ច្រាំងទន្លេ​បន្ត​គំរាម​គំហែង​ដល់​ស្រុក​ចំនួន​បី​បណ្តាលឱ្យ​ផ្ទះ​ប្រមាណ​២០០​ខ្នង​រង​ការ​ប្រឈម​

309
ចែករម្លែក

ដោយ​:​គង់​ហេង​/​កំពង់ចាម​:​ច្រាំងទន្លេ​បាន​បន្ត​បាក់ស្រុត​ចូលក្នុង​ទន្លេ​ប្រវែង​ជាង​៥.០០០​ម៉ែត្រ​គឺ​បណ្តាលឱ្យ​ប៉ះពាល់​ដល់​លំនៅស្ថាន​របស់​ប្រជាពលរដ្ឋ​ប្រមាណ ២០០ ខ្នង និង​ផ្លូវលំ​ប្រហែល ៤.០០០ ម៉ែត្រ​នៅ​ស្រុក​ស្ទឹងត្រង់​,​ស្រុក​កំពង់សៀម​,​និង​ស្រុក​កងមាស​នា​រដូវ​ទឹកជំនន់​ឆ្នាំ​២០១៩​។​

​ប៉ុន្តែ​ប្រវែង​ច្រាំងទន្លេ​កំពុង​រងគ្រោះ​ខាងលើ​ខាង​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​សហការ​ជាមួយ​អាជ្ញាធរខេត្ត​កំពង់ចាម​ចាត់វិធានការ​សង្គ្រោះ​ដោយ​អនុវត្តន៍​តាម​លក្ខណ​:​បច្ចេកទេស​ទប់ស្កាត់​ប​ន្ទា​ន់​។​គឺ​ប្រើប្រាស់​សា​ឡង់​បូម​ខ្សាច់​ចាក់​រាយ​ក្រាល​បាត​ចំណុច​កំពុង​ប្រឈម​។​ច្រក​ខ្សាច់​ចូលក្នុង​បាវ​ដែលមាន​ចំណុះ​បាវ​និ​មួយៗ​ប្រហែល​១០​តោន​(​បាវ​ពិសេស​)​។​រៀប​ដាក់​សង្កត់ពីលើ​បាន​ប្រហែល​១.០០០​ម៉ែត្រ​នៅ​ស្រុក​ស្ទឹងត្រង់​។​

​លោក​គាំ​ធឿន​មេឃុំ​ហាន់ជ័យ​ស្រុក​កំពង់សៀម​បានឱ្យដឹង​នៅ​ថ្ងៃទី​៣​ខែកញ្ញា​ឆ្នាំ​២០១៩​ថាបើ​ទោះជា​ទឹកទន្លេ​មេគង្គ​កំពុង​ហក់​ឡើង​ក្តី​គឺ​ការបាក់​ច្រាំងទន្លេ​នៅតែ​បន្ត​បាក់​បាន​គំរាម​គំហែង​ដល់​លំនៅស្ថាន​ប្រជាពលរដ្ឋ​ចំនួន​ប្រមាណ​១៣៦​ខ្នង​។​ក្នុងនោះ​មាន​ពលរដ្ឋ​ប្រឈម​ខ្លាំង​ចំនួន​៣៦​ខ្នង​គឺ​ម្ចាស់​ចំនួន​ប្រាំ​ខ្នង​ត្រូវបាន​ចូលរួម​សហការ​ពី​ព្រះសង្ឃ​កងកម្លាំងប្រដាប់អាវុធ​អាជ្ញាធរ​និង​ក្រុមយុវជន​ជួយ​រុះរើ​និង​សែង​រំកិល​ទៅ​ទី​សុវត្ថិភាព​។​

​លោក​មេឃុំ​បាន​បន្តថា​ក្នុងនោះ​មាន​ភូមិ​ហាន់ជ័យ​ភូមិ​ក្រូចសើច​និង​ឈើទាល​ស្រុក​ប្រឈម​ការបាក់​ស្រុត​ខ្លាំង​ដែលមាន​ទំហំ​នៃ​ការបាក់​មាន​ទទឹង​ពី​បី​ទៅ​ប្រាំ​ម៉ែត្រ​និង​បណ្តោយ​ប្រវែង ៤.០០០​ម៉ែត្រ គឺ​បណ្តាលឱ្យ​ប៉ះពាល់​បាក់​ស្រុក​ចូល​ទន្លេ​នូវ​ផ្លូវលំ​ជាប់មាត់​ទន្លេ​ចម្ងាយ​ប្រហែល ៤.០០០​ម៉ែត្រ​ដែរ​។​

​លោក​មឿ​ន​ផា​អភិបាលស្រុក​កងមាស​បាន​ឲ្យ​ដឹងថា​នៅ​កំឡុងពេល​ទឹកជំនន់​ទន្លេមេគង្គ​ជាន់ឡើង​ឆ្នាំនេះ​ការបាក់​ច្រាំងទន្លេ​បានចាប់ផ្តើម​បាក់​សាជាថ្មី​នៅ​ឃុំ​អង្គរ​បាន​និង​ឃុំ​ស្តៅ​បាន​បណ្តាលឱ្យ​ប៉ះពាល់​ដល់ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន មួយ​ខ្នង​គឺ​កំពុង​រុះរើ​ចេញ​។​ក្នុងនោះ​ស្ថានភាព​ច្រាំង​បាក់​ចាប់ពី​ទទឹង ប្រាំ ទៅ ដប់​ម៉ែត្រ និង​បណ្តោយ​ប្រហែល​ចម្ងាយ​១០០ ម៉ែត្រ​។​

​លោក​ទុន​ណេ​ត​អភិបាលស្រុក​ស្ទឹងត្រង់​ធ្លាប់បាន​ប្រាប់​ឲ្យ​ដឹង​នាពេល​ថ្មីៗ​ថា​ស្ថានភាព​ច្រាំងទន្លេ​បាក់​ឆ្នាំ​២០១៩​នេះ​គឺ​បាន​គំរាម​គំហែង​ឃុំ​ពាម​កោះ​ស្នា​និង​ឃុំ​ព្រះ​អណ្តូង​ប៉ះពាល់​ដល់​លំនៅស្ថាន​ប្រជាពលរដ្ឋ​ចំនួន​១២១​ខ្នង​និង​បាក់​ស្រុក​ច្រាំងទន្លេ​ចម្ងាយ​ជាង​១.០០០​ម៉ែត្រ​។​ប៉ុន្តែ​ខាង​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន និង​កំពុង​ចាត់វិធានការ​ទប់ស្កាត់​ការបាក់​ស្រុត​ច្រាំងទន្លេ​នេះ​ជាបន្ទាន់​។​

​សូមបញ្ជាក់ថា​កាលពី​ឆ្នាំ​២០១៨​កន្លងទៅ​ច្រាំង​ទន្លេមេគង្គ​ចំនួន​១៩​កន្លែង​តាម​បណ្តា​ស្រុក​ចំនួន​ប្រាំមួយ​ជាប់​ដង​ទន្លេ​បាន​រងគ្រោះ​ពី​ការបាក់​ស្រុត​ចូលក្នុង​ទន្លេ​។​ដោយមាន​បណ្តោយ​សរុប​ចំនួន​៣៣.៤៨២​ម៉ែត្រ​និង​ទទឹង​ចាប់ពី​៥​ដល់​១១៨​ម៉ែត្រ​គឺ​ស្មើនឹង​ផ្ទៃក្រឡា​ចំនួន​១.០៦២.២៩០​ម៉ែត្រការ៉េ​៕S/​