ច្បាស់​ជា​កក្រើក​សម្រាប់​ការប្រកួត Champions League ពាក់កណ្តាល​សប្តាហ៍​នេះ ខណៈ​ក្រុម Man City ប៉ះ Napoli ហើយ Bayern ដឹកនាំ​ដោយ​គ្រូបង្វឹក​ចាស់​

3547

* Man City និង Napoli

​ច្បាស់​ជា​កក្រើក​បំផុត នៅពេល​ក្រុម​ពូកែ​ស៊ុត​ដូចគ្នា Manchester City និង Napoli ជួបគ្នា​នៅក្នុង​ពូ​ល F នៅ​ថ្ងៃ​អង្គារ ទី​១៧ តុលា​។

​ក្រុម​ឈរ​កំពូល​តារាង​ក្របខណ្ឌ Premier League និង Serie A ទាំងពីរ​នេះ​សុទ្ធតែជា​គ្របដណ្តប់​បាល់ទាត់​នៅក្នុង​ស្រុក​ដូចគ្នា ដោយ​ស៊ុត​បញ្ចូល​ទី​ច្រើនៗ​គ្រាប់​យ៉ាង​ងាយស្រួល​។ គ្រា​តែមួយគត់​ដែល Man City ខកខាន​ទទួល​ជ័យជម្នះ​គឺ​នៅពេល​ជួប​ជាមួយ Everton កាលពី​ខែសីហា​។​

កីឡាករ Napoli អបអរ​ជ័យជម្នះ ១-០ លើ Roma
Gabriel Jesus របស់ Man City

​ប៉ុន្តែ​នៅ​អឺរ៉ុប​វិញ គឺមាន​តែ City ទេ​អាច​រក្សា​កំណត់ត្រា​ល្អឥតខ្ចោះ ដោយបាន​ផ្តួល Feyernood និង Shakhtar Donetsk ខណៈពេលដែល Napoli បាន​ចាញ់ ២-១ នៅពេល​ធ្វើដំណើរ​ទៅ​អ៊ុយ​ក្រែ​ន​។​

​ហើយ​ដូច្នេះ​ក្លិប​អ៊ីតាលី​កំពុងស្ថិត​ក្រោម​សម្ពាធ​ដើម្បី​ទទួលបាន​លទ្ធផល​នៅពេល​ខ្លួន​ធ្វើដំណើរ​នៅ​ទឹកដី Manchester ដើម្បី​ប្រកួត​នៅឯ​កីឡដ្ឋាន Etihad ។​

City បាន​យកឈ្នះ Stoke ៧-២ នៅក្នុង​ក្របខណ្ឌ Premier League នៅ​ចុង​សប្តាហ៍ ហើយ​ជ័យជម្នះ​នោះ​គឺ​ទទួលបាន​ដោយ​គ្មាន​ខ្សែប្រយុទ្ធ Sergio Aguero ដែល​ទំនង​ជិត​ត្រឡប់​ពីរ​បួស​ឆ្អឹងជំនីរ​វិញ​ហើយ បន្ទាប់ពី​ជួបប្រទះ​គ្រោះថ្នាក់​រថយន្ត​នៅក្នុង​ទីក្រុង​អាំ​ស្ទើ​ដាំ​កាលពី​ខែ​មុន​។​

​ទោះបីជា​យ៉ាងណាក៏ដោយ ខ្សែការពារ​ដែល​ជួនកាល​រង្គោះរង្គើ​របស់​ក្រុម Man City នឹងត្រូវ​បានធ្វើ​តេស្ត ស្របពេល Napoli ស៊ុត​បញ្ចូល​ទី​យ៉ាងហោចណាស់ ៣ គ្រាប់​នៅក្នុង​ការប្រកួត​ចំនួន ៧ លើក​ជាប់​គ្នា​នៃ​ក្របខណ្ឌ Serie A មុនពេល​ទទួល​ជ័យជម្នះ​ត្រឹម ១-០ យ៉ាង​ស្វិតស្វាញ​ក្នុងការ​ប្រកួត​ជាមួយ​ក្រុម Roma កាលពី​ថ្ងៃ​សៅរ៍​។ Napoli បានទទួល​ជ័យជម្នះ​ចំនួន ១១ លើក​ក្នុងចំណោម ១២ ប្រកួត​ក្នុង​រដូវ​កាល​នេះ​។​

