ច្បាប់​គយ​ថ្មី​របស់​ថៃ មិន​ប៉ះពាល់​ដល់​កិច្ចព្រមព្រៀង​លើ​មធ្យោបាយ​ដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន​ទ្វេភាគី​នោះទេ​

208

(​ភ្នំពេញ​)៖ ថ្មីៗ​នេះ​បន្ទាប់ពី​ច្បាប់​ថ្មី​របស់​គយ​ថៃ​ចេញ​ហាម​មិន​ឲ្យ​ទំនិញ​នានា​ឆ្លងកាត់​ពី​ប្រទេស​ដទៃ​ចូលមក​កម្ពុជា​ដោយ​ឆ្លងកាត់​ផ្លូវគោក​​លើទឹក​ដី​ថៃ និង​ទំនិញ​ចេញពី​កម្ពុជា​ទៅ​ប្រទេស​ទី​៣​ដោយ​ឆ្លងកាត់​ប្រទេស​ថៃ​មក​កម្ពុជា មន្ត្រីជាន់ខ្ពស់​ថា​ដឹកជញ្ជូន​បញ្ជាក់ថា​បម្រាម​​ថ្មី​ដែល​នឹង​ចូល​អនុវត្ត​នាពេល​ឆាប់ៗ​ខាងមុខ មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិច្ចព្រមព្រៀង ឆ្លងកាត់​រថយន្ត​ដឹកជញ្ជូន​រវាង​ប្រទេស​ទាំងពីរ ឬ​ប៉ះពាល់​ទៅនឹង​ដំណើរ​ឆ្លងកាត់ សមាហរណកម្ម ក្នុង​តំបន់​អាស៊ាន​នោះទេ​។​
​ ​
​លោក​វ៉ា ស៊ឹម​សូរិយា អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ ទី​៧​ខែវិច្ឆិកា​នេះ​ថា​រឿងនេះ​វា​មាន​ផល​លំបាក​​តែ​ទំនិញ​ចេញចូល​ប្រទេស​ថៃ និង​ឆ្លងកាត់​ប្រទេស​ថៃ​តែប៉ុណ្ណោះ រីឯ​មធ្យោបាយ​ដឹកជញ្ជូន​ជា​រថយន្ត​ឆ្លងកាត់​អត់​បញ្ហា​ទេ ទាំង​ទ្វេភាគី ទាំង​តំបន់​អាស៊ាន​។ មកដល់​ឆ្នាំ​២០១៧ នេះ យើង​បាន​ព្រមព្រៀងគ្នា​ឲ្យ​រថយន្ត​ដឹកជញ្ជូន​ឆ្លងកាត់​៤០​គ្រឿង ទៅវិញទៅមក​។ ឆ្នាំ​២០១៨ ខាងមុខនេះ​ភាគី​ទាំងពីរ​បាន​ព្រមព្រៀងគ្នា នឹង​ដំឡើង​មធ្យោបាយ​ដឹកជញ្ជូន​អោយបាន​១៥០​គ្រឿង​។ នេះ​ជា​កិច្ចព្រមព្រៀងទ្វេភាគី​ផង និង​កិច្ចព្រមព្រៀង​ក្នុង​តំបន់​អាស៊ាន​ផង​។ ចំណែក​កិច្ចព្រមព្រៀង​ក្នុង​មហា​អនុតំបន់​មេគង្គ​(​ជី​អឹម​អេស​, G.M.S) វិញ​គឺ​យើង​បាន​បើកទូលាយ​ឲ្យ​មាន​សមា​ហ​រ័​ណ​កម្ម​លើ​មធ្យោបាយ​ដឹកជញ្ជូន​ឆ្លងកាត់​មាន រហូតដល់​ទៅ​៥០០​គ្រឿង​។
​ ​
​លោក​ជុំ វុ​ឌ្ឍី ប្រធាន​សមាគម​កសិក​ម្ម​កម្ពុជា នៅ​ស្រុក​ភ្នំព្រឹក ជាប់​ព្រំដែន​ថៃ បាន​សម្តែង​នូវ​ការព្រួយបារម្ភ​ដែល​ច្បាប់​ថ្មី​របស់​គយ​ថៃ បានចេញ​បទ​ប​ញ្ញ​តិ្ត​នេះ ពីព្រោះ​កសិផល​ខ្មែរ​នៅជាប់​ព្រំដែន ភាគច្រើន​បាន​នាំ​យកទៅលក់​ទីផ្សារ​នៅ​ប្រទេស​ថៃ​បើ​ថៃ​ហាមឃាត់​បែបនេះ​មែន គឺ​យើង​ជា​កសិករ​មិនដឹង​ជា​ដាំ​ដុះ​យកទៅ​អត់​ទីផ្សារ​នោះទេ​។ ពិសេស​ផល​ពោតក្រហម ដំឡូង​មី និង​ស្រូវស្រាល​ភាគច្រើន និង កសិផល​មួយចំនួនទៀត​។​
​ ​
​លោក​ថា ច្បាប់​ថ្មី​របស់​ថៃ​នេះ នឹងត្រូវ​អនុវត្ត​ចាប់ពី​ថ្ងៃទី​១៣ ខែវិច្ឆិកា នេះហើយ​។ យើង​នឹង​តាមច្បាប់​ឃ្លាំមើល​បញ្ហា​នេះ​នៅតាម​​ច្រកព្រំដែន ថា​តើ​បញ្ហា​ទំនិញ​ខ្មែរ​យើង​អាច​ចូល​លក់​ទីផ្សារ​ថៃ​បាន​ដូច​ធម្មតា​ឬ​យ៉ាងណា​។​
​ ​
​ចំណែក​លោក​ហ៊ាន វណ្ណ​ហន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន កសិកម្ម​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​មិនអាច​ទំនាក់​​ទំនង​សុំ​ការបញ្ជាក់​តាម​ទូរស័ព្ទ​បានទេ នៅ​ព្រឹក​ថ្ងៃទី​៧ ខែវិច្ឆិកា​នេះ ៕​ដោយៈ មូល​ស​ម្ប​តិ្ត​/sn