ច្រក​គ្រាប់​ពេញ​អស់ហើយ​! តើ​អាម៉េរិក​នឹង​វាយប្រហារ​លើ​អ៊ីរ៉ង់​ទេ​ក្រោយ​ដ្រូនវាយប្រហារ​រោងច​ក្រប្រេ​ង​អារា៉ប៊ីសាអូឌីត​?

5992
ចែករម្លែក

​នៅ​ម៉ោង​៣​ជិត​ភ្លឺ​កាលពី​ថ្ងៃ​សៅរ៍ អ្នកស្រុក​នៃ​ទីប្រជុំជន​ប្រេង​អាប់​ក្វេក​(Abqaiq)​របស់​អា​រ៉ាប៊ីសាអូឌីត បាន​ភ្ញាក់​ក្រញាង​ឡើង​ដោយសារ​សម្លេង​អ្វីមួយ​ខុស​ពី​ការដាក់​អោយ​​ឡើង​សូត្រធម៌​។​

​ការផ្ទុះ​ខ្លាំង​ជា​បន្តបន្ទាប់​នៅ​រោងចក្រ​ចម្រាញ់​ប្រេង​ដ៏​ធំ បាន​បញ្ជូន​អណ្តាតភ្លើង​បួនដប់​ម៉ែត្រ​ចូល​ក្នុង​អាកាស រីឯ​ការ​បាញ់កាំភ្លើង​តម្រង់​ទៅ​រក​អ្វី​ដែល​ទំនង​ជា​យន្តហោះ​គ្មាន​​មនុស្ស​បើក​(​ដ្រូ​ន​)​នៅក្នុង​មេឃ​ក៏​លាន់ឮ​ឡើង​។​ពួក​អ្នកស្រុក​នៅ​អាប់​ក្វេ​កក៏​នាំ​កូន​ចៅចេញ​ពី​ផ្ទះ​ចូលទៅក្នុង​វាល​ខ្សាច់​នៅ​ជុំវិញ​នោះ​។​

​ព្រឹត្តិការណ៍​នៅក្នុង​ទីប្រជុំជន​ដែល​គេ​មិនសូវ​ស្គាល់​នេះ បានធ្វើអោយ​កក្រើក​រញ្ជួយ​ទីផ្សារ​ប្រេង​ពិភពលោក និង​ភាព​តានតឹង​រវាង​អ៊ីរ៉ង់ អា​រ៉ាប៊ីសាអូឌីត​និង​អាម៉េរិ​ក​។​

​អាប់​ក្វេក គឺ​ជា​មជ្ឈមណ្ឌល​កែច្នៃ​ប្រេង​ធំ​បំផុត​របស់​ព្រះរាជាណាចក្រ​នេះ ដោយ​ក្នុង​មួយ​ថ្ងៃ​ផលិត​កែច្នៃ​ប្រេង​ឆៅ​ទៅជា​ផលិតផល​ផ្សេងៗ​៥,៧​លាន​បារ៉ែល​។​ផលិតផល​ទាំងនេះ​​បន្ទាប់មក​ត្រូវ​បញ្ជូន​តាម​បំពង់​បង្ហូរ​ប្រេង​ទៅកាន់​បណ្តា​រោងចក្រ​ប្រេង​ឬ នាវា​ដឹក​ប្រេង​នៅ​ឆ្នេរ​របស់​អា​រ៉ាប៊ីសាអូឌីត​ដើម្បី​ដឹកទៅកាន់​លោកខាងលិច​។​

​ការវាយប្រហារ​បណ្តា​អោយ​មាន​អគ្គិភ័យ​ដ៏​ធំ​នេះ នាំ​អោយ​អា​រ៉ាប៊ីសាអូឌីត​បាត់បង់​ទិន្នផល​ប្រចាំថ្ងៃ​របស់​ខ្លួ​ន​ពាក់កណ្តាល​។​ដោយសារ​តែ​ព្រះរាជាណាចក្រ​នេះ​ទទួលខុសត្រូវ​ការ​ផ្គ​ត់​​ផ្គង់​ប្រេង​ប្រមាណ​១០​ភាគរយ​នៃ​តំរូវការ​ប្រេង​ពិភពលោក មានន័យថា​ពិភពលោក​ខ្វះ​ប្រេង​៥​ភាគរយ ជាហេតុ​នាំ​អោយ​ប៉ះពាល់​ថ្លៃ​ប្រេង​ភ្លាមៗ​។​នៅ​ដំណាក់កាល​មួយ​វា​បាន​ហក់​​ឡើង​ដល់​ទៅ​២០​ភាគរយ ពី​៦០​ទៅ​៧២​ដុល្លារ​ក្នុង​មួយ​បារ៉ែល មុន​ធ្លាក់​មក​នៅ​ជាង​១០​ភាគរយ​វិញ​។​

