ច​ច លូ​កាស ជាប់​លេខ​១​ក្នុង​បញ្ជី Forbes សម្រាប់​តារា​អាមេរិក​មានទ្រព្យ​ស្តុកស្តម្ភ​បំផុត ខណៈ​នាង​ជេន​ន័​រ​បង្ហាញខ្លួន​លើកដំបូង​ជាប់​លេខ​៥

1153
ចែករម្លែក

​ផលិតករ​ភាពយន្ត​លោក​ច​ច លូ​កាស (George Lucas) បាន​ឈរ​នៅលើ​កំពូល​តារាង​នៃ​បញ្ជី​តារា​អាមេរិក​មានទ្រព្យ​ស្តុកស្តម្ភ​បំផុត​របស់​ទស្សនា​វ​ដ្តី Forbes ប្រចាំឆ្នាំ ២០១៨ ខណៈដែល​តារា​ទូរទស្សន៍​និង​ជា​មហាសេដ្ឋី​គ្រឿងសម្អាង នាង​ខាយ​លី ជេន​ន័​រ (Kylie Jenner) បង្ហាញខ្លួន​លើកដំបូង​ជាប់​លេខ​៥​។​

​តារាង​ចំណាត់ថ្នាក់​ប្រចាំឆ្នាំ​លើក​ទី​៣​ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​អង្គារ​ទី​១៨​ធ្នូ​បាន​បង្ហាញថា លោក​លូ​កាស​វ័យ ៧៤ ឆ្នាំ ជា​អ្នកនិពន្ធ អ្នកដឹកនាំ​រឿង និង​ជា​អ្នក​ផលិត​ខ្សែភាពយន្ត Star Wars ដ៏​ល្បីល្បាញ មានទ្រព្យ​សម្បត្តិ​សរុប​ប្រមាណ ៥,៤ ពាន់​លាន​ដុល្លារ​។​

​ទស្សនា​វ​ដ្តី Forbes បាន​និយាយថា ភាគច្រើន​នៃ​ទ្រព្យសម្បត្តិ​របស់គាត់​គឺ​បានមកពី​ការលក់​របស់​ក្រុមហ៊ុន LucasFilm តម្លៃ​៤,១​ពាន់​លាន​ដុល្លារ ដែល​គាត់​លក់​ឱ្យទៅ​ក្រុមហ៊ុន Walt Disney ក្នុង​ឆ្នាំ ២០១២​។​

​តួលេខ​នៅក្នុង​បញ្ជី​នេះ​ត្រូវបាន​ប៉ាន់ប្រមាណ​ដោយ​ទស្សនា​វ​ដ្តី Forbes ដោយ​ផ្អែកលើ​ការកាន់កាប់​អចលនទ្រព្យ អាជីព​សិល្បៈ និង​ភាគហ៊ុន​របស់​តារាៗ​ទាំងនោះ​នៅក្នុង​ក្រុមហ៊ុន​ល្បីៗ​ទាំង​ក្រុមហ៊ុន​សាធារណៈ​និង​ឯកជន​ក៏ដូចជា​ទ្រព្យសម្បត្តិ​ផ្សេងទៀត​និង​ការរក​ប្រាក់ចំណូល​ពេញ​មួយជីវិត​ដែល​គេ​ព្យាករណ៍​។​

​ទស្សនា​វ​ដ្តី Forbes បាន​រាយការណ៍​ថា តារា​ល្បីៗ​កំពូល​ទាំង ១០ រូប​មានទ្រព្យ​សម្បត្តិ​សរុប​រួមគ្នា​ចំនួន ១៨,៧ ពាន់​លាន​ដុល្លារ ដែល​លើស​ផលិតផល​ក្នុងស្រុក​សរុប​របស់​ប្រទេស​អ៊ី​ស្លង់​ទៅទៀត​។​

​បញ្ជី​ឈ្មោះ​តារា​កំពូល​ទាំង​១០​របស់​អាមេរិក​ដែល​រក​ចំណូល​ច្រើនជាងគេ​៖
១. ច​ច លូ​កាស ៥,៤ ពាន់​លាន​ដុល្លារ​
២. ស្តេ​ហ្វិ​ន ស្ពី​ល​បឺ​ក ៣,៧ ពាន់​លាន​ដុល្លារ​
៣. អប់​ប្រា វីន​ហ្វ្រេ ២,៨ ពាន់​លាន​ដុល្លារ​
៤. ម៉ៃ​ឃើ​ល ចូ​ឌែ​ន ១,៧ ពាន់​លាន​ដុល្លារ​
៥. ខាយ​លី ជេន​ន័​រ ៩០០ លាន​ដុល្លារ​
៥. ជេ​ហ្ស៊ី ៩០០ លាន​ដុល្លារ​
៧. ដេវីត ខូ​ប​ភើ​ហ្វីល ៨៧៥ លាន​ដុល្លារ​
៨. ឌី​ដ​ឌី ៨២៥ លាន​ដុល្លារ​
៩. ថៃ​ហ្គើ​វូដ ៨០០ លាន​ដុល្លារ​
១០. ជែ​ម​ស៍ ផាត់​ធឺ​សុន ៨០០ លាន​ដុល្លារ​៕ ដោយ៖ កញ្ញាដាលីស