ក្រសួងសាធារណការនិងដឹកជញ្ជូនបានសម្រេចបញ្ចុះតម្លៃរហូតដល់ទៅ ៥០ភាគរយសម្រាប់អ្នក ដែលទៅចុះឈ្មោះរៀនបើកបររថយន្តធុនធ្ងន់ ជាមួយមជ្ឈមណ្ឌលបណ្តុះបណ្តាលបើកបរ រថយន្តធុនធ្ងន់ ក្រោមការគ្រប់គ្រងរបស់ក្រសួងសាធាណការ និងដឹកជញ្ជូន។តម្លៃសម្រាប់ការរៀន បើកបររថយន្តធុនធ្ងន់ ឬប្រភេទឡានដឹកដី និងឡានកុងតឺន័រនេះ នៅសល់ត្រឹមតែ ១៧៥ ដុល្លារប៉ុណ្ណោះ។
ការសម្រេចបញ្ចុះតម្លៃនៃការរៀនបើកបររថយន្តធុនធ្ងន់នេះ ត្រូវបានក្រសួងសាធារណការ ប្រកាសថា ដើម្បីលើកទឹកចិត្តអ្នកមានបំណងចាប់អាជីពជាអ្នកបើកបររថយន្តធុនធ្ងន់មកទៅរៀន បើកបរឲ្យបានត្រឹមត្រូវ មុននឹងពួកគេ ទៅចាប់កាន់ចង្កូតឡានធំៗនេះ។ មួយវិញទៀតការរៀន បើកបររថយន្តធុនធ្ងន់ ក៏នឹងផ្តល់ការងារស្របច្បាប់ត្រឹមត្រូវទទួលបានចំណេះដឹងច្បាស់លាស់ ដែលជាចំណែកចូលរួមកាត់បន្ថយគ្រោះថា្នក់ចរាចរណ៍ និងបញ្ហាការកកស្ទះចរាចរផងដែរ។
សព្វថ្ងៃនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន មិនមានអនុញ្ញាតឲ្យសាលាឯកជនដែលបង្រៀន ផ្នែកបើកបររថយន្ត បើកបង្រៀនការបើកបររថយន្តធុនធ្ងន់នេះឡើយ។
មជ្ឈមណ្ឌលបណ្ដុះបណ្ដាលបើកបររថយន្តធុនធ្ងន់ក្រោមការគ្រប់គ្រងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្ពោធដាក់ដំណើរការជាផ្លូវការ កាលពីថ្ងៃពុធ ទី៣១ ខែតុលា ឆ្នាំ២០១៨។ មជ្ឈមណ្ឌលនេះ មានទីតាំងក្នុងអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ស្ថិតនៅលើផ្លូវលេខ៥៩៨ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
កន្លងមក មហាជនតែងតែលើកឡើងពីអ្នកបើកបររថយន្តធុនធ្ងន់ ពិសេសឡានដឹកដី និងឡាន កុងតឺន័រមួយចំនួន បើកលឿន ហើយពេលខ្លះ ក៏បង្កគ្រោះថ្នាក់ចរាចរដ៏រន្ធត់ពិសេសនៅផ្លូវជាតិ លេខ៤។ អ្នកបើកបររថយន្តធុនធ្ងន់មួយចំនួននោះទៀតសោត ក៏ត្រូវបានប៉ូលិសចរាចរណ៍ ត្រួតពិនិត្យ ហើយរកឃើញថា មានផ្ទុកសារធាតុញៀន និងចេះបើកបរតតាមគ្នាដោយមាន បញ្ហាអ្វីបុកប៉ះគេ គឺអ្នកបើកបរប្រភេទរថយន្តធុនធ្ងន់ ដែលបង្កបញ្ហានោះ ធ្វើយ៉ាងណារត់ឲ្យ តែរួចខ្លួនដោយមិនទទួលខុសត្រូវ និងមិនគិតពីអាយុជីវិត ទ្រព្យសម្បត្តិរបស់អ្នកដទៃឡើយ។
