ឆក់​កាបូប​ជនបរទេស​ត្រូវ​ពលរដ្ឋ​ចាប់បាន​វ៉ៃ​ឡើង​បែកឈាម​ពេញ​ខ្លួន​

1050
ចែករម្លែក

​ដោយ​៖​ម៉ា​រ៉ា​/​ភ្នំពេញ​៖​ជនសង្ស័យ​ម្នាក់​ត្រូវបាន​ប្រជាពលរដ្ឋ​នាំគ្នា​ដេញចាប់បាន រួច​ព្រួត​វ៉ៃ​ឡើង​បែក​ឈាម​ពេញ​ខ្លួន ទើប​ប្រគល់​ឲ្យ​សមត្ថកិច្ច ។ដោយ​បង្ក​ការភ្ញាក់ផ្អើល​ជាខ្លាំង​កាលពី​វេលា​ម៉ោង​៨ និង​១៥​នាទី​យប់ ថ្ងៃទី​១៩ មីនា ឆ្នាំ​២០១៨​នៅ​ចំណុច​កែង​ផ្សារ​ថ្មី តាម​បណ្ដោយ​ផ្លូវ​៥៣ កែង​និង​ផ្លូវ​១២៦ ស្ថិតក្នុង​សង្កាត់​ផ្សារ​ថ្មី​១ ខណ្ឌដូនពេញ។

ក្រោយពី​ជនសង្ស័យ​រូបនេះ ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ប្ដី​ប្រពន្ធ​ជា​ជនជាតិ​បរទេស​បានសម្រេច​។​ជនសង្ស័យ​ដែល​ប្រជាពលរដ្ឋ​ចាប់បាន​ព្រួត​គ្នា​វ៉ៃ​ឡើង​ទ្រោម​ខ្លួន​នោះ មានឈ្មោះ ទូច ចាន់ថា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​លក់​ត្រី ស្នាក់​នៅផ្ទះ​លេខ​១៨ ផ្លូវ​លេខ​៥៣ សង្កាត់​ផ្សារ​ថ្មី​១ ខណ្ឌដូនពេញ ។​

​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​ជនសង្ស័យ​ខាងលើ​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក ស្មា​ក់វី ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BB -4126 តែម្នាក់ឯង បានធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ស្ត្រី​ម្នាក់​ដើរ​ជាមួយ​ប្ដីពីជនរងគ្រោះ​ជា​ជនជាតិ​បរទេស បានសម្រេច​នៅ​ផ្លូវ​ព្រះ​ន​រោ​ត្ដម ក្បែរ​រោងកុន​លុច ។ ភ្លាមនោះ ប្រជាពលរដ្ឋ​ដែល​ឃើញ​សកម្មភាព​ជាក់ស្ដែង​បែបនេះ ក៏​ស្រែកថា ចោរៗ​ៗ ទើប​បង្ក​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ជាច្រើន​ទៀត​បាននាំគ្នា​ជិះ​ម៉ូតូ​ដេញតាម។

បន្ទាប់​មក សមត្ថកិច្ច​បាន​ពិនិត្យមើល​វត្ថុតាង​(​កាបូប​ជនរងគ្រោះ​)​ពុំមាន​បាត់បង់​ទ្រព្យសម្បត្តិ​អ្វី​ក្នុង​កាបូប​នោះឡើយ ទើប​សមត្ថកិច្ច​ធ្វើឯកសារ​ប្រគល់​វត្ថុតាង​ឲ្យ​ទៅ​ជនរងគ្រោះ​វិញ ។ ដោយឡែក​ជនសង្ស័យ​ខាងលើ រួម​និង​ម៉ូតូ​ដែល​ជិះ​ធ្វើ​សកម្មភាព ត្រូវបាន​សមត្ថកិច្ច​ធ្វើឯកសារ និង​កសាង​សា​ណុំ​រឿង​ប​ញ្ចូ​ន​បន្តទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ដើម្បី​ចាត់ការ​បន្ត​តាមផ្លូវ​ច្បាប់ ៕S/​

ឆក់​កាបូប​ជនបរទេស​ត្រូវ​ពលរដ្ឋ​ចាប់បាន​វ៉ៃ​ឡើង​បែកឈាម​ពេញ​ខ្លួន​