ច្រក​សមុទ្រ​ហ័​រ​មូស ជា​ផ្លូវទឹក​ដ៏​សំខាន់ ដែល​កំពុង​រង​សម្ពាធ​នៃ​ភាព​តានតឹង​ក្នុង​តំបន់​

584
ចែករម្លែក

​ច្រក​សមុទ្រ​ហ័​រ​មូស (Hormuz) ដែល​ស្ថិតនៅក្នុង​តំបន់​ដែល​អ៊ីរ៉ង់​បាញ់​ទម្លាក់​ដ្រូ​ន​របស់​អាម៉េរិក គឺជា​ផ្លូវទឹក​ដ៏​សំខាន់​សម្រាប់​ការដឹកជញ្ជូន​ប្រេង​របស់​ពិភពលោក ដែល​ស្ថិតនៅ​ចំ​កណ្តាល​នៃ​ភាព​តានតឹង​ក្នុង​តំបន់​។​

​អ៊ីរ៉ង់​បាន​ព្រមាន​កាលពី​ថ្ងៃ​សុក្រ​ទី​២១​មិថុនា​ថា​ខ្លួន​នឹង​ការពារ​ទឹកដី​របស់ខ្លួន​ឱ្យបាន​ម៉ឺងម៉ាត់​ប្រឆាំងនឹង​ការ​សងសឹក​ណាមួយ​រប​ស់​អាមេរិក ខណៈដែល​ក្រុមហ៊ុន​អាកាសចរណ៍ KLM ក្រុមហ៊ុន Lufthansa ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី ក្រុមហ៊ុន Qantas និង​ក្រុមហ៊ុន​អាកាសចរណ៍​សិង្ហ​បុរី​បាន​និយាយថា ពួកគេ​បាន​ពន្យារពេល​ហោះហើរ​លើ​ច្រក​សមុទ្រ​ហ័​រ​មូស​។​

​ប្រវត្តិ​ខ្លះៗ ៖

  • ច្រក​ផ្លូវ​ទៅកាន់​ឈូង​សមុទ្រ​ពែ​ក្ស​

​ច្រក​សមុទ្រ​ហ័​រមូ​សត​ភ្ជាប់​ពី​ឈូង​សមុទ្រ​ពែ​ក្ស​ទៅ​ឈូង​សមុទ្រ​អូ​ម៉​ង់ និង​មាន​ទីតាំង​ស្ថិតនៅ​រវាង​អ៊ីរ៉ង់​និង​អូ​ម៉​ង់​។​

​ច្រក​សមុទ្រ​នេះ​ងាយ​រងគ្រោះ​ដោយសារតែ​ភាព​តូចចង្អៀត​របស់​វា គឺមាន​ប្រវែង​ប្រហែល ៥០ គីឡូម៉ែត្រ និង​ជម្រៅ​មិន​លើសពី ៦០ ម៉ែត្រ​។​

​ច្រករបៀង​នេះ​គឺ​សម្បូរ​ទៅដោយ​កោះ​វាល​ខ្សាច់​គ្មាន​មនុស្ស​នៅ ដែលមាន​សារៈសំខាន់​ជា​យុទ្ធសាស្ត្រ ជាពិសេស​កោះ​របស់​អ៊ីរ៉ង់​ឈ្មោះ ហ័​រ​មូស កោះ​ក្វេ​ស៊ីម និង កោះ​ឡា​រ៉ា​ក់​។​

  • ចំណុចក្តៅ​នៃ​ការដឹកជញ្ជូន​ប្រេងកាត​

​ច្រក​សមុទ្រ​នេះ​គឺជា​ច្រករបៀង​ដ៏​សំខាន់​មួយ​ដែល​ត​ភ្ជាប់​បណ្តា​រដ្ឋ​សម្បូរ​ប្រេងកាត​នៅ​មជ្ឈិមបូព៌ា​ជាមួយ​ទីផ្សារ​នៅ​អាស៊ី អឺរ៉ុប អាមេរិក​ខាងជើង និង​នៅ​កន្លែង​ផ្សេងៗ​ទៀត​។​

​យោងតាម​រដ្ឋបាល​ព័ត៌មាន​ថាមពល​អាម៉េរិក (EIA) នៅ​ឆ្នាំ ២០១៨ ប្រេង​ឆៅ​ជិត ២១ លាន​បារ៉ែល​ក្នុង​មួយថ្ងៃ​បាន​ឆ្លងកាត់​ច្រក​សមុទ្រ​នេះ​។​

​នោះ​គឺ​តំណាងឱ្យ ២១​ភាគរយ​នៃ​ការប្រើប្រាស់​ប្រេង​នៅលើ​ពិភពលោក និង​១​ភាគ​៣​នៃ​ការដឹកជញ្ជូន​ប្រេង​តាមផ្លូវ​សមុទ្រ​នៅលើ​សកលលោក​ទាំងមូល​។​