* Juventus ដែល​កំពុង​ទន់ខ្សោយ​

​ដោយបាន​ឈានដល់​វគ្គ​ផ្តាច់ព្រ័ត្រ​២​ដង​ក្នុង​រយៈពេល​៣​រដូវ​កាល​ចុងក្រោយ​នេះ ក្រុម Juventus ទំនងជា​បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង​នៅ​ឆ្នាំនេះ​។​

​ក្រុម​សេះបង្កង់​បាន​របូត​ពិន្ទុ​នៅក្នុង​ការប្រកួត ២ លើក​ជាប់​គ្នា​ក្នុង​ក្របខណ្ឌ Serie A និង​បានធ្វើ​ឱ្យមាន​កំហុស​ជា​បន្តបន្ទាប់​ក្នុងការ​ប្រកួត​ចាញ់​នៅក្នុង​ផ្ទះ ២-១ ទៅ​ក្រុម Lazio កាលពី​ថ្ងៃ​សៅរ៍​។​

​ការផ្ទេរ​ដោយ​មិន​រំពឹងទុក​របស់​ខ្សែការពារ​កណ្តាល Leonardo Bonucci ទៅ​ក្រុម AC Milan កាលពី​ខែកក្កដា​បាន​សបញ្ជាក់​ពី​ការថយចុះ​នៃ​ខ្សែការពារ​វ័យ​ចំណាស់ Andrea Barzagli និង​កីឡាករ Giorgio Chiellini ។​

Barzagli និង Chiellini បាន​បង្កកំហុស​ក្នុងការ​ស៊ុត​បញ្ចូល​ទី​ទាំង​២​គ្រាប់​របស់​កីឡាករ Ciro Immobile សម្រាប់​ក្រុម Lazio ។​

Juventus ក៏​នឹកនា​ដល់​ឥទ្ធិពល​របស់​ខ្សែការពារ Dani Alves ដែលជា​កីឡាករ​ដ៏​សំខាន់​ម្នាក់​កាលពី​រដូវ​កាល​មុន​និង​មាន​ប្រជាប្រិយភាព​យ៉ាងខ្លាំង​ក្នុងចំណោម​មិត្ត​រួម​ក្រុម​ផងដែរ​។ គាត់​បាន​ចូលរួម​ជាមួយ​ក្លិប Paris Saint-Germain ជាទី​ដែល​ការបញ្ជូន​បាល់​ដ៏​ល្អ​របស់គាត់​និង​ការ​រុលទៅមុខ​យ៉ាង​លឿន​នៅ​ស្លាប​ខាងស្តាំ​បានបង្ហាញ​ឱ្យឃើញ​រួចជាស្រេច​ទៅហើយ​អំពី​ឥទ្ធិពល​របស់គាត់​នៅ​ទីនោះ​។​

​កីឡាករ Mattia De Sciglio ដែល​បាន​ចុះហត្ថលេខា​ពី​ក្លិប AC Milan បាន​ខិតខំ​ព្យាយាម​ដើម្បី​បំពេញ​នូវ​ចន្លោះប្រហោង​ដែល​ទុកចោល​ដោយ Alves ។​

​ទោះយ៉ាងណា ក្រុម Juventus រំពឹង​យកឈ្នះ​លើ Sporting Lisbon ក្នុង​ពូ​ល D នៅ​ថ្ងៃ​ពុធ ទី​១៨ តុលា​នេះ​។​

​ក្លិប Barcelona ដែល​នឹង​ទទួលភ្ញៀវ​ក្រិ​ក Olympiakos បាន​នាំមុខ​ក្នុង​ពូ​ល​ជាមួយ​ពិន្ទុ​ចំនួន ៦ ខណៈ Juventus និង Sporting មាន ៣ ពិន្ទុ​ហើយ Olympiakos មាន​ត្រឹម ០ ពិន្ទុ​។​