ដូច្នេះនៅពេលនេះ ច្បាប់ចរាចរណ៍យើងមានហើយដែលច្បាប់បានកំណត់ឲ្យគ្រប់អ្នកបើកបរ រថយន្តទាំងអស់ ត្រូវមានប័ណ្ណបើកបរត្រឹមត្រូវ ហើយឆ្លងកាត់ការរៀនត្រឹមត្រូវ និងប្រឡងយក ប័ណ្ណបើកបរត្រឹមត្រូវតាមច្បាប់។ ជាងនេះទៀត តម្លៃរៀនបើកបររថយន្តធុនធ្ងន់ ដែលពីមុន មានតម្លៃ ៣៥០ដុល្លារ ក្នុងម្នាក់ ពេលនេះទៀត គឺបានចុះថ្លៃ មកត្រឹមតែ ១៧៥ ដុល្លារប៉ុណ្ណោះ។
ដើម្បីឲ្យអ្នកបើកបររថយន្តធុនធ្ងន់ ឆ្លងកាត់សាលារៀនបើកបរ និងមានប័ណ្ណបើកបរត្រឹមត្រូវ តាមច្បាប់ គឺត្រូវចូលរួមទាំងអស់គ្នា។ ពោលគឺចូលរួមទាំងអ្នកអនុវត្តច្បាប់ដែលជាប៉ូលិស ចរាចរណ៍ ត្រួតពិនិត្យអ្នកបើកបរ ចូលទាំងអ្នកបង្រៀន ត្រូវឲ្យប្រាកដថា អ្នកបើកបរនោះ មករៀន ចេះចាំ ហើយប្រឡងជាប់ តាមក្បួនខ្នាតត្រឹមត្រូវ មិនមែនស៊ីលុយអ្នកបើកបរ ហើយចង់មករៀន ឬក៏មិនមករៀន ឲ្យតែបង់លុយ គឺចេញប័ណ្ណបើកបរឲ្យ ដូចករណី ដែលធ្លាប់តែកើតមានក្នុងពេលកន្លងមក។
រីឯអ្នកបើកបរផ្ទាល់ ត្រូវមានស្មារតីភ្ញាក់រលឹកជាពិសេសតែម្តង ព្រោះថា បើសិនជាពេលនេះ អ្នកចេះបើកបររថយន្តមែន តែដោយសារតែចេះតាមគ្នារួមទាំងការអនុវត្តបើកបររាល់ថ្ងៃ ក៏ពិតមែន តែអ្នកបើកបរនោះ ត្រូវតែចូលសាលារៀនបណ្តុះបណ្តាល ឲ្យបានត្រឹមត្រូវ ដើម្បីយល់ដឹងឲ្យកាន់តែច្បាស់ពីទ្រឹស្តី ក៏ដូចជាការទទួលស្គាល់ពីស្ថាប័នសមត្ថកិច្ចយល់ដឹង បន្ថែមពីស្លាកសញ្ញាចរាចរណ៍ និងច្បាប់ចរាចរណ៍ព្រមទាំងទទួលបានប័ណ្ណបើក បរត្រឹមត្រូវ។ បើសិនជាកើតហេតុ គ្រោះថ្នាក់ចរាចរ ជាយថាហេតុអ្វីមួយនោះមិនត្រឹមតែគ្រោះថ្នាក់តែអ្នកបើក បរខ្លួនឯងនោះទេ គឺអាចនឹងបង្កបញ្ហាគ្រោះថ្នាក់ដល់អ្នកដទៃដែលរួមដំណើរ ជាមួយអ្នក ឬក៏អ្នកធ្វើដំណើរតាមផ្លូវជាច្រើននាក់ផ្សេងទៀត។ ម្យ៉ាងទៀត អ្នកបើកបរមួយចំនួន ដែលបង្កបញ្ហាគ្រោះថ្នាក់ចរាចរហើយ អាងរត់ គេចពីការទទួលខុសត្រូវ ចុះបើប៉ះថ្ងៃស៊យ អ្នករត់មិនរួច ត្រូវគេចាប់បាន នៅពេលបង្កបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ហើយត្រូវគេកាត់ទោស ដោយវាយមួយដៃ មួយជើង គឺអ្នកបើកបរបង្កបញ្ហានោះ នឹងគ្រោះថ្នាក់ ហើយអាចរបួសពិការ និងអាចដល់ស្លាប់ ក៏មាន ក្នុងពេលកន្លងមក។
