ច្រាំងទន្លេ​បន្ត​វាយប្រហារ​ឃុំ​ចំនួន​ពីរ​ទៀត​របស់​ស្រុក​ស្ទឹងត្រង់​បន្ថែមទៀត​

147
ចែករម្លែក

ដោយ​:គង់​ហេង​/កំពង់ចាម​ ៖ ច្រាំងទន្លេ​មេគង្គ បាន​រអិល​បាក់ស្រុត​ប្រមាណ​ជាង​១០០ ម៉ែត្រ និង​ព្រែក​ជិត​១០០ ម៉ែត្រ​បន្ថែមទៀត​ក្នុង​ឃុំ​ព្រែកបាក់ និង​ឃុំ​ព្រែកកក់ ស្រុក​ស្ទឹងត្រង់​បណ្តាល​ឲ្យ​ប៉ះពាល់​លំនៅស្ថាន​របស់​ប្រជាពលរដ្ឋ​ជាង ២០ ខ្នង និង​បាក់​ចូល​ទន្លេ​នូវ​ផ្លូវ​ក្រាល​កៅស៊ូ​ប្រវែង ១១៥ ម៉ែត្រ​ក្នុង​សប្តាហ៍​នេះ​។​

លោក ហួត ថៃ មេឃុំ​ព្រែកបាក់​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី ១៧ តុលា​ថា ច្រាំងទន្លេ​ដែល​បាន​បាក់​ស្រូបយក​ផ្លូវ​ក្រាល​កៅស៊ូ​អស់​ស្ទើរ​មួយ​ចំហៀង និង​បណ្តោយ​ប្រវែង ១១៥​ម៉ែត្រ និង​ប៉ះ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន ប្រាំមួយ ខ្នង ស្ថិតនៅ​ភូមិ​ព្រែក​រលួស​។ ចំណែក​នៅ​ភូមិ​ព្រែក​ព្រះអង្គ គឺ​បាន​បាក់​អស់​ដី​មាត់​ព្រែក​ទទឹង ពី ប្រាំ ទៅ ១០​ម៉ែត្រ និង​បណ្តោយ​ប្រវែង​ជាង​៦០ ម៉ែត្រ និង​ប៉ះពាល់​ផ្ទះ​ចំនួន ប្រាំមួយ ខ្នង​។ ក្នុងនោះ​ចំនួន ពីរ ខ្នង​បាន និង​កំពុង​សែង រុះរើ​ទៅកាន់​កន្លែង​មាន​សុវត្ថិភាព នេះ​ជា​តួលេខ​ត្រឹម​ព្រឹក​ថ្ងៃទី ១៧ ខែតុលា ឆ្នាំ​២០១៩​។ ប៉ុន្តែ​ល្បឿន​នៃ​ការបាក់​ច្រាំងទន្លេ​នៅតែ​បន្ត គួរ​ឲ្យ​បារម្ភ​។​

លោក​មេឃុំ​បាន​បន្តថា តាម​ការកត់សម្គាល់ និង​ពិនិត្យ​ជាក់ស្តែង​លើ​ច្រាំង​ជា​កន្លែង​រងគ្រោះ​បាក់​ស្រុក​ចូល​ទន្លេ និង​ព្រែក​នោះ គឺមាន​ទឹក​ហូរ​ជ្រាប​ក្នុង​ដី​ចេញពី​បឹង​ចូល​ទន្លេ​វិញ ជាមួយ​ចរន្តទឹក​ហូរ​បុក​ខ្លាំង​ខុស​រាល់​ឆ្នាំ​។ ឆ្នាំនេះ​ដោយសារ​ទឹក​ស្រក​ប្រញាប់​ពេក បណ្តាល​ឲ្យ​នី​ហ្វូ​ខុសគ្នា គឺ​ទឹកទន្លេ​ទាប​ជាង​ទឹក​បឹង​ច្រើន​ម៉ែត្រ​។ ប្លែក​ពី​រាល់​ឆ្នាំ​ច្រាំង​បាក់​តែ​បន្តិចបន្តួច​ប៉ុណ្ណោះ​។​

លោក ទុន ណេ​ត អភិបាលស្រុក​ឲ្យ​ដឹងថា គ្រោះ​មហន្ត​រា​ច្រាំងទន្លេ​មេគង្គ​រអិល​បាក់​ស្រុត​ដូចគ្នានេះ គឺ​បាន​វាយប្រហារ​ច្រាំងទន្លេ​អស់​ដី​ទទឹង​ពី ប្រាំ ទៅ ១០​ម៉ែត្រ និង​បណ្តោយ​ពី ៥០ ទៅ ៦០​ម៉ែត្រ និង​ប៉ះពាល់​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន ១០ ខ្នង ហើយ​ចំនួន ប្រាំ ខ្នង​ប្រឈម​រុះរើ សែង​ចេញ​ជាបន្ទាន់ នៅ​ភូមិ​ភ្នំ​មន្ទីរ ឃុំ​ព្រែកកក់ ។​

លោក​អភិបាលស្រុក​រូបនេះ​បាន​បន្តថា ប៉ុន្តែ​អ្វីដែល​យើង​កំពុង​ប្រឈម​ចំពោះ បន្ថែម​លើ​គ្រោះមហន្តរាយ​បាក់ស្រុត​ច្រាំងទន្លេ​នេះ គឺ​ត្រូវ​ស្វះស្វែងរ​កដី​ជាទី​តាំង​សម្រាប់​សាងសង់​លំនៅស្ថាន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ពី​ការបាក់​ច្រាំងទន្លេ​នេះ​មួយ​លើកទៀត​។​

គួរ​បញ្ជាក់ថា ស្រុក​ស្ទឹងត្រង់​ឆ្នាំ​២០១៩ នេះ គឺមាន​ឃុំ​ចំនួន បួន បាន​រងគ្រោះ​ដោយសារ​ការបាក់​ច្រាំងទន្លេ​មេគង្គ​។ ប៉ុន្តែ​បច្ចុប្បន្ន​ច្រាំងទន្លេ​ចំនួន​ពីរ​ឃុំ ត្រូវបាន​ខាង​គណ​:​ក​ម្មា​ធិ​ការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ទប់ស្កាត់​ការពារ សង្គ្រោះបន្ទាន់​បានជា​បណ្តោះអាសន្ន​ហើយ គឺ​ឃុំ​ពាម​កោះ​ស្នា និង​ព្រះ​អណ្តូង​៕​B/