ច្បាប់​ប្រជាធិបតេយ្យ នៅ​កម្ពុជា ឆ្នាំ​២០១៩ របស់​សភា​អាមេរិក មាន​ចរិត​នយោបាយ​ច្រើនជាង​

1093
ចែករម្លែក

សភាតំណាងរាស្ត្រ​សហរដ្ឋអាមេរិក បានអនុម័ត​សេចក្តីព្រាងច្បាប់ ស្តីពី “​ប្រជា​ធិ​ប តេ​យ្យ​នៅ​កម្ពុជា ឆ្នាំ​២០១៩” កាលពី​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១៩​។ ច្បាប់​ថ្មី​នេះ ដើម្បី ដាក់ទណ្ឌកម្ម​លើ​មន្ត្រី​កម្ពុជា និង​ស្តារ​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ នៅ​កម្ពុជា ក្រោយពី​មានការ​ធ្លាក់ចុះ ក្នុង​រយៈពេល​ជាង ២ ឆ្នាំ​មកនេះ​។​

​សេចក្តីព្រាងច្បាប់​នេះ បានលើកឡើង អំពី​ការបន្ត​កាន់អំណាច​របស់​សម្តេច​នាយក រដ្ឋមន្ត្រី ហ៊ុន សែន រយៈពេល​ជិត ៤០ ឆ្នាំ ព្រមទាំង​លើកឡើងថា​ការបោះឆ្នោតជាតិ នៅ​កម្ពុជា ចំនួន​៦ អាណត្តិ ចាប់ពី​ឆ្នាំ​១៩៩៣ មក សុទ្ធតែ​មិន មាន​ភាពសេរី និង​មិន​យុត្តិធម៌​។ សេចក្តីព្រាងច្បាប់​នេះ ក៏បាន​បញ្ជាក់ថា រដ្ឋា​ភិ បាល​កម្ពុជា បាន​បង្ក្រាប​ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​សារព័ត៌មាន​ឯករាជ្យ ព្រមទាំង​ចាប់​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែលជា​អតីត​គណបក្សប្រឆាំង​ដ៏​ធំ ដាក់ពន្ធនាគារ និង​បន្ត​ឃុំខ្លួន នៅ​លំនៅដ្ឋាន ព្រមទាំង​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​រៀបចំ​ការបោះឆ្នោត ដោយ​មិនមាន​គូប្រជែង ជាដើម​។​

​សេចក្តីស្នើច្បាប់​នេះ ត្រូវបាន​គាំទ្រ​ដោយ​គណបក្ស​ធំៗ​ទាំងពីរ​នៅ​សហរដ្ឋអាមេរិក គឺ​គណបក្ស​សាធារណរដ្ឋ និង​គណបក្ស​ប្រជាធិបតេយ្យ បង្កើតឡើង​ក្នុង​គោលបំណង​ជំរុញឱ្យមាន​ការបោះឆ្នោត ដោយ​សេរី និង​ត្រឹមត្រូវ គោរព​សិទ្ធិសេរីភាព​នយោបាយ និង​សិទ្ធិមនុស្ស នៅ​ប្រទេស​កម្ពុជា និង​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច និង​ទិដ្ឋាការ​លើ​មន្ត្រី​យោធា និង​មន្ត្រី​កម្ពុ​ជាណា ដែល​បាន​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ និង​រំលោភ​សិទ្ធិមនុស្ស​។​

