ឆមាស​ទីមួយៈ​ទេសចរ​ទៅ​លំហែ​នៅ​រមណីយដ្ឋាន​ខេត្តកោះកុង​កើនឡើង​ជាង​១០០​ភាគរយ​

2130
ចែករម្លែក

ដោយៈ សុ​ផានី​តា​/​កោះកុង​: មន្ត្រី​នៃ​មន្ទី​ជំនាញ​បាន​អះអាងថា​នា​ឆមាស​ទីមួយ​ឆ្នាំនេះ ចំនួន​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ ដែល​បាន​ទៅ​កម្សាន្ត​តាម​រមណីយដ្ឋាន​ធម្មជាតិ​សំខាន់ៗ​នៅ​ខេត្តកោះកុង​បាន​កើន​ឡើងដល់​ទៅ​១១៤​ភាគរយ​។ ជា​ទិសដៅ ដើម្បី​បន្ត​ទាក់ទាញ​ទេសចរ​ចម្រុះ​ជាតិ​សាសន៍​ឱ្យមក​លំហែ​លើ​ទឹកដី​ខេត្ត​ជាប់​ព្រំ​ដែន​​មួយ​នេះ​កាន់តែច្រើន​អាជ្ញាធរ​កំពុង ពង្រីក​កែច្នៃ​រមណីយដ្ឋាន​ធម្មជាតិ​ចំនួន​បី​បន្ថែមទៀត​។​

ឆមាស​ទីមួយៈ​ទេសចរ​ទៅ​លំហែ​នៅ​រមណីយដ្ឋាន​ខេត្តកោះកុង​កើនឡើង​ជាង​១០០​ភាគរយ​

​រយៈពេល​៦​ខែ​ក្នុង​ឆ្នាំ​២០១៨​នេះ ខេត្តកោះកុង​បានទទួល​ភ្ញៀវទេសចរ​សរុប​ចំនួន​២៣០.០០០​នាក់ កើន​៧០.០០០​នាក់ ស្មើនឹង ១១៤​ភាគរយ បើ​ធៀប​នឹង​ពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១៧​។ ក្នុងនោះ​ទេស​ជាតិ​ចំនួន​១៧០.០០០​នាក់ និង​ទេសចរ​អន្តរជាតិ​មាន​ចំនួន​៥១.០០០​ពាន់​នាក់​។ នេះ​មិន​គិតពី​ចំនួន​អ្នកទេសចរ​ចេញចូល​តាម​ច្រកទ្វារ​អន្តរជាតិ​ចាំ​យាម​ផង​ទេ​។

​លោក ប៊ុន បៀ​វ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកោះកុង បានបញ្ជាក់​កាលពី​ល្ងាច​ថ្ងៃទី​១៦ ខែសីហា​ថា មូល​ហេតុ​ដែល​នាំឱ្យមាន​កំណើន​ភ្ញៀវទេសចរ​សម្រុក​ទៅលេង​កម្សាន្ត​តាម​រមណីយដ្ឋាន​ធម្មជាតិ​សំខាន់ៗ នៅក្នុង​ខេត្ត​កោះកុង​កើនឡើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ក៏​ព្រោះតែ​មន្ទីរ និង​អាជ្ញាធរ​ពាក់ព័ន្ធ បង្កើន​ការផ្សព្វផ្សាយ​ព័ត៌មាន​អំពី​តំបន់​រមណីយដ្ឋាន​ដែលមាន​សក្តានុពល​ទៅកាន់​អស់អ្នក​ទេសចរ​ទាំង​ក្នុង និង​ក្រៅប្រទេស បូករួម​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវ​ធ្វើដំណើរ​ល្អៗ​ច្រើន​។​ទន្ទឹមនេះ​មាន ពង្រឹង​បណ្តុះបណ្តាល​ធនធានមនុស្ស​ក្នុង​វិស័យ​ទេសចរណ៍​។ តម្លៃ​សេវា​ស្នាក់នៅ​សមរម្យ​។ គុណភាព​ចំណីអាហារ និង​អនាម័យ​សោភ័ណភាព​បរិស្ថាន​ល្អជា​ដើម​។​

រមណីយដ្ឋាននៅខេត្តកោះកុង

​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត ឱ្យដឹងទៀតថា តំបន់​រមណីយដ្ឋាន​ទេសចរណ៍​ដែលមាន​ទេសចរ ចម្រុះ​ជាតិ​សាសន៍​​និយម​ទៅ​កម្សាន្ត​ច្រើនជាងគេ រួមមាន រមណីយដ្ឋាន​ធម្មជាតិ​ព្រៃកោងកាង​ពាម​ក្រសោប​, សហគមន៍​ធម្មជាតិ​ទឹកជ្រោះ​តា​តៃ​, តំបន់​អេកូ​ទេសចរ​ជាយ​អា​រ៉ែ​ង ជី​ផាត ,​ឆ្នេរសមុទ្រ​ប៉ាក់​ខ្លង​, ចេតិយ​ឃុន​ឆាង​ឃុន​ផែន ,​ច្រកទ្វារព្រំដែន​អន្តរជាតិ​ចាំ​យាម និង​រមណីយដ្ឋាន​មហាសាគរ​វិស្សមកាល​តា​រា​រះ​នា​ទិស​នារ​តី​។

​គួរ​រំលឹក​ដែរ​ថា​ខេត្តកោះកុង នៅ​ចុង​ឆ្នាំនេះ បាន​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៧ ជុំ​ទី​២​។​ព្រឹត្តិការណ៍​នេះ​គឺ ជា​ទិសដៅ​ដើម្បី​បង្កើន​ការទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ឲ្យ​មក​សម្រាកលំហែ​ក្រោម​ម្លប់​សន្តិភាព ស្ថិរភាព សុខ​សុវត្ថិភាព​។​

​បច្ចុប្បន្ន​មន្ទីរ​ទេសចរណ៍ អាជ្ញាធរខេត្ត និង​មន្ទីរជំនាញ​ពាក់​ព័​ន្ឋ​កំពុង​សហការ​ជាមួយ​វិស័យ​ឯកជន​ពង្រីក​កែច្នៃ​រមណីយដ្ឋាន​អេកូ​ធម្មជាតិ​ចំនួន​៣​បន្ថែមទៀត ទី​១-​រមណីយដ្ឋាន​ធម្មជាតិ​ទឹកជ្រោះ​សិលា​មានជ័យ ទី​២-​ទឹកជ្រោះ​កោះ​ប៉ោ និង​ទី​៣​នោះ គឺ​សហគមន៍​តំបន់ការពារធម្មជាតិ​ទឹកធ្លាក់​សម្រស់​ឆាយ​១២ ជាន់​៕​សរន​

#