ច​ន សុទី​ម៉ា ត្រៀមខ្លួន​តំណាង​កម្ពុជា​ចេញទៅ​ប្រកួត​បវរកញ្ញា​ទេសចរណ៍​ពិភពលោក

233
ចែករម្លែក

ភ្នំពេញ​៖ តារា​ម៉ូ​ដែល​ទើបតែ​រះ​កញ្ញា ច​ន សុទី​ម៉ា កំពុង​ឈរ​នៅក្នុងនាម​ជា​តំណាងឱ្យ កម្ពុជា ចូលរួម​ប្រកួត​បណ្តើ​ម​មកុដ​បវរកញ្ញា​ឯកទេស​ចរណ៍​ពិភពលោក​នាពេល ខាងមុខនេះ​។

​កញ្ញា ច​ន សុទី​ម៉ា ត្រូវបាន​បង្ហាញ​វត្តមាន​ជាថ្មី​ម្ដងទៀត​ក្នុងឱកាស Miss tourism International Final លើក​ទី ២២ ដែលជា​កម្មវិធី​ប្រកួត​ដ៏​ធំ​បំផុត​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង ដើម្បី​លើកកម្ពស់​វិស័យ​ទេសចរណ៍​និង​បង្ហាញ​ទៅកាន់​ពិភពលោក​នូវ​មុខមាត់​ដល់​ស្រស់ស្អាត​ជាច្រើន​របស់ខ្លួន ហើយក៏​ជា​វេទិកា​មួយ​ដើម្បី​អប់រំ​និង​លើកកម្ពស់​ការផ្លាស់ ប្តូរ​វិស័យ​ទេសចរណ៍​និង​វប្បធម៌​ក្នុងចំណោម​គណៈប្រតិភូ​ស​ម្រ​ស់​ដែល​នឹងចូលរួម​មក​ប្រកួតប្រជែង​។

​តារា​ម៉ូ​ដែល​រូបនេះ​បាន​ប្រាប់​រស្មី​កម្ពុជា​ឱ្យដឹងថា នាង​ពិតជា​សប្បាយចិត្ត​ដែលមាន ឱកាស​ក្នុង​បង្ហាញខ្លួន​នៅលើ​វេទិកា​អន្តរជាតិ​មួយ​នេះហើយ​លើក​នេះ​ជា​ឱកាសល្អ សម្រាប់​នាង​ក្នុង​បញ្ចេញ​សមត្ថភាព​។ មិន​ត្រឹម​ប៉ុណ្ណោះ​នាង​ក៏​បង្ហាញ​សម្រស់​របស់​នាង និង វប្បធម៌​ខ្មែរ លើ​វេទិកា​អន្តរជាតិ ទៅកាន់​ពិភពលោក​នាពេលខាងមុខ​នេះ​។

​តារា​មាន​រូបរាង​ស្អាត​នេះ​បាន​និយាយថា មូលហេតុ​ដែល​នាង​អាច​ជាប់​ទៅ​តំណាង កម្ពុជា​ចូលរួម​ប្រកួត​លើក​នេះ​បាន​ដោយសារតែ​ខាង​ក្រុមហ៊ុន មើលឃើញ​សមត្ថភាព និង រូបរាង សាក​សម អាចបំពេញ​ភារកិច្ច​ទៅ​ប្រកួត​ជាមួយ​បេក្ខភាព​អន្តរជាតិ​ដ៏ទៃទៀត ទើប​នាង​ជាប់​។ មួយរយៈ​មុននេះ នាង​ក៏​ត្រូវបាន​មហាជន​សរសើរ​រឿង​តុបតែង​ខ្លួន​ថត ឈុត​បុរាណ និង ប្រពៃណី ទទួល​ការសរសើរ​ហើយ​ជាពិសេស​នោះ​នាង​បាន​គ្រង ឈុត​នាងនាគ ធ្វើឱ្យ​អ្នកគាំទ្រ​ពេញចិត្ត​ផងដែរ​។

​កញ្ញា ច​ន សុទី​ម៉ា បាន​ប្រាប់ថា ការចូល​សិល្បៈ​នេះ បើ​ជាក់លាក់​នោះ​នាង​ទើបតែ ប្រឡូក​បាន​រយៈពេល​មួយឆ្នាំ​ប៉ុណ្ណោះ​ដោយសារតែ នាង​ត្រូវការ​រៀនសូត្រ​ជាហេតុ នាំ​នាង​ផ្អាក​មួយរយៈ​អំឡុង​កាលពី​ឆ្នាំ​២០១៨​។ បើ​និយាយ​រឿង​ប្រឡង​វិញ​គឺ​នាង​បាន ប្រលង Miss Grand 2017 ជាប់​លេខ​៣ ប៉ុន្តែ​មិនបាន​បន្តការងារ​សិល្បៈ​ឡើយ ។ រហូតដល់​ឆ្នាំ​២០១៩ នាង​ចូល​ប្រឡង​បវរកញ្ញា​ម្តងទៀត​គឺ Miss Universe Cambodia 2019 ក៏​ជាប់​លេខ​បី​ទៀត ទើប​បន្តការងារ​សិល្បៈ​ពេញលេញ​តែម្តង​។

​សូមបញ្ជាក់ថា បវរកញ្ញា​ទេសចរណ៍​អន្តរជាតិ​ឆ្នាំ ២០១៩ វគ្គ​ផ្តាច់ព្រ័ត្រ​ដែលមាន ប្រធានបទ​“ នាំ​ពិភពលោក​មកដល់​ប្រទេស​ម៉ាឡេស៊ី​”​ដែលមាន​បេ​ក្ខ​នារី​ចំនួន​៦០ នាក់​មកពី​ជុំវិញ​ពិភពលោក​ដែល​ទទួលបាន​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​ប្រទេស​ម៉ាឡេស៊ី​។​

​កម្មវិធី​ប្រកួត​បវរកញ្ញា​ទេសចរណ៍​អន្តរជាតិ​ឆ្នាំ ២០១៩ គឺជា​ព្រឹត្តិការណ៍​រយៈពេល ១៩ ថ្ងៃ (​ថ្ងៃទី ២២ ខែតុលា​ឆ្នាំ ២០១៩ ដល់​ថ្ងៃទី ១០ ខែវិច្ឆិកា​ឆ្នាំ ២០១៩) វគ្គ​ផ្តាច់ព្រ័ត្រ​នឹង ប្រារព្ធ​ធ្វើឡើង​នៅ​ថ្ងៃទី ៨ ខែវិច្ឆិកា​ឆ្នាំ ២០១៩ នៅ​សណ្ឋាគារ​សាន់​វេរី​សត​ក្នុងប្រទេស ម៉ាឡេស៊ី ៕ ដោយ បូ​រិ​ន​