* Atletico Madrid កំពុង​រង​សម្ពាធ​

​ក្រុម Atletico Madrid បាន​បង្ក​ព្យុះភ្លៀង​ខ្លាំង​នៅក្នុង​ក្របខណ្ឌ Champions League ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ប៉ុន្តែ​ប្រហែល​មិនអាច​ឆ្លង​ផុត​វគ្គ​ជម្រុះ​ក្នុង​ពូ​ល​បានទេ បើ​មិន​ទទួល​ជ័យជម្នះ​លើ​ក្រុម Qarabag ក្នុង​ពូ​ល C នៅ​ថ្ងៃ​ពុធ​នេះ​។​

​បើ​ហ៊ាន​តែ​បរាជ័យ​នៅ​ទឹកដី​របស់​ក្រុម Qarabag នោះ​នឹង​ធ្វើឱ្យ​ក្រុម​របស់លោក Diego Simeone ប្រឈម​ការ​ជ្រុះ​ចេញពី​ក្នុង​ពូ​ល បន្ទាប់ពី​ឡើងដល់​វគ្គ ១/៤ ផ្តាច់ព្រ័ត្រ ៤ រដូវ​កាល​ជាប់​គ្នា​មកនេះ​។ Atletico បាន​ប្រកួត​ចាញ់​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ជាមួយ​ក្រុម Real Madrid ក្នុង​ឆ្នាំ ២០១៤ និង ២០១៦ ។​

​ក្រុម Atletico មានតែ ១ ពិន្ទុ​ប៉ុណ្ណោះ ដោយ​តាម​ពីក្រោយ AS Roma ៣ ពិន្ទុ និង Chelsea ៥ ពិន្ទុ​។ Qarabag មិនសូវ​ជា​បង្ក​ការគំរាមកំហែង​ទេ ព្រោះ​បាន​ប្រកួត​ចាញ់​ពីរលើក​រួចមកហើយ​ទាំង​ក្នុង​និង​ក្រៅ​ទឹកដី​។​

​ម្ចាស់​ការពារ​តំណែង​ជើងឯក​ពីរ​សម័យកាល Real Madrid អាច​នាំមុខ​ក្នុង​ពូ​ល H ពេលដែល​ពួកគេ​ប្រកួត​ជាមួយ​ក្រុម​ម្ចាស់ផ្ទះ Tottenham នៅ​ថ្ងៃ​អង្គារ​នេះ​។ ក្រុម Real Madrid និង Tottenham មាន ៦ ពិន្ទុ​ស្មើគ្នា​។​

Sevilla អាច​រក្សា​ការនាំ​មុខ​លើ​ពូ​ល E របស់ខ្លួន​នៅពេល​ជួប Spartak Moscow នៅ​ថ្ងៃ​អង្គារ​។ Sevilla មាន ៤ ពិន្ទុ​លើស Spartak និង Liverpool ។​

* លោក Jupp Heynckes វិល​ត្រឡប់មក​ដឹកនាំ Bayern Munich

​នៅពេលដែល​លោក Jupp Heynckes នៅ​ជា​អ្នកចាត់ការ​ចុងក្រោយ​បំផុត​របស់​ក្លិប Bayern Munich គាត់​បាន​ដឹកនាំ​ក្លិប​ឱ្យ​ឈ្នះ​ពាន​ចំនួន ៣ ក្នុង​រដូវ​កាល​តែមួយ គឺ Champions League, Bundesliga និង German Cup ក្នុង​ឆ្នាំ ២០១៣ ។​

​ឥឡូវ គ្រូបង្វឹក​អាល្លឺម៉ង់​វ័យ ៧២ ឆ្នាំ​រូបនេះ​បាន​វិល​ត្រឡប់មកវិញ​បន្ទាប់ពី​ចូលនិវត្តន៍ ដើម្បី​ជំនួស​តំណែង​លោក Carlo Ancelotti ដែល​ត្រូវបាន​បណ្តេញចេញ​បន្ទាប់ពី​បរាជ័យ ៣-០ របស់​ក្លិប Bayern នៅឯ​ទឹកដី​របស់ Paris Saint-Germain ។​