​ក្រោយ​វាយប្រហារ​ភ្លាម អា​រ៉ាប៊ីសាអូឌីត និង​អាម៉េរិក​ជឿ​ថា​វា​ជា​ស្នាដៃ​របស់​អ៊ីរ៉ង់ និង​មិន​ជឿថា ពួក​ឧទ្ទាម​ហូ​ទី​នៅយែ​ម៉ែន មាន​គ្រឿង​សព្វាវុធ​និង​ជំនាញ​វាយប្រហារ​ដូច្នេះ​ទេ​។​

​អាម៉េរិក​អះអាងថា រូបភាព​ផ្កាយរណប​នៃ​ការផ្ទុះ​ចំនួន​១៩​បង្ហាញដ្រូន​ត្រូវ​បាន​បង្ហោះ​ចេញ​ពីអ៊ី​រ៉ង់ ឬ​ពួក​សកម្មប្រយុទ្ធ​សៀ​នៅ​អ៊ីរ៉ាក់ ដែលជា​អតិថិជន​របស់​អ៊ីរ៉ង់​។​

​ការពិនិត្យ ដ្រូ​ន​ដែល​ធ្លាក់​និង​គ្រាប់​មិន​ទាន់​ផ្ទុះ​នឹង​បង្ហាញ​ថា​នរណា​ជា​ម្ចាស់​នៃ​សព្វាវុធ​វាយប្រហារ​នេះ​។​

​រដ្ឋមន្ត្រីការបរទេស​អាម៉េរិក​លោក​ម៉ៃ ផ​ម​ផេវ បាន​ចង្អុល​ទៅកាន់​អ៊ីរ៉ង់ និង​ទាមទារ​អោយ​ទទួលខុសត្រូវ​ចំពោះ​ការឈ្លានពាន​របស់ខ្លួន ខណៈ​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​​និយាយថា អាម៉េរិក​«​ច្រក​គ្រាប់​អស់ហើយ​» តែ​លោក​រង់ចាំ​ការណែនាំ​ពី​អា​រ៉ាប៊ីសាអូឌីត​ថា​ត្រូវ​ឆ្លើយតប​យ៉ាងណា​។​

​ទោះជា​យ៉ាងណា កង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់ បានប្រកាសថា ខ្លួន​ក៏​ត្រៀម​ខ្លួន​អស់​ហើយ​ដែរ សម្រាប់​សង្គ្រាម​ពេញទំហឹង​មួយ ហើយ​មេបញ្ជាការ​កងកម្លាំង​សម្រាំង​នេះ​បាន​ព្រមាន​ថា​​តំបន់​នេះ​ប្រៀប​បាន​ធុង​រំសេវ​មួយ ដោយ​ជម្លោះ​ទំនងជា​នឹង​ផ្ទុះ​ឡើង​ដោយសារតែ​ការយល់​ខុស​៕​ដោយ​៖​វាសនា​

ត្រាំ បាន​និយាយថា អាម៉េរិក​បាន​ត្រៀម​ខ្លួន​អស់​ហើយ​ដើម្បី​ឆ្លើយតប​នឹង​អ៊ីរ៉ង់ តែ​លោក​មិន​ចង់​ធ្វើ​សង្គ្រាម​ទេ​

ការផ្ទុះ​ជាប់ៗ​គ្នា​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ នាំអោយ​មាន​អគ្គិភ័យ​នៅ​រោងចក្រ​ចម្រាញ់​ប្រេង​នៅ​ប្រជុំជន​អាប់​ក្វេក​