EIA បានឱ្យដឹងថា ១​ភាគ​៤​នៃ​ពាណិជ្ជកម្ម​ឧស្ម័ន​ធម្មជាតិ​នៅ​ទូទាំង​ពិភពលោក​ក៏បាន​ឆ្លងកាត់​ច្រក​សមុទ្រ​ហ័​រ​មូស​ដែរ​។​

​ប្រហែល ៧៦ ភាគរយ​នៃ​ប្រេងឥន្ធនៈ​ដែល​ឆ្លងកាត់​ច្រក​សមុទ្រ​នេះ គឺ​ដឹក​សម្រាប់​អាស៊ី​កាលពី​ឆ្នាំមុន ជាពិសេស​ចិន ឥណ្ឌា ជប៉ុន និង​កូរ៉េខាងត្បូង​។​

​ខណៈដែល​អា​រ៉ា​ប៊ី​សា​អូឌីត​និង​អារ៉ាប់​រួម​អេ​មី​រ៉ា​ត​បាន​បង្កើត​បណ្ដាញ​បំពង់​បង្ហូរ​ប្រេង​ដែល​អាច​ប្រើ​ផ្លូវ​ជំនួស បណ្តាញ​នេះ​អាច​អនុញ្ញាតឱ្យ​នាំចេញ​នូវ​បរិមាណ​ប្រេង​ក្នុង​ចំនួន​កំណត់​ត្រឹមតែ ៣ លាន​បារ៉ែល​ក្នុង​មួយថ្ងៃ​ប៉ុណ្ណោះ​នៅ​ឆ្នាំ​២០១៨ ជាមួយ​សមត្ថភាព​សរុប ៦,៨ លាន​បារ៉ែល​។​

​បំពង់​បង្ហូរ​ប្រេង​ទាំងនេះ​ក៏​ងាយ​រងគ្រោះ​ដែរ ដូចដែល​បានបង្ហាញ​ដោយ​ការវាយប្រហារ​ទៅលើ​បំពង់​បង្ហូរ​ប្រេង​មួយ​របស់​អា​រ៉ា​ប៊ី​សា​អូឌីត​កាលពី​ខែឧសភា​ដោយ​ពួក​ឧទ្ទាម​នៅ​យេ​ម៉ែន​។​

​ការវាយប្រហារ​ថ្មីៗ​នេះ​ទៅលើ​នាវា​ដឹក​ប្រេង​ពីរ​គ្រឿង​នៅក្នុង​ឈូង​សមុទ្រ​អូ​ម៉​ង់​និង​ការបាញ់​ទម្លាក់​ដ្រូ​ន​អាម៉េរិក​ដោយ​អ៊ីរ៉ង់​បានលើកឡើង​នូវ​ការរំពឹងទុក​មួយចំនួន​នៃ​ការរំខាន​ចំពោះ​ការដឹកជញ្ជូន​និង​អស្ថិរភាព​នៃ​ទីផ្សារ​ប្រេង​ពិភពលោក​។ តម្លៃ​ប្រេង​បាន​កើនឡើង​ជាង​៦​ភាគរយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​នៅ​ទីក្រុង​ញូវយ៉ក ។​

​សម្រាប់​ប្រទេស​ប្រើប្រាស់​ប្រេង វា​នឹងមាន​ការលំបាក​ក្នុងការ​ស្វែងរក​ជម្រើស​ក្នុង​បរិមាណ​និង​គុណភាព​ប្រេង​ឆៅ​ដូច​នៅ​តំបន់​ឈូង​សមុទ្រ​ពែ​ក្ស​។ ប្រេង​ឆៅ​ស្រាល​ដែល​ផលិត​ដោយ​សហរដ្ឋ​អាម៉េរិក​មិនមែនជា​ប្រេង​សម្រាប់​ជំនួស​ប្រេង​ឆៅ​ធ្ងន់​នៅ​មជ្ឈិមបូព៌ា​នោះទេ​។​

​សហរដ្ឋ​អាម៉េរិក ដែលជា​អ្នក​ផលិត​និង​នាំចេញ​ប្រេង​ឆៅ​ធំ​បំផុត​របស់​ពិភពលោក បាន​នាំចូល​ប្រេង​ឆៅ​ប្រមាណ ១,៤ លាន​បារ៉ែល​ក្នុង​មួយថ្ងៃ ដែល​បាន​ឆ្លងកាត់​ច្រក​សមុទ្រ​ហ័​រ​មូស គឺ​ស្មើនឹង ៧ ភាគរយ​នៃ​ការប្រើប្រាស់​របស់ខ្លួន​។​

  • តំបន់​នៃ​ភាព​តានតឹង​និង​ជម្លោះ

​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់ ដែលជា​កងទ័ព​មនោគមវិជ្ជា​នៃ​សាធារណរដ្ឋ​អ៊ីស្លាម គ្រប់គ្រង​ប្រតិ​ប​ត្ដិ​ការ​កងទ័ពជើងទឹក​នៅ​ឈូង​សមុទ្រ​ពែ​ក្ស​។​

