ឆមាស​ទីមួយ ឆ្នាំនេះ​គ្រោះថ្នាក់​ចរាចរ​ផ្លូវគោក ហក់​ខ្ពស់ជាង​ឆ្នាំមុន​!

653
ចែករម្លែក

របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ចេញផ្សាយ​ដោយ​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បង្ហាញថា ក្នុង​រយៈពេល​ប្រាំ​មួយខែ គិតពី​ខែមករា ដល់​ខែមិថុនា ឆ្នាំ​២០១៩ គ្រោះថ្នាក់​ចរាចរ ផ្លូវគោក នៅ​ទូទាំងប្រទេស បានកើត​ឡើង ២.១៦១​លើក បណ្តាល​ស្លាប់ ១.០២៨​នាក់ និង​របួស ៣.២៦១​នាក់​។ គ្រោះថ្នាក់​ក្នុង​រយៈពេល​នេះ គឺ​កើនឡើង​ទាំង​ចំនួន​គ្រោះថ្នាក់ ទាំង​ចំនួន​អ្នកស្លាប់ និង​ទាំង​ចំនួន​អ្នករបួស បើ​ធៀប​នឹង​ឆមាស​ទី​១ ឆ្នាំ​២០១៨​។​

​របាយការណ៍​ដដែល​បាន​លើក​បង្ហាញ​ពី​មូលហេតុ​គ្រោះថ្នាក់​រយៈពេល​ប្រាំ​មួយខែ​នេះ គឺ​កើតឡើង​ច្រើនជាងគេ ដោយសារ​ល្បឿន មិន​គោរព​សិទ្ធិ មិន​ប្រកាន់​ស្តាំ ប្រជែង បត់​គ្រោះថ្នាក់ ស្រវឹង ងងុយ កត្តា​យាន និង​មកពី​បញ្ហា​អាកាសធាតុ​។​

​សូម​រម្លឹកថា ចាប់ពី​ខែមករា ដល់​ខែមិថុនា ឆ្នាំ​២០១៨ គ្រោះថ្នាក់​ចរាចរ​ផ្លូវគោក នៅ​ទូទាំងប្រទេស បានកើត​ឡើង ១៦៣៣ លើក ស្លាប់ ៩៣០ នាក់ និង​របួស ២៣៩៩ នាក់​។ បើ​ធៀប​នឹង​រយៈពេល​ប្រាំ​មួយខែ កាលពី​ឆ្នាំ​២០១៨ គឺ​រយៈពេល ប្រាំ​មួយខែ ក្នុង​ឆ្នាំ​២០១៩ គ្រោះថ្នាក់​ចរាចរ​បាន​កើន​ទាំង​ចំនួន​គ្រោះថ្នាក់ ទាំង​ចំនួន​អ្នកស្លាប់ និង​ទាំង​ចំនួន​អ្នករបួស​។ នេះ​ស​បញ្ជាក់ថា ប្រជាពលរដ្ឋ​យើង​មួយចំនួន​ពិសេស​អ្នក ធ្វើដំណើរ​តាម​ម៉ូតូ នៅតែ​ប្រឈម​ខ្ពស់​នឹង​គ្រោះ​ថ្នាក់លើ​ដងផ្លូវ​។

​មាន​វិធី​មួយចំនួន ក្នុងការ​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរ​។ នោះ​គឺ​ចាប់ផ្តើម​ពី​យើង​ម្នាក់ៗ ជា​អ្នកបើកបរ មិន​ថា ម៉ូតូ រថយន្ត កង់ ឬក៏​ថ្មើរជើង​នោះទេ​។ សម្រាប់​អ្នកធ្វើដំណើរ តាម​ម៉ូតូ ត្រូវ​ពាក់មួក​សុវត្ថិភាព មិន​ថា​អ្នកបើកបរ និង​មិន​ថា​អ្នកជិះ​ពីក្រោយ​ហើយ ត្រូវ​បើកបរ​ដោយ​គោរព​ច្បាប់​។ រីឯ​អ្នកបើកបរ​រថយន្ត និង​អ្នកជិះរថយន្ត​ត្រូវ​ពាក់​ខ្សែ ក្រវាត់​សុវត្ថិភាព និង​ត្រូវ​បើកបរ​ដោយ​គោរព​ច្បាប់​។ អ្នកជិះ​កង់ ក៏ត្រូវ​ពាក់មួក​សុវត្ថិភាព ហើយ​គោរព​ច្បាប់​ចរាចរណ៍ និង​ត្រូវ​ជិះ​ដោយ​មើល​ឆ្វេង​ស្តាំ​ដោយ​ស្មារតី​ប្រុងប្រយ័ត្ន ខ្ពស់​។ អ្នក​ថ្មើរជើង ក៏​ដូចគ្នា ពេល​ដើរ​ឆ្លងផ្លូវ ក៏ត្រូវ​ប្រុងប្រយ័ត្ន មើល​ឆ្វេង មើល​ស្តាំ និង​ឆ្លងផ្លូវ​ដោយ​ប្រុងប្រយ័ត្ន​។​

