃ​ឥឡូវ​និយាយថា ពួកគេ​នឹង​ទុកពេល ៦ ខែ​ទៀត​ដល់​និយោជក និង ពលករ​បរទេស ដែល​ត្រូវការ​ពេលវេលា​ដើម្បី​សម្រប​ខ្លួន​ទៅនឹង​ច្បាប់​ការងារ​បរទេស​ថ្មី​នេះ​។

មាត្រា​ចំនួន ៤ នៃ​អនុក្រឹត្យ​ស្តីពី​ការគ្រប់គ្រង​ពលកម្ម​បរទេស ត្រូវបាន​ពន្យារពេល​អ​នុ​វត្ត​រហូតដល់​ចុងឆ្នាំ​នេះ​។

អគ្គមេបញ្ជាការ​កងទ័ព​ជើងគោក លោក ចា​ឡឺម​ចៃ សិទ្ធី​សាត និយាយ​នៅ​ថ្ងៃ​អង្គារ​ទី ៤ កក្កដា​នេះ​ថា មាត្រា​ទាំង ៤ ដែល​ចែងថា ដាក់ពិន័យ​ធ្ងន់ធ្ងរ​ប្រឆាំងនឹង​និយោជក​ល្មើសច្បាប់ និង​កម្មករ​ខុសច្បាប់​នោះ នឹង​ចូល​ជា​ធរមាន​ចាប់ពី​ថ្ងៃទី ១ មករា ២០១៨ ជំនួស​វិញ​។

មាត្រា​ទាំង ៤ នោះ​រួមមាន​៖

មាត្រា​ទី ១០១ ចែងថា ដាក់គុក ៥ ឆ្នាំ និង​/​ឬ ផាកពិន័យ​រហូតដល់ ១០០.០០០ បាត​ដល់​ជនបរទេស​ណា ដែល​ធ្វើការ​ដោយ​គ្មាន​ការអនុញ្ញាត ឬ ស្ថិត​នៅក្រៅ​ទីតាំង​ដែល​បានកំណត់​របស់​ពួកគេ​។

មាត្រា​ទី ១០២ ចែងថា ផាកពិន័យ ៤០០.០០០ ទៅ ៨០០.០០០ បាត​សម្រាប់​និយោជក ក្នុង​កម្មករ​ខុសច្បាប់​ម្នាក់​។

​មាត្រា​ទី ១១៩ ចែងថា ផាកពិន័យ ២០.០០០ ទៅ ១០០.០០០ បាត​សម្រាប់​ពលករ​បរទេស ដែល​មិនបាន​ជូនដំណឹង​ដល់​អ្នកធ្វើ​អត្រានុកូលដ្ឋាន​អំពី​ការងារ​ពួកគេ​។

​មាត្រា​ទី ១២២ ចែងថា ផាកពិន័យ ៤០០.០០០ ទៅ ៨០០.០០០ បាត សម្រាប់​និយោជក ដែល​ជួល​ពលករ​បរទេស ដែល​ចុះឈ្មោះ​ជា​និយោជិត​របស់​អង្គភាព​ឬ​បុគ្គល​ផ្សេង​៕ ​ដោយ ៖កញ្ញាដាលីស