ក៏ប៉ុន្តែ ក្រោយ​សភាតំណាងរាស្ត្រ​សហរដ្ឋអាមេរិក បានអនុម័ត​សេចក្តី ព្រាង​ច្បាប់ ស្តីពី “​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ឆ្នាំ​២០១៩” នេះ​ភ្លាម មន្ត្រី​អ្នក​នាំ ពាក្យ​រាជរដ្ឋាភិបាល​កម្ពុជាអ្នកនាំពាក្យ​ក្រសួងការបរទេស និង​អ្នកនាំពាក្យ រដ្ឋ សភា ជាដើម ចេញ​សេច ក្តីថ្លែង ការណ៍​ដាច់ដោយឡែក​ពីគ្នា សម្តែង​ការ​សោក ស្តាយ និង​មិនអាច​ទទួលយកបាន​នូវ​ការសម្រេច​របស់​សភា​អាមេរិក​នេះឡើយ​។​
​ ​
​មន្ត្រី​អ្នកនាំពាក្យ រាជរដ្ឋាភិបាល​កម្ពុជា បានចាត់ទុក​សេចក្តីព្រាងច្បាប់ ថ្មី របស់​សភា​អាមេរិក​នេះ ជា​ទង្វើ​ប្រឆាំង​សន្តិភាព​នៅ​កម្ពុជា ហើយ​ថា សភា​សហរដ្ឋ​អាមេរិក មិន បាន​យល់​ពី​ការពិត នៅ​កម្ពុជា​នោះទេ​។ ថ្នាក់ដឹកនាំ​នៃ​រាជ​រដ្ឋា​ភិ បាល និង​ប្រជាជន​កម្ពុជា មិនអាច​ទទួលយក​សេចក្តីស្នើច្បាប់​នេះ​បានទេ​។​មូល ហេតុ គឺ​ដោយសារ​សេចក្តីស្នើច្បាប់​នេះ បាន​ធ្វើឡើង​ផ្អែកទៅលើ​ការចោទប្រកាន់ ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ បង្ហាញ​តែ​មហិច្ឆតា​នយោបាយ​ជា​ប្រវត្តិសាស្ត្រ ប្រឆាំងនឹង​រាជរដ្ឋាភិបាល​កម្ពុជា តែប៉ុណ្ណោះ​។​

​តាម​មន្ត្រី​អ្នកនាំពាក្យ រាជរដ្ឋាភិបាល​កម្ពុជា សេចក្តីស្នើច្បាប់ ស្តីពីលទ្ធិប្រជាធិបតេយ្យ នៅ​កម្ពុជា​នេះ ជា​ទង្វើ​ប្រឆាំង​សន្តិភាព ស្ថិរភាព និង​វិបុលភាព​របស់​ព្រះរាជាណាចក្រ​កម្ពុជា​។ ដូច្នេះ​ព្រឹទ្ធសភា និង​រដ្ឋាភិបាល​សហរ​ដ្ឋ​អាមេរិក ឲ្យ​ពិចារណា​ឡើងវិញ នូវ​ជំហរ​របស់ខ្លួន សម្រាប់​កម្ពុជា ដើម្បី​ជា​ប្រយោជន៍​នៃ​ទំនាក់ទំនង​ទ្វេភាគី​។​

​ចំណែក​អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ របស់រាជរដ្ឋា ភិបាល​កម្ពុជា បានចេញ​សេចក្តីថ្លែងការណ៍​ទាំងយប់ កាលពី​ថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ​២០១៩ ដោយ​សម្តែង​ការសោកស្តាយ​យ៉ាងខ្លាំង ពេល​បានទទួល​ព័ត៌មាន​ថាសភា តំណាងរាស្ដ្រ​សហរដ្ឋ​អាម៉េរិក ទើបបាន​អនុម័ត «​ច្បាប់​ប្រជាធិបតេយ្យ​កម្ពុជា ឆ្នាំ ២០១៩ – Cambodia Democracy Act of2019»​ហើយ​សូម​ធ្វើការ​បដិសេធ យ៉ាង​ដាច់អហង្កា​នូវ​ការចោទប្រកាន់ ដោយ​គ្មាន​មូលដ្ឋាន​ប្រឆាំងនឹង​រាជរដ្ឋាភិបាល​កម្ពុជា ដោយ​ផ្អែកទៅលើ​ព័ត៌មាន​បំភ្លៃ លំអៀង និង​ព័ត៌មាន​ចាស់​ហួស​សម័យ ដោយសារតែ​ហេតុផល​នយោបាយ និង​ស្តង់ដារ​ពីរ​។​
​ ​
​ជាមួយនឹង​ការច្រានចោល នូវ​សេចក្តីស្នើច្បាប់​ថ្មី​នេះ អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា ក៏បាន​ផ្តល់នូវ​ការបកស្រាយ​បំភ្លឺ​តប​នឹង​ការចោទប្រកាន់​របស់​ស​ភា​អាមេរិក រួមមាន ការ​កាន់តំណែង​យូរ​ជាងគេ​បំផុត នៅ​អាស៊ីអាគ្នេយ៍ របស់​សម្តេច​តេ​ជោ ហ៊ុន សែន គឺ​ដោយសារតែ​សម្តេច ទទួលបាន​ការគាំទ្រ​ភាគច្រើន​ពី​អ្នកបោះឆ្នោត ដែល​អនុវត្ត​សិទ្ធិ​នយោបាយ​របស់ខ្លួន ដោយ​សេរី នៅក្នុង​ការបោះឆ្នោត​ជា​ទៀងទាត់ ដែល​ត្រូវបាន​ឃ្លាំមើល ដោយ​អ្នកសង្កេតការណ៍​ជាតិ​និង​អន្តរជាតិ​។ រីឯ​ការបោះឆ្នោតកន្លង មកនៅក្នុង​ប្រទេស​កម្ពុជា គឺធ្វើឡើង​ដោយ​ស្របច្បាប់ តាម​ឆន្ទៈ​របស់​អ្នកបោះឆ្នោត​កម្ពុជា​។