​ម្យ៉ាងទៀត​ទាំង​អ្នកបើកបរ​ម៉ូតូ រថយន្ត និង​កង់ ត្រូវ​កុំ​បើកបរ ល្មើសច្បាប់​ចរាចរណ៍​។ កុំ​ល្មើស​ភ្លើង​សញ្ញា ស្លាក​សញ្ញា​ចរាចរណ៍ និង​បើកបរ​ដោយ​អធ្យាស្រ័យ​យោគយល់ គ្នា​។ ពោលគឺ​សន្សឹមៗ កុំ​បំបោរ ក្រែង​ពុំ​ដល់​ដូច​ប្រាថ្នា​។ មួយវិញទៀត​អ្នកបើកបរ ទាំងឡាយ មិន​ថា ម៉ូតូ រ៉ឺម៉ក​ម៉ូតូ រថយន្ត គោយន្ត ឬ​អ្នកជិះ​កង់​ទេ គឺ​ត្រូវ​បើកបរ និង​ជិះ កង់​ដោយ​មិន​ស្ថិតក្នុង​ស្ថានភាព​ស្រវឹង ជាដាច់ខាត​។​

​មានតែ​ខ្លួន​យើង​ម្នាក់ៗ​ទេ ដែល​អាច​ចូលរួម​កាត់បន្ថយ និង​ជៀស​ឲ្យ​ឆ្ងាយ​ពី​គ្រោះថ្នាក់ ចរាចរ​។ នោះ​គឺ​បើ​យើង​ធ្វើដំណើរ​តាម​ម៉ូតូ គឺ​ដាច់ខាត​តែម្តង ត្រូវ​ពាក់មួក​សុវត្ថិភាព ទោះ​ជិត ឬ​ឆ្ងាយ មាន​ប៉ូលិស​ស្ទាក់ផ្លូវ នៅ​ចំណុច​ភ្លើងស្តុប ឬ​មិនមាន​ប៉ូលិស​ក៏ដោយ ត្រូវតែ​ពាក់មួក​សុវត្ថិភាព ហើយ​អ្នកបើកបរ និង​ធ្វើដំណើរ​តាម​ឡាន​ត្រូវតែ​ពាក់​ខ្សែ ក្រវាត់​សុវត្ថិភាព ហើយ​ជាពិសេស​អ្នកធ្វើដំណើរ​ទាំងអស់ ត្រូវគោរព​ច្បាប់​។​

​ជីវិត​របស់​យើង​ម្នាក់ៗ ក៏ពិតមែន តែ​នៅពេល​ជួប​គ្រោះថ្នាក់​ចរាចរ​នោះ​នឹង​បង្កបញ្ហា មិន​ត្រឹមតែ​ខ្លួន​យើង​តែម្នាក់ឯង​ទេ គឺអាច​នឹង​បង្ក​គ្រោះថ្នាក់​ដល់​អ្នករួមដំណើ​រ​ក៏ដូចជា អ្នកធ្វើដំណើរ​លើ​ដងផ្លូវ​ដទៃទៀត​។​ដូច្នេះ​សូម​គិត​ឲ្យ​ច្បាស់លាស់​ព្រោះថា គ្រាន់តែ យើង​បើកបរ​ដោយ​ធ្វេសប្រហែស​តែមួយ​វិនាទី នោះ​គ្រោះថ្នាក់ នឹង​អាច​កើតឡើង ក៏​អាច​ថា​បាន​៕ ដោយៈ ម៉េង​ឆៃ