ឆមាស​ទី​១ ឆ្នាំ​២០១៨ ក្រសួងពាណិជ្ជកម្ម​ទទួល​ពាក្យស្នើសុំ​ចុះបញ្ជី​ម៉ាក​កើនឡើង​១៦​ភាគរយ​

959
ចែករម្លែក

ដោយ​: ពៅ និមល / ភ្នំពេញ​: យោងតាម​របាយការណ៍​ការងារ​របស់​ក្រសួងពាណិជ្ជកម្ម បាន​ឲ្យ​ដឹងថា ក្នុង​រយៈពេល​ឆមាស​ទី​១ ឆ្នាំ​២០១៨ ក្រសួង​ទទួល​ពាក្យស្នើសុំ​ចុះបញ្ជី​ម៉ាក​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក សរុប​ចំនួន​២.៦៧០ បាន​កើនឡើង​១៦​ភាគរយ ប្រៀបធៀប​រយៈពេល​ដូចគ្នា ក្នុង​ឆ្នាំ​២០១៧​មាន​ចំនួន​២.៣១០​។​

​លោក អប់ រ៉ា​ឌី ប្រធាន​នាយកដ្ឋាន​កម្មសិទ្ធិបញ្ញា​នៃ​ក្រសួងពាណិជ្ជកម្ម បាន​ប្រាប់​កាសែត​រស្មី​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៨​កន្លងទៅ​ថា ការទទួល​ពាក្យស្នើសុំ​ចុះបញ្ជី​ម៉ាក​រួមមាន​៖ ម៉ាក​ទំនិញ ម៉ាក​សេវាកម្ម និង​ម៉ាក​យីហោ​ជាដើម សម្រាប់​ឆមាស​ទី​១ ឆ្នាំនេះ​នៅក្នុង​ស្រុក​មាន​ចំនួន​១.០៦២ និង​ក្រៅ​ស្រុក​មាន​ចំនួន​សរុប​១.៦០៨​។ ដោយឡែក ការទទួល​ពាក្យសុំ​ចុះបញ្ជី​ម៉ាក​អន្តរជាតិ​សរុប (​ឆមាស​ទី​១ ឆ្នាំ​២០១៨) ចំនួន​១.១៣៨ កើនឡើង​១៥​ភាគរយ ធៀប​រយះពេល​ដូចគ្នា​ឆ្នាំ​២០១៧ មាន​ចំនួន​៩៩១​។​

​លោក​ប្រធាន​នាយកដ្ឋាន​បានបញ្ជាក់ ការស្នើរ​សុំ​ចុះបញ្ជី​ម៉ាក​ក្នុង​មួយ​លើក​មានតម្លៃ​ប្រមាណ​៤២​ម៉ឺន​រៀល ឬ​ស្មើនឹង​ជាង​១០០​ដុល្លារ​អាមេរិក ដែលមាន​សុពលភាព​រហូតដល់​១០​ឆ្នាំ​ឯណោះ​។ លោក​បាន​បន្តថា​ការចុះបញ្ជី​ម៉ាក គឺមាន​សា​រះ​សំខាន់​ណាស់​សម្រាប់​ក្រុមហ៊ុន​ឬ​ម្ចាស់​ម៉ាក ក្នុងការ​សម្គាល់​ម៉ាក​ទំនិញ ក៏ដូចជា​ទទួលបាន​សិទ្ធិផ្តាច់មុខ​នៅពេលដែល​ម្ចាស់​ម៉ាក​បាន​ចុះបញ្ជី​ស្របច្បាប់​រួចហើយ​។ លើសពីនេះ​ទៀត នៅពេលដែល​ម្ចាស់​ម៉ាក​បាន​ចុះបញ្ជី​ត្រឹមត្រូវ​និង​ស្របច្បាប់​ហើយ​នោះ ម្ចាស់​ម៉ាក​គឺមាន​សិទ្ធិ​ប្តឹង​ចំពោះ​ជន​ណា​ដែល​បាន​ក្លែងបន្លំ​ម៉ាក ឬ​ទំនិញ​ដែលមាន​លក្ខណៈ​ដូច ស្រដៀង​និង​ប្រហាក់ប្រហែល​ធ្វើ​ឲ្យ​មានការ​ភាន់ច្រឡំ​ជាដើម​។

​លោក​ប្រធាន​បាន​អំពាវនាវ​ទៅដល់​ក្រុមហ៊ុន ក៏ដូចជា​ម្ចាស់​ម៉ាក​ដែល​ពុំទាន់​បាន​ចុះបញ្ជី​ត្រឹមត្រូវ​សូម​រួសរាន់​ទាក់ទង​ក្រសួង ដោយ​អាច​ចុះបញ្ជី​តាម​ប្រព័ន្ធ​អន​ឡាញ​ក៏បាន ឬ​តាមរយះ​ផ្ទាល់​ជាមួយ​ក្រសួង​ក៏បាន​ដើម្បី​ការពារ​ម៉ាក និង​ចៀសវាង​កុំ​ឲ្យ​មាន​អ្នកដទៃរ​លោភ​បំពាន ឬ​ក្លែងបន្លំ​។​ល​។​

​សូម​រម្លឹកថា កាលពី​ខែឧសភា ឆ្នាំ​២០១៧​កន្លងទៅ ក្រសួងពាណិជ្ជកម្ម​បាន​ដាក់​ឲ្យ​ប្រើប្រាស់​ប្រព័ន្ធ​ចុះបញ្ជី​ម៉ាក​ពាណិជ្ជកម្ម តាម​ប្រព័ន្ធ​អន​ឡាញ​ក្នុង​គោលបំណង​ផ្តល់​ភាពងាយស្រួល ដោយ​កាត់បន្ថយ​ពេលវេលា និង​ការចំណាយ​ក្នុងការ​ស្នើសុំ​ចុះបញ្ជី​ម៉ាក និង​សេវា​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​ម៉ាក ព្រមទាំង​ការគ្រប់គ្រង​ប្រព័ន្ធ​ចុះបញ្ជី​ម៉ាក​ប្រកបដោយ​ប្រសិទ្ធភាព​៕