ច្បាប់​បត្យាប័ន​ត្រូវបាន​ដក​ចេញ​ជា​ផ្លូវការ​ដោយ​រដ្ឋាភិបាល​ហុងកុង តែ​ការប្រឆាំង​តវ៉ា​ទំនងជា​មិន​ទាន់​បញ្ចប់​

262
ចែករម្លែក

​រដ្ឋាភិបាល​ហុងកុង​បាន​ដក​ជា​ផ្លូវការ​នូវ​ច្បាប់​បត្យាប័ន​ដ៏​ចម្រូងចម្រាស​នៅ​ពី​ថ្ងៃ​ពុធ​ខែ​២៣​តុលា​នេះ បន្ទាប់ពី​មាន​ការតវ៉ា​ហិង្សា​អស់​រយៈពេល​ជា​ច្រើន​ខែ​នៅ​ទីក្រុង​នេះ​។​

​ច្បាប់​បត្យាប័ន​នេះ​ទទួល​បាន​ការ​អាន​ជា​លើក​ទី​២ នៅ​ក្រុមប្រឹក្សា​នីតិ​បញ្ញាត្តិ​ហុងកុង​(​សភា​ហុងកុង​)​នៅ​ថ្ងៃ​ពុធ​នេះ គឺ​ជិត​មួយ​ខែ​បន្ទាប់​ពី​នាយក​ប្រតិបត្តិ​លោកស្រី ការី ឡា​ម​ បានប្រកាស​ផែនកា​រដក​ច្បាប់​នេះ​ចេញ​ជា​ផ្លូវការ​។​

​ច្បាប់​នេះ​បាន​ចូល​ដល់​ក្រុមប្រឹក្សា​នីតិបញ្ញត្តិ​នេះ​កាលពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន​ប៉ុន្តែ ក្រុម​អ្នក​ធ្វើ​ច្បាប់​ដែល​មាន​ការរំខាន់ បាន​បង្ខំចិត្ត​ឱ្យ​ផ្អាក​កិច្ចប្រជុំសភា​។​

​បើសិន​ច្បាប់​នេះ​ត្រូវបាន​អនុម័ត​ទៅ​ជា​ច្បាប់​នោះ​វា​នឹង​អនុញ្ញាត​ឱ្យ​ជនសង្ស័យ​ហុងកុង​នឹង​ត្រូវ​បាន​ធ្វើ​បត្យាប័ន​ទៅ​តៃវ៉ាន់ ក្រុង​ម៉ា​កាវ និង ចិន​ដីគោក​។ វា​ជា​ចំណាត់​​ការ​មួយ​ដែល​ក្រុមអ្នកតវ៉ា​មើលឃើញថា​ជា​ការប៉ុនប៉ង​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ដើម្បី​រឹតតបន្តឹង​ការគ្រប់​គ្រងរ​បស់​ខ្លួន​លើ​ទីក្រុង​ដែល​មាន​ប្រព័ន្ធ​តុលាការ​ឯករាជ្យ​នេះ​។​

​ការដកចេញ​ច្បាប់​នេះ​ទំនងជា​មិន​អាច​បញ្ចប់​ការតវ៉ា​ប្រឆាំង​អស់​ពេល​៥​ខែ​មកនេះ ដោយសារ​តែ​វា​ជា​ការទាមទារ​១​ក្នុងចំណោម​ការទាមទា​រ​ចំនួន​៥​របស់​អ្នកប្រឆាំង​តវ៉ា​។​

​ពួក​បាតុករ​ដែល​អះអាងថា​ជា​អ្នក​ទាមទារ​លទ្ធិប្រជាធិបតេយ្យ​នៅក្នុង​អតីត​ដែនដី​អាណានិគម​អង់គ្លេស​នេះ តែង​បាន​វាយបំផ្លាញ​អាគារ ហាង​ទំនិញ​ដែល​មាន​ទំនាក់ទំនង​​ជាមួយ​ចិនដីគោក ដុត​អោយ​ឆេះ​នៅ​លើ​ដងផ្លូវ និង​ចោល​គ្រាប់បែក​សាំង​លើ​ប៉ូលិស​។​ពួក​គេ​ទាមទារ​៥​ចំណុច មិនមែន​មួយ​ទេ ដូច្នេះ​ការដកចេញ​ច្បាប់​នេះ​មិនមាន​អ្វី​ចម្លែក​ទេ​។​

​មេដឹកនាំ​ហុងកុង លោកស្រី​ការី ឡា​ម តែង​បាន​និយាយថា ច្បាប់បត្យាប័ន​បាន​ងាប់​ទៅហើយ និង​ថា​ការទាមទារ​ផ្សេងទៀត រួម​ទាំង​ការបោះឆ្នោត​សកល​(​មេដឹកនាំ​និង​សភា​​ហុងកុង​) ព្រមទាំង​លើកលែងទោស​អ្នក​ដែល​ត្រូវបាន​ចោទប្រកាន់​ពី​បទ​បង្ក​កុបកម្ម ក្នុងអំឡុងពេល​តវ៉ា ហួស​ពី​ការគ្រប់គ្រង​របស់​លោក​ស្រី​។​

​បាតុករ​ក៏​បាន​ទាមទារ​អោយ​លោកស្រី​ចុះចេញ​ពី​តំណែង​និង​បង្កើត​ការស៊ើបអង្កេត​ឯករាជ្យ​មួយ​លើ​ការប្រព្រឹត្ត​របស់​ប៉ូលិស​លើ​អ្នក​តវ៉ា​ប្រឆាំង​។​

​ជុំវិញ​លោកស្រី​ឡា​ម​នេះ ដែ​រសារ​ព័ត៌មាន Financial Times​បាន​រាយការណ៍​ថា ចិន​បាន​រៀបចំ​ផែនការ​ដើម្បី​ដាក់ជំនួស​លោកស្រី​ជាមួយនឹង​មេដឹកនាំ​ហុងកុង​បណ្តោះអាសន្ន​ម្នាក់​ម្នាក់​ហើយ​បេក្ខជន​នាំមុខ​គេ​សំរាប់​ជំនួស​ឡា​ម រួមមាន​លោក ណ័​រមែន ចាន់ អតីត​ប្រធាន​អាជ្ញាធរ​ហិរញ្ញវត្ថុ​ហុងកុង និង​លោក​ហេន​រី តាង អតីតមន្ត្រី​ហិរញ្ញវត្ថុ​ហុងកុង​។​

​ទោះជា​យ៉ាងណា មន្ត្រីជាន់ខ្ពស់​ចិន​បាន​និយាយថា​អត្ថបទ​របស់​Financial Times​ខុស​និង​គ្មាន​បេក្ខជន​ដែល​ត្រូវ​បាន​លើកឡើង​ទាំងនេះ​នឹង​អាច​ចូល​ជំនួស​តំណែង​លោកស្រី​​ឡា​ម​ទេ​ផ្អែកលើ​ច្បាប់​គោល​ហុងកុង​៕​ប្រែ​សម្រួល​៖​វាសនា​/​សុខា​

មន្ត្រី​ចិន​ថា មិន​មាន​ផែនការ​ដូរ​មេដឹកនាំ​ហុងកុង​លោកស្រី​ឡា​ម ទេ