លោក Jupp Heynckes វិល​ត្រឡប់មក​ដឹកនាំ Bayern Munich វិញ

​លោក Heynckes ដែល​បាន​ដឹកនាំ​ឈ្នះ ៥-០ លើ​ក្រុម Freiburg ក្នុង​ទឹកដី​ខ្លួនឯង ក្នុងការ​ប្រកួត​លើក​ទី ១ របស់ខ្លួន​កាលពី​ថ្ងៃ​សៅរ៍​នោះ សង្ឃឹមថានឹង​ឈ្នះ​យ៉ាង​ងាយ​ម្តងទៀត​ក្នុងការ​ប្រកួត​ជាមួយ Celtic នៅក្នុង​ពូ​ល B នៅ​ថ្ងៃ​ពុធ​នេះ ដើម្បី​បំបាត់ចោល​រាល់​ភាពមិនប្រាកដប្រជា បន្ទាប់ពី​ការចាប់ផ្តើម​មិនសូវ​បានល្អ​របស់​ក្រុម​នេះ​។​

​បន្ទាប់ពី​ចាប់ផ្តើម​ជាមួយនឹង​បរាជ័យ​ក្រោម​ថ្វីដៃ Tottenham និង Real Madrid មក ក្រុម Dortmund ត្រូវការ​ជ័យជម្នះ​នៅ​ទឹកដី​របស់ APOEL Nicosia នៅ​ថ្ងៃ​អង្គារ​នេះ ដើម្បី​ចាប់ផ្តើម​យុទ្ធនាការ​របស់​ពួកគេ​ក្នុង​ពូ​ល H ។​

​ជម្រើស ១១ នាក់​ដំបូង​របស់លោក Peter Bosz បាន​បាត់បង់​កំណត់ត្រា​មិន​ស្គាល់​ចាញ់ ៤១ លើក​របស់ខ្លួន​នៅក្នុង​ផ្ទះ​ក្នុង​ក្របខណ្ឌ Bundesliga កាលពី​ថ្ងៃ​សៅរ៍ នៅពេលដែល Leipzig បាន​យកឈ្នះ ៣-២ ។​

Leipzig បច្ចុប្បន្ន​មានបំណង​យកឈ្នះ​ជា​លើកដំបូង​នៅក្នុង​ការប្រកួតប្រជែង​នៅ​អឺរ៉ុប នៅពេល​ខ្លួន​ធ្វើ​ម្ចាស់ផ្ទះ​ទទួល Porto នៅ​ថ្ងៃ​អង្គារ​ក្នុង​ពូ​ល G​។​

* ការគំរាមកំហែង​ថ្មី​

​កម្លាំង​ប្រយុទ្ធ​ជា​មុខ​ដូចជា Neymar, Kylian Mbappe និង Edinson Cavani របស់​ក្រុម Paris Saint-Germain គឺជា​ការធ្វើ​តេស្ត​ដ៏​ធំធេង​សម្រាប់​ខ្សែការពារ Anderlecht នៅ​ថ្ងៃ​ពុធ​នេះ​។​

​ប៉ុន្តែ PSG រំពឹង​ស្ទើរ ១០០ ភាគរយ​ក្នុងការ​កត់ត្រា​ជ័យជម្នះ​ជា​លើក​ទី ៣ ជាប់ៗ​គ្នា​ក្នុង​ពូ​ល B ហើយ Anderlecht ក៏មាន​ការគំរាមកំហែង​មួយទៀត​ត្រូវ​ព្រួយបារម្ភ​ដែរ គឺ​ខ្សែការពារ Thomas Meunier របស់ PSG ។​

​ខ្សែការពារ​ស្តាំ​សញ្ជាតិ​បែលហ្ស៊ិក​រូបនេះ​ស៊ុត​បាន ៧ គ្រាប់ និង​បោះ​បាល់​ឱ្យគេ​ស៊ុត ៧ គ្រាប់​ក្នុង ១០ ប្រកួត​ចុងក្រោយ​សម្រាប់​ក្លិប​និង​ប្រទេស ក្នុងនោះ​ក៏​រាប់​រួមបញ្ចូល​២​គ្រាប់​តែម្នាក់ឯង​ក្នុង​ជ័យជម្នះ ២-១ កាលពី​ថ្ងៃ​សៅរ៍​នៅ​ទឹកដី Dijon ផងដែរ​៕