ច្រាំងទន្លេ​បាក់​ដល់​ផ្លូវ​បេតុង​និង​ផ្ទះ​ពលរដ្ឋ​នៅ​ស្រុក​ត្បូងឃ្មុំ​ខាង​ក្រសួង​កំពុង​ចាត់វិធានការ​ទប់ស្កាត់​

243
ចែករម្លែក

ដោយ​:​គង់​ហេង​/​ត្បូងឃ្មុំ​:​ច្រាំងទន្លេ​មេគង្គ​បាន​បាក់ស្រុត​ដល់ផ្ទះ​ប្រជាពលរដ្ឋ​និង​កំណាត់​ផ្លូវ​បេតុង​ក្នុង​ឃុំ​ជី​រោទិ៍​ទី​១​និង​ឃុំ​ទន្លេ​បិទ​ស្រុក​/​ខេត្ត​ត្បូងឃ្មុំ​។​ប៉ុន្តែ​ខាង​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​កំពុង​ចាត់វិធានការ​ទប់ស្កាត់​គ្រោះមហន្តរាយ​នេះ​គឺ​បាន​អនុវត្តន៍​តាម​លក្ខណ​:​បច្ចេកទេស​ដូច​នៅ​ស្រុក​ស្ទឹងត្រង់​ខេត្តកំពង់ចាម​កន្លងមក​នោះដែរ​។​
លោក​អាន​ស៊ីណា​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត​ត្បូងឃ្មុំ​ដែល​កំពុង​ចុះ​ពិនិត្យ​ផ្លូវ​បេតុង​ដែល​កំពុង​សង្គ្រោះ​បានឱ្យដឹង​នៅ​ព្រឹក​ថ្ងៃទី​២​កញ្ញា​ឆ្នាំ​២០១៩​នេះ​ថា​ផ្លូវ​បេតុង​ចម្ងាយ​៣០​ម៉ែត្រ​កំពុង​ប្រឈម​ខ្លាំង​ក្នុង​ចម្ងាយ​ប្រឈម​ផ្លូវ​ប្រវែង​សរុប​២០០​ម៉ែត្រ​នៃ​ការបាក់​ច្រាំងទន្លេ​មេគង្គ​ស្ថិតក្នុង​ភូមិ​កំពុង​ឬ​ស្សី​ឃុំ​ជី​រោទិ៍​ទី​១ ស្រុក​ត្បូងឃ្មុំ​។​

លោក​ប្រធាន​មន្ទីរ​បានឱ្យដឹង​ទៀតថា ប៉ុន្តែ​នៅ​ល្ងាច​ថ្ងៃទី ១ ខែកញ្ញា​ឆ្នាំ​២០១៩​ខាង​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ចាត់វិធានការ​សង្គ្រោះបន្ទាន់​គឺ​អនុវត្តន៍​វិធានការ​ទប់ស្កាត់​សង្គ្រោះ​ដូច​នៅ​ការបាក់​ច្រាំង​នៅ​ឃុំ​ពាម​កោះ​ស្នា​និង​ឃុំ​ព្រះ​អណ្តូង​ស្រុក​ស្ទឹងត្រង់​ខេត្តកំពង់ចាម​។​ដោយបាន​ប​ញ្ជួ​ន​សា​ឡង់​បូម​ខ្សាច់ ចំនួន មួយ គ្រឿង បូម​ខ្សាច់​មកចាក់​ក្រា​លបាត ហើយ​ច្រក​បាវ​ខ្សាច់​រៀប​សង្កត់ពីលើ​។​

លោក​ស៊ីណា​បាន​បន្តថា​តាម​ការពិនិត្យ​ជាក់ស្តែង​និង​ការពន្យល់​ពី​មន្ត្រី​បច្ចេកទេស​ក្រសួង​ធនធានទឹក យើង​មានការ​ជឿជាក់​ប្រហែល ៩០​ភាគរយ គឺ​ដី​ច្រាំង​នឹងមិន​របេះ​បាក់ស្រុត​ចូលក្នុង​ទន្លេ​បន្តទៀត​ទេ​។ ពិសេស​នៅ​រសៀល​ថ្ងៃទី ២ កញ្ញា​នេះ ខាង​ក្រសួង​ធនធានទឹក នឹង​បន្ថែម​សា​ឡង់​បូម​ខ្សាច់​ចំនួន ពីរ គ្រឿង​បន្ថែមទៀត គឺ​នឹង​អាច​ធានា​ដល់​ការបាក់​ច្រាំងទន្លេ​មេគង្គ​នៅ​តំបន់​ប្រឈម​ខាងលើ បាន ១០០​ភាគរយ​ជាមិនខាន​។​
លោក​បាន​បន្ថែមថា​នៅ​ចំពោះមុខ​វិធានការ​សង្គ្រោះ​ការបាក់​ច្រាំងទន្លេ​នេះ​គឺ​យើង​សូម​ប្រកាស​ផ្អាក​ជា​បណ្តោះអាសន្ន​ការឆ្លងកាត់​រថយន្ត​ធុន​ធំ​ពោលគឺ​អាចធ្វើ​ដំណើរ​បាន​លើផ្លូវ​កំពុង​សង្គ្រោះ​នេះ​ចាប់ពី​រថយន្ត​ប្រភេទ​ទេសចរណ៍​១២ កៅអី​ចុះក្រោម មួយរយ​:​សិន​រង់ចាំ​ការជូនដំណឹង​ជា​ក្រោយ​។​

​លោក​កេង​ប៊ុន​ណា​អភិបាលរង​ខេត្ត​ត្បូងឃ្មុំ​បាន​មានប្រសាសន៍ថា​មកដល់​ព្រឹក​ថ្ងៃទី​២​ខែកញ្ញា​ឆ្នាំ​២០១៩​នេះ​គ្រោះមហន្តរាយ​បាក់ស្រុត​ច្រាំងទន្លេ​មេគង្គ​បាន​គំរាម​កំ​ហែល​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​តាម​បណ្តោយ​ដង​ទន្លេ​ចំនួន​បី​កន្លែង​។​គឺ​នៅ​ភូមិ​ទួល​គរ​ឃុំ​ទន្លេ​បិទ​មួយកន្លែង​ភូមិ​កំពង់​ឬ​ស្សី​ឃុំ​ជី​រោទិ៍​ស្រុក​ត្បូងឃ្មុំ​ទី​១​មួយកន្លែង​និង​មួយកន្លែង​ទៀត​នៅ​ភូមិ​ខ្សាច់​ប្រឆេះ​លើ​ឃុំ​ក្រូចឆ្មារ​ស្រុក​ក្រូចឆ្មារ​។​

​លោក​អភិបាលរង​ខេត្ត​បាន​បន្តថា​គ្រោះមហន្តរាយ​ច្រាំង​បាក់​ខាងលើ​បាន​បណ្តាល​ឲ្យ​បាក់​ច្រាំង​សរុប​ប្រវែង​ជាង​២០០​ម៉ែត្រ​ប៉ះពាល់​ដល់ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​បី​ខ្នង​។​យើង​បាន​ជួយ​រុះរើ​និង​រំកិល​ទៅរក​ទី​សុវត្ថិភាព​ហើយ​និង​ប៉ះពាល់​ដល់​ផ្លូវ​បេតុង​ចម្ងាយ​៣០​ម៉ែត្រ​ខាង​ក្រសួង​ធនធានទឹក​កំពុង​សង្គ្រោះ​ទប់ស្កាត់​ការបាក់​ស្រុត​បន្ត​៕S/​

#