ច្រកទ្វារព្រំដែនចាំយាម នៅតែមានអ្នកទេសចរ និងរថយន្តដឹកទំនិញចេញចូលធម្មតាទេ

114
ចែករម្លែក

ដោយ:សុផានីតា/កោះកុង ៖ លំហូរភ្ញៀវទេសចរ និងរថយន្តដឹកជញ្ចូនទំនិញពាណិជ្ជកម្មទៅមកនៅតំបន់ច្រកទ្វារព្រំដែនចាំយាម កំពុងតែដំណើរការជាធម្មតា ពុំមានគោល ការណ៍ពីបិទផ្អាកអ្វីទេ។ អ្វីដែលសំខាន់នោះ ភាគីកម្ពុជា និងថៃ បានពង្រឹងតាមដានសុខភាពសាធារណៈជន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ។

សម្រាប់ច្រកទ្វារព្រំដែនអន្តរជាតិចាំយាម បច្ចុប្បបន្ន នៅតែដំណើរបើកទទួលភ្ញៀវទេសចរ និងទំនិញជាធម្មតាទេ ពុំមានការបិទដូចបណ្តាច្រកទ្វារព្រំដែនដ៏ទៃទៀតនោះឡើយ។ នេះបើតាមការលើកឡើងរបស់លោក សុវណ្ណ ប៊ុនធឿន ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ខេត្តកោះកុង ប្រាប់រស្មីកម្ពុជានៅថ្ងៃព្រឹកទី២០ ខែមីនា ឆ្នាំ២០២០។

លោក សុវណ្ណ ប៊ុនធឿន អះអាងទៀតថា មន្រ្តីជំនាញនៅមាត់ច្រកទ្វារព្រំដែនចាំយាមរបស់លោក មានការប្រុងប្រយ័ត្នចំពោះការត្រួតពិនិត្យបញ្ហាសុខភាពជូនប្រជាពលរដ្ឋ និងអ្នកទេសចរដែលធ្វើដំណើរចេញចូលកម្ពុជា និងទៅកាន់ខេត្តត្រាត ប្រទេសថៃ។ ការរឹតបន្តឹងកិច្ចការពិនិត្យសុខភាពនេះដែរ ធ្វើឡើងដើម្បីរួមគ្នាទប់ស្កាត់ និងបង្រ្កាបការរីករាលដាលជំងឺកូវីដ-១៩ក្នុងតំបន់។

គិតមកទល់ម៉ោងនេះ លោក ប៊ុនធឿន មិនទាន់ទទួលបានការជូនដំណឹង ឬគោលការណ៍ណែនាំអ្វីមួយឱ្យបិទផ្អាកច្រកទ្វារព្រំដែនពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ក្រសួង និងរដ្ឋបាលខេត្តនៅឡើយ។

បើក្រលេកទៅមើលខេត្តឧត្តរមានជ័យវិញ ខេត្តបុរីរំា កាលពីថ្ងៃទី១៩ ខែមីនា ២០២០ បានបិទជាបណ្តោះអាសន្នច្រកព្រំដែនតំបន់សាយតាគូរ ស្រុកបានក្រួត ក្បែរច្រកជប់គគីរ ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ ហើយការបិទព្រំដែនខេត្តបុរីរាំរបស់ថ្ងៃ ក្រោមហេតុផលថា ការពារនៃការឆ្លងរាតត្បាតជំងឺកូវីដ១៩។

ពាក់ព័ន្ធនឹងជំងឺកូវីដ លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានឱ្យដឹងដែរថា គិតមកទល់ពេលនេះ អាការៈសុខភាពរបស់បុរសខ្មែរឥស្លាមដែលមានទីលំនៅនៅខេត្តកំពត និងកំពុងសម្រាកព្យាបាលនៅបន្ទប់ដាច់ដោយឡែកក្នុងមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានធូរសស្រាលច្រើនហើយ ពុំបាតុភាពអ្វីអាក្រក់នោះទេ។

បើតាមលោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ថ្ងៃនេះជាថ្ងៃទី២ហើយ ដែលនឹងត្រូវយកសំណាករបស់លោក ម៉ាត់ មីត ទៅវិភាគនៅឯវិទ្យាស្ថានប៉ាស្ទ័រសារជាថ្មីម្តងទៀត ដើម្បីឱ្យប្រាកដប្រជាពីសុខភាពរបស់អ្នកជំងឺ។

មន្រ្តីជំនាញសុខាភិបាលខេត្តកោះកុង បានឃាត់ខ្លួនបុរសខ្មែរឥស្លាមចំនួន៣នាក់ ក្នុងនោះមានលោក ម៉ាត់ មីត ដែលជាអ្នកផ្សព្វផ្សាសាសនានៅភូមិ២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ រួចបញ្ចូនសំណាកទៅវិភាកនៅវិទ្យាស្ថានប៉ាស្ទ័រកាលពីថ្ងៃទី១៦ ខែមីនា លុះថ្ងៃទី១៧ មីនា ក្រសួងសុខាភិបាលប្រកាសព័ត៌មានថា លោក ម៉ាត់ មីតា ពិតជាឆ្លងជំងឺកូវីដ-១៩ប្រាកដមែន។ ២នាក់ទៀតនោះ មិនមានការផ្ទុកជំងឺនេះឡើយ៕/B