ឆក់​ទូរស័ព្ទ​ភ្លែត ប៉ូលិស​ល្បាត​ចាប់បាន​ម្នាក់​ភ្លាម បក្ខពួក​ម្នាក់ទៀត​រត់​រួច​

747
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: ជនសង្ស័យ​ម្នាក់​ត្រូវបាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​កា​កាប​១ ខណ្ឌ​ពោធិ​សែន​ជ័យ រួមជាមួយ​ពលរដ្ឋ​ដេញចាប់បាន​ភ្លាមៗ ចំណែក​បក្ខពួក​ម្នាក់ទៀត​រត់គេចខ្លួន​បាត់ បន្ទាប់ពី​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទដៃ ពី​នារី​និស្សិត​ម្នាក់​កំពុង​ជិះ​ម៉ូតូ​តាមផ្លូវ កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៨ ស្ថិតនៅ​តាមផ្លូវ​បេតុង ក្នុងភូមិ​ប៉​ប្រ៉​កជើង សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ​សែន​ជ័យ​។​

​ជនសង្ស័យ​ម្នាក់​ចាប់ខ្លួនបាន ឈ្មោះ សេរី ចំណាន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន​។ ចំណែក​បក្ខពួក​ម្នាក់ទៀត ឈ្មោះ ថន អាយុ​ប្រហែល​១៨​ឆ្នាំ ជា​មិត្រ​ភ័​ក្រ ដៃគូ​ក្នុង​សកម្មភាព​ល្មើស បាន​ជិះ​ម៉ូតូ​រត់​គេចខ្លួនបាត់ ។ ចំណែក​ជនរងគ្រោះ ឈ្មោះ ផូង អ៊ិ​ច​ឆេង​ឡាំង ភេទ​ស្រី អាយុ ១៨​ឆ្នាំ ជា​និស្សិត​ឆ្នាំ​ទី​១ សកល​វិទ្យាល័យ​ភ្នំពេញ មាន​ទីលំនៅ ភូមិ​ប៉​ប្រ៉​កជើង សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ​សែន​ជ័យ ។ រីឯ​ទូរស័ព្ទ ដែល​ជនសង្ស័យ​ធ្វើ​សកម្មភាព​ឆក់យក ម៉ាក I Phone 6 ពណ៌​ទឹកមាស និង​ឧបករណ៍​សម្រាប់​សាក​ថ្ម​ទូរស័ព្ទ​។​

​តាម​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា ជនសង្ស័យ មុខ ភិនភាគ​ម្នាក់​នឹង​ហើយ ដែល​តែងតែ​ធ្វើ​សកម្មភាព ឆក់​ទ្រព្យសម្បត្តិ​ពលរដ្ឋ​តាមផ្លូវ​រាល់ថ្ងៃ កន្លងមក​ចាប់​មិនទាន់បាន​លើក​នេះ ប៉ូលិស​ល្បាត​ក្បែរ​នោះ​ស្រាប់ ដេញចាប់បាន​ម្នាក់​ភ្លាមៗ​។​

​ក្រោយពី​ចាប់ខ្លួនបាន​ជនសង្ស័យ​សកម្ម​ខាង​ឆក់ លួច សមត្ថកិច្ច​នាំខ្លួន ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​កា​កាប​១ ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​ផ្នែក​ជំនាញ​អធិការដ្ឋាន​ខណ្ឌ ចាត់ការ​បន្ត​តាម​នីតិវិធី​៕ ល​