ច្បាប់​បង្កើត​កង​អង្គរក្ស​ស្តេច​ថៃ​ត្រូវបាន​សភា​អនុម័ត តែ​ក្រុមប្រឆាំង​ជំទាស់​

381
ចែករម្លែក

​ក្រិត​គ្រាអាសន្ន​ស្តី​ពី​កង​អង្គរក្ស​របស់​ព្រះមហាក្សត្រ​ត្រូវ​បាន​សភា​អនុម័ត​កាលពី​ថ្ងៃ​១៧​តុលា ជាមួយ​នឹង​សម្លេង​គាំទ្រ​៣៧៦ ទល់នឹង​៧០​ប្រឆាំង​និង​២​អនុប្បវាទ​។​ក្រិត​នេះ​ពាក់ព័ន្ធ​​នឹង​ការផ្ទេរ​ថវិកា រួម​ទាំង​ទាហាន​២​អង្គភាព​អោយ​ទៅ​នៅក្រោម​ការគ្រប់គ្រង​ផ្ទាល់​របស់​ស្តេច​ថៃ​។​

​តែ​ពួក​សមាជិកសភា​ប្រឆាំង​ថៃ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ជំទាស់​ក្រិត​ច្បាប់​ផ្ទេរ​ទាហាន​២​វរ​សេនា​ធំ​នេះ​ទៅ​អោយ​នៅ​ក្រោម​ការបញ្ជា​ផ្ទាល់​របស់​ស្តេច មហា វ៉េ​ច​រ៉ា​ឡុងកន​ដោយ​អ្នក​​នយោបាយ​ម្នាក់​បាន​លើកឡើង​ថា​វា​មិន​ស្របតាម​ច្បាប់​ស្តីពី​របប​រាជានិយម​អាស្រ័យ​ធម្មនុញ្ញ​។​

​ការមិនចុះសម្រុង​គ្នា​នេះ​បាន​រំលេច​អោយឃើញ​អំពី​ភាព​តានតឹង​នៅក្នុង​អន្តរកាល​របស់​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​មួយ​នេះ​ពី​ការគ្រប់គ្រង​យោធា ដែល​ពួក​អ្នកគាំទ្រ​យោធា​និង​រា​​ជា​និយម​ពណ៌នា​ពួក​ប្រឆាំង​របស់​គេ​ថា​ជាការ​គំរាម​ចំពោះ​របប​រាជានិយម​។​

​នេះ​ជា​លើកដំបូង​ដែល​សមាជិក​សភា​ចេញមុខ​ប្រឆាំង​ជា​សាធារណៈ​ចំពោះ​នីតិវិធី​ច្បាប់​មួយ​ពាក់ព័ន្ធ​នឹង​រាជកិច្ច​។​

​ភិ​យ៉ា​ប៊ុត ស៊ែ​ង​កា​ណុ​ក​គុល មកពី​គណបក្ស​អនាគត​ឆ្ពោះទៅមុខ ដែល​ជា​បក្សប្រឆាំង​បាន​សម្តែង​ទស្សនៈ​ថា ការអនុម័ត​នេះ​អាច​រំលោភ​រដ្ឋធម្មនុញ្ញ និង​ថា​កិច្ច​ការពារ​ព្រះ​​មហាក្សត្រ​គួរ​ជា​ភារកិច្ច​យោធា​។​

​តែ​ឧបនាយករដ្ឋមន្ត្រី វិសា​នុ គ្រី​-​ង៉ា​ម បាន​និយាយថា ការដែល​ពួក​សមាជិក​សភា​ប្រឆាំងនឹង​ក្រិត​ច្បាប់​ស្តីពី​ការបង្កើត​កង​អង្គរក្ស​ព្រះមហាក្សត្រ​នេះ ជា​រឿង​មិន​ធម្មតា​។​

​ស្តេច​វ៉េ​ច​រ៉ា​ឡុងកន បាន​ឡើង​ស្នងរាជ្យ​ជា​ព្រះមហាក្សត្រ​អាស្រ័យ​ធម្មនុញ្ញ​ទី​៤​របស់​ថៃ កាលពី​ខែ​ឧសភា​ឆ្នាំនេះ បន្ទាប់​ពី​ការ​សោយ​ទិវង្គត​របស់​ព្រះបិតា​នៅ​ឆ្នាំ​២០១៦​។​

​ក្រិត​ច្បាប់​ផ្ទេរ​បញ្ជាការ​កងវរសេនាធំ​ទី​១​និង​ទី​១១ ដែល​មាន​មូលដ្ឋាន​នៅ​ក្រុង​បាងកក​ពី​បញ្ជាការ​កងទ័ព ទៅ​នៅ​ក្រោម​បញ្ជាការ​សន្តិសុខ​របស់​ព្រះរាជា​។​

អគ្គលេខា​បក្ស​អនាគត​ឆ្ពោះ​ទៅ​មុខ​លោក ភិ​យ៉ា​ប៊ុត

​ទោះជា​យ៉ាងណា អគ្គលេខា​បក្ស​អនាគត​ឆ្ពោះ​ទៅ​មុខ​លោក ភិ​យ៉ា​ប៊ុត បាន​និយាយថា​មិនទាន់មាន​គ្រាអាសន្ន​បន្ទាន់​ណា​ដើម្បី​ចេញ​ក្រិត​ច្បាប់​នេះ​ទេ និង​ថា នាយករដ្ឋមន្ត្រី​​ប្រា​យុទ្ធ ចាន​អូ​ចា បន្ត​ធ្វើ​ដូចជា​មេដឹកនាំ​យោធា​។​

​លោក​ថា «​ថៃឡង់​ដ៍ ជា​ព្រះរាជាណាចក្រ ដែល​មាន​ស្តេច​ជា​ប្រមុខរដ្ឋ ប្រជាជន​ជា​អំណាច​និង​ស្តេច​អនុវត្ត​សិទ្ធិ​អធិបតេយ្យ​តាមរយៈ​សភា គណៈរដ្ឋមន្ត្រី និង​តុលាការ ដូច​ចែង​​ក្នង​រដ្ឋធម្មនុញ្ញ​»​។​

​ទោះជា​យ៉ាងណា សមាជិក​ម្នាក់​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ បាន​ការពារ​ក្រិត​ច្បាប់​នេះ ដោយ​លោក​ថា «​ថៃឡង់​ដ៍ ជា​ព្រះរាជាណាចក្រ​ខុសប្លែក​ពី​គេ​។​ព្រះមហាក្សត្រ​តំណាង​​សន្តិសុខ​ជាតិ​លើ​ព្រះរាជាណាចក្រ​ថៃឡង់​ដ៍​។​យើង​មិន​អាច​បំបែក​សន្តិសុខ​ជាតិ​ចេញ​ពី​ព្រះមហាក្សត្រ​បានទេ​»​។​

​សូមបញ្ជាក់​ថា ការរិះគន់​ស្តេច​និង​រាជវង្ស ជា​អំពើ​ខុស​ច្បាប់​នៅ​ថៃ ហើយ​ទោស​ប្រមាថ​ស្តេច​អាច​ជាប់គុក​១៥​ឆ្នាំ​៕​ដោយ​៖​វាសនា​