​រដ្ឋាភិបាល​ក្រុង​តេ​ហេ​រ៉ង់​បាន​រិះគន់​ម្តង​ហើយ​ម្តងទៀត​ចំពោះ​វត្ត​មាននៃ​មហាអំណាច​បរទេស​នៅក្នុង​តំបន់ ជាពិសេស​កង​នាវាចរណ៍​ទី​៥​របស់​អាម៉េរិក​ដែល​ឈរជើង​នៅ​បា​រ៉ែ​ន ហើយ​អ៊ីរ៉ង់​បាន​គំរាម​ជា​ទៀងទាត់​ដើម្បី​បិទ​ច្រក​សមុទ្រ​ហ័​រ​មូស ប្រសិនបើ​ខ្លួន​ស្ថិតនៅក្រោម​ការវាយប្រហា​រ​។​

​ការរំខាន​ដ៏​ធំ​ចំពោះ​ការដឹកជញ្ជូន​ប្រេង​តាម​ច្រក​នេះ​បាន​កើតឡើង​ក្នុង​ឆ្នាំ ១៩៨៤ ក្នុងអំឡុង​សង្គ្រាម​អ៊ីរ៉ង់​-​អ៊ីរ៉ាក់ (១៩៨០-១៩៨៨) នៅពេលដែល​នាវា​ជាង ៥០០ គ្រឿង​ត្រូវបាន​បំផ្លាញ​ឬ​រង​ការខូចខាត​នៅក្នុង​អ្វីដែល​គេ​ហៅថា “​សង្គ្រាម​នាវា​ដឹក​ប្រេង​”​។​

​នៅ​ឆ្នាំ ១៩៨៨ យន្តហោះ​អ៊ីរ៉ង់​មួយគ្រឿង​មកពី​ទីក្រុង​តេ​អេ​រ៉ង់​ទៅកាន់​ទីក្រុង​ឌូ​បៃ​តាមរយៈ​ទីក្រុង​បាន់​ដា​អាប់​បាស់ (Bandar Abbas) ត្រូវបាន​បាញ់​ទម្លាក់​ដោយ​មី​ស៊ី​ល​ដែល​បាញ់​ចេញពី​នាវាចម្បាំង​របស់​អាម៉េរិក ដែល​ល្បាត​នៅ​ច្រក​សមុទ្រ​ហ័​រ​មូស​។ មនុស្ស ២៩០ នាក់​នៅលើ​យន្តហោះ​ត្រូវបាន​សម្លាប់​។​

​នាវិក​របស់​នាវា USS Vincennes បាន​និយាយថា ពួកគេ​ច្រឡំ​យន្តហោះ Airbus ដឹក​អ្នកដំណើរ​ស្មានតែ​យន្តហោះ​ចម្បាំង​របស់​អ៊ីរ៉ង់​។​

​នៅ​ខែមេសា​ឆ្នាំ ២០១៥ ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់​បាន​ចាប់​នាវា​ដឹក​កុងតឺន័រ​មួយគ្រឿង​នៅ​ច្រក​សមុទ្រ​ហ័​រ​មូស ដែល​ដោត​ទង់ជាតិ​របស់​កោះ​ម៉ា​សាល​។​

​នៅ​ខែ​បន្ទាប់​កងទ័ព​ឆ្មាំ​បដិវត្តន៍​បាន​បាញ់​ព្រមាន​ក្នុង​គោលបំណង​រារាំង​នាវា​ដឹកទំនិញ​ដោត​ទង់ជាតិ​សិង្ហ​បុរី​នៅ​ឈូង​សមុទ្រ​ពែ​ក្ស​។​

​ដោយ​រង​ការរំជើបរំជួល​ដោយ​ការដកខ្លួន​របស់​សហ​រដ្ឋ​អាម៉េរិក​នៅក្នុង​ខែឧសភា​ឆ្នាំ ២០១៨ ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ដ៏​សំខាន់​រវាង​អ៊ីរ៉ង់​និង​មហាអំណាច​ពិភពលោក និង​ការដាក់ទណ្ឌកម្ម​ធ្ងន់ធ្ងរ​របស់​អាម៉េរិក​ទៅលើ​ទីក្រុង​តេ​ហេ​រ៉ង់​ឡើងវិញ ភាព​តានតឹង​បាន​កើនឡើង​នៅ​តំបន់​ឈូង​សមុទ្រ​ពែ​ក្ស​។​

​វ៉ាស៊ីនតោន​បាន​បន្ទោស​ការបំផ្លិចបំផ្លាញ​និង​ការវាយប្រហារ​លើ​នាវា​ដឹក​ប្រេង​នៅ​ឈូង​សមុទ្រ​ពែ​ក្ស​កាលពី​ខែឧសភា​និង​មិថុនា​នៅលើ​ក្រុង​តេ​ហេ​រ៉ង់ ដែល​បដិសេធ​ការចូលរួម​ពាក់ព័ន្ធ​ណាមួយ​៕ ដោយ៖ កញ្ញាដាលីស

ផែនទី​ច្រក​សមុទ្រ​ហ័​រ​មូស