​ចំពោះ​ការចាប់ខ្លួន​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) និង​ការរំលាយ​គណបក្ស​រប​ស់គា​ត់ ដោយ​តុលាការ​កំពូល ត្រូវបាន​អ្នកនាំពាក្យក្រសួង ការបរទេស​កម្ពុ​ជា បញ្ជាក់ថា គឺ​ត្រូវបាន​ធ្វើឡើង​ដោយ​អនុលោម​ទាំងស្រុង ទៅតាម​ច្បាប់​ជា​ធរមាន​របស់​រដ្ឋ​អធិបតេយ្យ​មួយ ក្នុង​ស្មារតី​ថែរក្សា​សន្តិភាព និង​ស្ថិរភាព ព្រមទាំង​ការការពារ​អធិបតេយ្យភាព និង​ឯករាជ្យភាព​របស់​កម្ពុ​ជា​។ គាត់​ត្រូវបាន​ចោទប្រកាន់​ពីបទ ស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស ដែល​ត្រូវ​ផ្តន្ទាទោស តាម​ក្រមព្រហ្មទណ្ឌ​កម្ពុជា (​មាត្រា​៤៤៣)​។ សេចក្តីព្រាងច្បាប់​នេះ រិះគន់​ខុស អំពី​ការ​រឹតត្បិត​សេរីភាព​សារព័ត៌មាន និង​ប្រាសចាក​ឆ្ងាយ​ពី​ការពិត​។ ការពិត​នោះ​គឺ កាសែត និ​បណ្តាញ សារព័ត៌មាន មួយចំនួន​តូច​ប៉ុណ្ណោះ ដែល​បានជ្រើសរើស តាម​ឆន្ទៈ​របស់ខ្លួន ក្នុងការ​បញ្ឈប់​ប្រតិបត្តិការ​របស់​ពួកគេ​នៅពេល​ប្រឈម នឹង​កាតព្វកិច្ច​សារពើពន្ធ និង​ការរំលោភបំពាន​ច្បាប់សារព័ត៌មាន​របស់​កម្ពុជា​។

កម្ពុជា​លើកកម្ពស់​យ៉ាងខ្លាំង នូវ​សេរីភាព​សារព័ត៌មាន និង​ការបញ្ចេញមតិ ដោយ​ឈរលើ​មូលដ្ឋាន​នីតិរដ្ឋ ដូច​បានបង្ហាញ​តាមរយៈ​បរិយាកាស​ប្រព័ន្ធ​ផ្សព្វផ្សាយ​យ៉ាង​រស់​រវើក​នៃ​អង្គការ កាសែត ទូរទស្សន៍ និង​វិទ្យុ ដែល​បាន​ចុះបញ្ជី​ជាង ១០០០ ស្ថាប័ន កំពុងដំណើរការ ហើយ​មានការ​រិះគន់​ចំពោះ​រាជរដ្ឋាភិបាល ជាដើម​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស ក៏បាន​ចាត់ទុកថា ខ្លឹមសារ​នៃ​សេចក្តីព្រាងច្បាប់​នេះ កាន់តែ​បង្ក​ការរំខាន​ថែមទៀត នៅពេលដែល​បុគ្គល​សាធារណៈ​របស់​រដ្ឋ​អធិបតេយ្យ​មួយ បាន​ក្លាយជា​កម្មវត្ថុ​នៃ​វិធានការ​ដាក់ទណ្ឌកម្ម​ពី​សំណាក់​រដ្ឋ​មួយ​ផ្សេងទៀត ដោយ​ផ្អែកលើ​ការចោទប្រកាន់​គ្មាន​មូលដ្ឋាន​។

​នេះ​គឺជា​ការរំលោភបំពាន​យ៉ាង​ជាក់ស្តែង ចំពោះ​គោលការណ៍​អន្តរជាតិ ស្តីពី​អធិប តេយ្យភាព សមភាព និង​ការមិន​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង ដូច​មានចែង​ក្នុង​មាត្រា​២ នៃ​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ​។​

អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ចាត់ទុកថា​ការអនុម័ត​សេចក្តីព្រាងច្បាប់​ខាងលើ របស់​សភា​សហរដ្ឋ​អាម៉េរិក ដើរ​ផ្ទុយទៅនឹង​កិច្ចខិតខំ​ប្រឹងប្រែង​ដែល​ប្រទេស​ទាំងពីរ កំពុងប្រកាន់យក ក្នុងការ​លើកកម្ពស់​ភា​ព​ជា​ដៃគូ​គ្រប់​វិស័យ ដោយ​ផ្អែកលើ​ផលប្រយោជន៍​រួម និង​ការគោរព​គ្នា​ទៅវិញទៅមក​។ ថ្វីបើ​មាន​សម្ពាធ​ដ៏​អយុត្តិធម៌ និង​ការដាក់ទណ្ឌកម្ម​ជា​ឯកតោភាគី​ពី​សំណាក់​សហរដ្ឋអាមេរិក​ក្តី ក៏​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ជ្រើស​យក​អភិក្រម​វិជ្ជមាន​ប្រកបដោយ​ភាពស្មោះត្រង់ ក្នុង​ការបន្ត​កិច្ចសហប្រតិបត្តិការ​ជាមួយ​សហរដ្ឋអាមេរិក លើ​វិស័យ​ជាច្រើន ដូចជា បេសកកម្ម​មនុស្សធម៌ «​ស្តង់ដារ​មាស​» MIA/POW កម្មវិធី​មាតុភូមិនិវត្តន៍​យ៉ាងសកម្ម ការចាប់ផ្តើម​ឡើងវិញ​នូវ​កិច្ចសន្ទនា​យោធា ការគាំទ្រ​ដល់​អ្នកស្ម័គ្រចិត្ត Peace Corps និង​ការប្រយុទ្ធ​រួមគ្នា​យ៉ាងសកម្ម​ប្រឆាំងនឹង​ការ​ប្រឈម​ផ្នែក​សន្តិសុខ​មិន​ប្រពៃណី (​ភេរវកម្ម និង​ការជួញដូរ ជាដើម​)​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ក៏បាន​ប្រកាស​សំដែង​ជាថ្មី​នូវ​ការប្តេជ្ញាចិត្ត​ឥត​ងាករេ​របស់​កម្ពុជា ក្នុងការ​ប្រកាន់យក​ល​ទ្ធិ​ប្រជាធិបតេយ្យ សេរី​ពហុបក្ស និង​លើកកម្ពស់​នីតិរដ្ឋ និង​ការគោរព​សេរី​ភាពជា​មូលដ្ឋាន ស្របទៅតាម​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា​។​

​ដោយឡែក អ្នកនាំពាក្យ​រដ្ឋសភា ក៏បាន​ចេញ​សេចក្តីថ្លែងការណ៍ កាលពី​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៩ ដោយ​ចាត់ទុកថា ការអនុម័ត​សេចក្តីព្រាង ច្បាប់​របស់​សភា​អាមេរិក​នេះ គឺ​ដើរ​ផ្ទុយទៅនឹង​កិច្ចខិតខំ​ប្រឹងប្រែង ដែល​ប្រទេស​ទាំងពីរ កំពុងប្រកាន់ យក ក្នុងការ​លើកកម្ពស់​ភា​ព​ជា​ដៃគូ​គ្រប់​វិស័យ ដោយ​ផ្អែកលើ​ផលប្រយោជន៍​រួម និង​ការគោរព​គ្នា​ទៅវិញទៅមក​។

​តាម​អ្នកនាំពាក្យ​រដ្ឋសភា ថ្វីត្បិតតែ​មាន​សម្ពាធ​ដ៏​អយុត្តិធម៌ និង​ការដាក់ទណ្ឌកម្ម ជា​ឯកតោភាគី ពី​សំណាក់​សហរដ្ឋអាមេរិក​ក្តី ក៏​រាជរដ្ឋាភិបាល​កម្ពុជា បាន​ជ្រើស​យក​អភិក្រម​វិជ្ជមាន ប្រកបដោយ​ភាពស្មោះត្រង់ ក្នុង​បំណង​បន្ត​កិច្ចសហប្រតិបត្តិការ ជាមួយ​សហរដ្ឋអាមេរិក លើ​គ្រប់​វិស័យ​។​