ចំណែកក្រុមហ៊ុនដឹកជញ្ជូនវិញ គឺសំខាន់ជាងគេ។ បើសិនជាអ្នកបើកបររថយន្តមិនមានប័ណ្ណ បើកបរត្រឹមត្រូវតាមច្បាប់ទេ នោះក្រុមហ៊ុនដឹកជញ្ជូន មិនគួរទទួលអ្នកបើកបរនោះឲ្យបើកឡាន របស់ក្រុមហ៊ុន ដឹកដី ដឹកទំនិញនោះឡើយ។ ព្រោះថា បើសិនជាកើតមានបញ្ហាគ្រោះថ្នាក់ ចរាចរណ៍ កើតឡើង ដោយសារតែអ្នកបើកបរនោះ គ្រាន់តែចេះជាន់ហ្គែរ ជាន់ហ្វ្រាំង និងកាច់ចង្កូត ពោលគឺចេះបើកបរតាមតែគ្នា ដោយមិនបានឆ្លងកាត់សាលាបណ្តុះបណ្តាលត្រឹមត្រូវ ហើយក៏គ្មានប័ណ្ណបើកបរថែមទៀត គឺនៅពេលមានគ្រោះថ្នាក់កើតឡើង ឬក៏បើកបរល្មើសច្បាប់ នោះនឹងបណ្តាលឲ្យខូចឈ្មោះរបស់ក្រុមហ៊ុន ខូចខាតឡាន ខាតបង់ប្រាក់របស់ក្រុមហ៊ុន ដែលក្រុមហ៊ុនត្រូវចេញសងសំណង ដោយសារតែអ្នកបើកបរបង្កគ្រោះថ្នាក់ហើយជាពិសេស គឺខាតពេលវេលានៃការដឹកជញ្ជូនទំនិញ ទៅកាន់គោលដៅដែលអាចប៉ះពាល់ដល់មុខជំនួញ របស់ខ្លួនថែមទៀតផង។
ជារួម មានតែការចូលរួមទាំងអស់គ្នា ទាំងប៉ូលិសអាជ្ញាធរអ្នកអនុវត្តច្បាប់ទាំងសាលាបង្រៀន បើកបរ ទាំងអ្នកចេញប័ណ្ណបើកបរ ទាំងអ្នកបើកបរខ្លួនឯងផ្ទាល់ រួមទាំងក្រុមហ៊ុនដឹកជញ្ជូន ដែលប្រើប្រាស់រថយន្ត ពិសេសរថយន្តធុនធ្ងន់នេះឯង ដើម្បីធ្វើយ៉ាងណា ឲ្យអ្នកបើកបរ ឆ្លងកាត់ការបណ្តុះបណ្តាល និងមានប័ណ្ណបើកបរត្រឹមត្រូវ ដោយត្រូវចេះស្ទាត់ទាំងទ្រឹស្តី និងទាំងដៃចង្កូត ហើយគោរពច្បាប់។ យើងត្រូវរួមគ្នា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ព្រោះថា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅប្រទេសកម្ពុជាយើងបានសម្លាប់មនុស្សមិនលោះ ថ្ងៃឡើយ ពោលគឺជាមធ្យមយ៉ាងហោចណាស់ មានអ្នកស្លាប់ ៥នាក់ និងរបួស ១៥នាក់ ក្នុង ១ថ្ងៃៗ ហើយនៅពេលបុណ្យឈប់សម្រាកធំៗ គឺអត្រាគ្រោះថ្នាក់ចរាចរ កាន់តែកើនឡើង ហើយអ្នករងគ្រោះ ស្លាប់ និងរបួស ក៏មានអត្រាខ្ពស់ផងដែរ៕ ដោយ: ម៉េងឆៃ