ឆក់​កាបូប​បានសម្រេច តែ​រត់​មិន​រួច​ត្រូវ​ពលរដ្ឋ​ព័ទ្ធ​ចាប់បាន​ម្នាក់​ប្រគល់​ឲ្យ​សមត្ថកិច្ច​

785
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: ឆក់​កាបូប​បានសម្រេច​ហើយ ចង្រៃ​ស្ទះផ្លូវ​ទៅ​មិន​រួច​ទាល់ច្រក ផ្តួល​ម៉ូតូ​រត់​បាន​បន្តិច មហាជន​ចាប់​ស្វាគមន៍​ប្រគល់ជូន​សមត្ថកិច្ច​ដោះស្រាយ​តាមច្បាប់ ។​

​ករណី​ឆក់​កាបូបស្ពាយ​ពី​នារី​រងគ្រោះ​បុគ្គលិក​ផ្នែក​លក់​តាម​អន​ឡាយ​នេះ បាន​កើតឡើង​នៅតាម​ផ្លូវ​១៨២ ទេព​ផន ស្ថិតនៅក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ វេលា​ម៉ោង​១​និង​៥៥​នាទី​រសៀល ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៨ ។​

​យោងតាម​របាយការណ៍​សមត្ថកិច្ច​បានអោយដឹង​ថា នារី​រងគ្រោះ​មានឈ្មោះ គី សុខ​ធីតា ភេទ​ស្រី អាយុ​២០​ឆ្នាំ មុខរបរ​រកស៊ី​លក់ដូរ​តាម​អន​ឡាញ ស្នាក់នៅ​ផ្ទះជួល​ម្តុំ​ចាក់​អ​ង្គ្រែ​លើ ស្ថិតនៅក្នុង​ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ជិះ​ម៉ូតូ​ស្កុប​ពី​ពណ៌​ផ្កាឈូក ផ្លាកលេខ​ភ្នំពេញ 1FJ-6561 ធ្វើដំណើរ​ចាកចេញ​ពី​ផ្សារ​ដេប៉ូ តាម​បណ្តោយ​ផ្លូវ​១៨២ ពី​កើ​តទៅ​លិច បាន​ប្រហែល​២០០​ម៉ែត្រ ស្រាប់​តែមាន​ជនសង្ស័យ​ម្នាក់​ឈ្មោះ សុខ សុ​ដេ​ត ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​មន​ពិតប្រាកដ ស្នាក់នៅ​សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ជិះ​ម៉ូតូ​ស្មាស់ ពណ៌​ខៀវ ផ្លាកលេខ​ភ្នំពេញ 1HF-3104 ធ្វើ​សកម្មភាព​ឆក់​កាបូប​នារី​រងគ្រោះ ដែល​បានដាក់​នៅខាងមុខ​ម៉ូតូ​កន្លែង​ដាក់​ជើង​បានសម្រេច​និង​ព្យាយាម​ជិះ​គេចខ្លួន ដោយ​បត់​ឆ្វេង​ស្តាំ​មកដល់​ចំណុច​ខាងមុខផ្ទះ​៣៣៥ ផ្លូវ​២៤៥ ម៉ៅ​សេង​ទុង ក្រុម​២៩ ភូមិ​៧ សង្កាត់​ផ្សារ​ដេប៉ូ​ទី​១ ក៏​ស្ទះ​រថយន្ត​បត់​ចូល​ផ្ទះ ភ្លាមនោះ​នារី​រងគ្រោះ​ដែល​ព្យាយាម​ជិះ​ម៉ូតូ​និង​ស្រែកថា​ចោរឆក់​កាបូប ក៏បង្ករ​អោយមាន​ការភ្ញាក់ផ្អើល​ដ​ល់​មហាជន​ជួយ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​និង​ប្រគល់ជូន​សមត្ថកិច្ច​តែម្តង ។​

​បច្ចុប្បន្ន​នារី​រងគ្រោះ​បានទទួល​សម្ភារៈ និង​ដាក់ពាក្យ​ប្រគល់ជូន​នគរបាល នៃ​អធិការដ្ឋាន​នរគ​បាល​ខណ្ឌទួលគោក ចាត់ការ​តាម​នីតិវិធី​។ រីឯ​ជនសង្ស័យ​ត្រូវ​ឃុំខ្លួន​បណ្តោះអាសន្ន រង់ចាំ​កសាង​សំណុំរឿង បញ្ជូនទៅ​កាត់ទោស​តាមផ្លូវ​ច្បាប់ នៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​៕