ក្នុង​សេចក្តីថ្លែងការណ៍ អ្នកនាំពាក្យ​រដ្ឋ​សភាក​ម្ពុ​ជា បាន​អំពាវនាវ​ឲ្យ​សភា សហរដ្ឋ អាមេរិក ពិចារណា​ឡើងវិញ​ឲ្យ​បាន​ម៉ត់ចត់ ចំពោះ​ការប្រកាន់​ជំហរ​លំអៀង ដែលមាន​ភាពអយុត្តិធម៌​ចំពោះ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​កម្ពុជា​កំពុងតែ​ប្តេជ្ញាចិត្ត​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​របស់ខ្លួន​។​

​យ៉ាងណាក៏ដោយ ក្រុម​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន និង​អតីត​អ្នកនយោបាយ​គណបក្សប្រឆាំង បាន​ចាត់ទុកថា សេចក្តីព្រាងច្បាប់ ប្រជាធិបតេយ្យ​នៅ​កម្ពុជា​របស់​សភា​សហរ​ដ្ឋ​អាមេរិក​នេះ អាច​នឹង​ជួយ​ជំរុញ​ឲ្យ​ស្ថានភាព​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស នៅ​កម្ពុជា បាន​ប្រសើរ​ជាង​មុន​។​

​ក្រុម​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន និង​អតីត​អ្នកនយោបាយ​គណបក្សប្រឆាំង លើក ឡើងថា រាជរដ្ឋាភិបាល​កម្ពុជា គួរ​ពិនិត្យ​រាល់​សំណើ​របស់​អន្តរជាតិ​ដែល​ស្នើ​ឲ្យ​មានការ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ ដើម្បី​រក្សា​មុខមាត់ និង​ផលប្រយោជន៍​របស់​កម្ពុ​ជា​។​

​ក៏ប៉ុន្តែ​យ៉ាងណាក៏ដោយ សេចក្តីស្នើច្បាប់ ដែល​សភា​អាមេរិក ទើបតែ​អនុម័ត​នេះ គ្រាន់តែ​ជាការ​ក្តាប់​ព័ត៌មាន​ពិត ពី​កម្ពុជា​មិនបាន និង​ធ្វើឡើង​ដោយ​អារម្មណ៍​លម្អៀង​ខាង​នយោបាយ ប៉ុណ្ណោះ​។ ម្យ៉ាងទៀត ការដាក់ទណ្ឌកម្ម​ណាមួយ ពី​អាមេរិក មកលើ​មន្ត្រីជាន់ខ្ពស់​របស់​កម្ពុ​ជា គឺ​មិន​ធ្វើ​ឲ្យ​មាន​ផលប៉ះពាល់​ដល់​កម្ពុជា​នោះទេ​។ កន្លងមក អាមេរិក បានសម្រេច​រួចហើយ ក្នុងការ​ដាក់ទណ្ឌកម្ម លើ​មន្ត្រីជាន់ខ្ពស់​កម្ពុជា ដូចជា នាយ​ឧ​ត្ត​ម​ឧ​ត្ត​ម​សេនីយ៍​មួយចំនួន ថ្នាក់ដឹកនាំ​ក្រសួងការបរទេស ព្រមទាំង​អគ្គ ស្នង ការ​នគរបាល​ជាតិ ជាដើម មិន​ឲ្យ​ធ្វើដំណើរ​ទៅកាន់​សហរដ្ឋអាមេរិក​។ ប៉ុន្តែ​នៅពេល​មាន​កិច្ចប្រជុំ មន្ត្រី​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​កម្ពុជា​ទាំងនោះ នៅតែ​អាច​ចេញចូល​ជាន់ដី​អាមេរិក បាន​ដដែល​។​

​សរុបមក សេចក្តីព្រាងច្បាប់​ថ្មី ដែល​សភា​អាមេរិក ទើបតែ​អនុម័ត​នេះ គ្រាន់តែសហរដ្ឋ អាមេរិក ចង់​ឲ្យ​ប្រទេស​កម្ពុជា ដើរ​តាម​បង្គាប់​របស់ខ្លួន ដូច​អ្វីដែល​អាមេរិក បានបង្គាប់ បញ្ជា​លើ​អតីត​គណបក្សប្រឆាំង គឺ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​តុលាការ បាន​រំលាយ កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ តែប៉ុណ្ណោះ​៕ ដោយ​៖ ម៉េង​ឆៃ​