ច​ច គ្លូ​នី និយាយថា ការផ្តួលរំលំ​លោក​បា​សៀ មិនទាន់​គ្រប់គ្រាន់​សម្រាប់​ប្រជាជន​ស៊ូដង់​ទេ​

347
ចែករម្លែក
  • 7
    Shares

​តារា​សម្តែង​និង​ជា​សកម្មជន​លោ​កច​ច គ្លូ​នី បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១១​មេសា​ថា ការដួលរលំ​នៃ​បុរស​ខ្លាំង​ជើងចាស់​ស៊ូដង់​លោក អូ​ម៉ា អាល់​បា​សៀ មិនទាន់​គ្រប់គ្រាន់​ទេ ហើយ​បាន​អំពាវនាវ​ឱ្យមាន​ការរំលាយចោល​ប្រព័ន្ធ​ដឹកនាំ​ដោយ​យោធា​។​

​តារា​ហូលីវូដ ដែល​ធ្លាប់​ត្រូវបាន​ចាប់ខ្លួន​រឿង​តវ៉ា​ប្រឆាំងនឹង​យុទ្ធនាការ​របស់​ស៊ូដង់​នៅ​តំបន់​ដា​ហ្វួ​រ ដែល​សហរដ្ឋអាមេរិក​ពណ៌នា​ថា​ជាការ​ប្រល័យពូជសាសន៍​នោះ បាន​អំពាវនាវ​ឱ្យធ្វើ​បត្យាប័ន​លោក​បា​សៀ​និង​យកមក​កាត់ទោស​ចំពោះ​ឧក្រិដ្ឋកម្ម​សង្គ្រាម​ដោយ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​។​

​លោក​គ្លូ​នី​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​រួមជាមួយ​អ្នកធ្វើ​យុទ្ធនាការ​សិទ្ធិមនុស្ស​លោក​ច​ន ប្រេន​ដេ​ហ្គាស (John Prendergast) ដែល​តារា​សម្តែង​រូបនេះ​បាន​បង្កើត​អង្គការ The Sentry Project ជាមួយគ្នា ដែល​ស្រាវជ្រាវ​រកលុយ​ខុសច្បាប់​និង​ឧក្រិដ្ឋកម្ម​សង្គ្រាម​នៅ​អាហ្វ្រិក យ៉ាង​ដូច្នេះ​ថា “​ប្រជាជន​ស៊ូដង់​បាន​រង់ចាំ​ថ្ងៃនេះ​ជា​យូរ​មកហើយ ប៉ុន្តែ​នេះ​គ្រាន់តែ​ជា​ជំហាន​ទីមួយ​បណ្តោះអាសន្ន​ប៉ុណ្ណោះ​ឆ្ពោះទៅរក​ការផ្លាស់ប្តូរ​ពិតប្រាកដ​”​។​

​អ្នក​ទាំងពីរ​បាន​និយាយថា រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​លោក​អា​វ៉ាដ អ៊ី​ប​នូ​ហ្វ ដែល​បានប្រកាស​ពី​ការ​ឃុំឃាំង​លោក​បា​សៀ​និង​បានប្រកាស​ពី​ការគ្រប់គ្រង​ដោយ​យោធា​រយៈពេល ២ ឆ្នាំ គឺពាក់ព័ន្ធ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សង្គ្រាម​បង្ហូរឈាម​សម្លាប់​ពូជ​ជាតិ​សាសន៍​នៅ​ដា​ហ្វួ​រ​។​

​ពួកគេ​បាន​និយាយថា “​ការដក​មេដឹកនាំ​នៃ​ប្រព័ន្ធ​អំពើហិង្សា​និង​ពុករលួយ​ដោយ​គ្មាន​ការរំលាយចោល​ប្រព័ន្ធ​ដឹកនាំ​ដោយ​យោធា គឺ​មិន​គ្រប់គ្រាន់​ទេ​”​។​

​ពួកគេ​បាន​និយាយថា “​ជំហាន​បន្ទាប់​គឺមាន​សារៈសំខាន់​។ សហគមន៍​អន្តរជាតិ​ត្រូវតែ​ផ្តល់នូវ​ការគាំទ្រ​ទាំងអស់​ដែល​អាចធ្វើ​ទៅបាន​ដើម្បី​ធានាថា​ការផ្លាស់ប្តូរ​នេះ​គឺជា​ការផ្លាស់ប្តូ​រដែ​លអាច​ចរចា​បាន​និង​រួមបញ្ចូល​បាន ហើយ​ថា​ប្រធានាធិបតី​ស៊ូដង់​បន្ទាប់ ត្រូវ​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​របស់​ប្រជាជន​របស់ខ្លួន​”​។​

​លោក​បា​សៀ ដែល​ឡើងកាន់​អំណាច​នៅក្នុង​រដ្ឋប្រហារ​ឆ្នាំ ១៩៨៩ គឺជា​មេដឹកនាំ​អាហ្វ្រិក​ដែល​បាន​បម្រើការ​យូរ​ជាងគេ​បំផុត​មួយរូប ប៉ុន្តែ​បាន​ប្រឈម​នឹង​ការតវ៉ា​ជាច្រើន​ខែ ដែល​បង្កឡើង​ដោយ​ការឡើង​ថ្លៃ​នំ​បុ័ង​៕ ដោយ៖ កញ្ញាដាលីស

លោក​ច​ច គ្លូ​នី