ឆេះ​កន្លែង​ចត​ឡាន​នៅ​ទីក្រុង​លី​វើ​ភូ​ល រថយន្ត ១.៦០០ គ្រឿង​ក្លាយជា​ផេះ​

877

​ភ្លើង ១.០០០ អង្សា ដែល​បណ្តាលឱ្យ​ឆេះ​ខូច​រថយន្ត​រហូតដល់​ទៅ ១.៦០០ គ្រឿង​នៅក្នុង​ចំណតរថយន្ត អាច​ត្រូវបាន​បញ្ឈប់​បាន ប្រសិនបើ​ប្រព័ន្ធ​បាចទឹក​ត្រូវបាន​បំពាក់​នៅក្នុង​អគារ​។​

​អគ្គីភ័យ​ក្តៅ​ល្មម​អាចរំលាយ​អាលុយមីញ៉ូម​នេះ បាន​ឆាបឆេះ​ចំណតរថយន្ត​៧​ជាន់​នៅ​ទីលាន​អេកូ​អា​រី​ណា (Echo Arena) នៅ​មាត់ទន្លេ​នៃ​ទីក្រុង​លី​វើ​ភូ​ល ប្រទេស​អង់គ្លេស បន្ទាប់ពី​រថយន្ត Land Rover បាន​ផ្ទុះ​ឆេះ​ជា​អណ្តាតភ្លើង ហើយ​រាលដាល​យ៉ាង​លឿន​ទៅកាន់​រថយន្ត​ផ្សេងទៀត​នៅ​យប់​ថ្ងៃអាទិត្យ​ទី​៣១​ធ្នូ​។​

​អ្នកបើករថយន្ដ​ដ៏​ភ័យ​តក់ស្លុត​បាន​បោះបង់ចោល​រថយន្ត​រប​ស់​ពួកគេ​ចោល និង​រត់​យក​ប្រាស់​អាយុ ជាមួយ​មនុស្ស ៤.០០០ នាក់ ត្រូវបាន​ជម្លៀសចេញ នៅពេលដែល​ព្រឹត្តិការណ៍​ចុងក្រោយ​នៃ​កម្មវិធី​បង្ហាញ​សេះ​អន្តរជាតិ​ក្រុង​លី​វើ​ភូ​ល ត្រូវបាន​លុបចោល​នៅឯ​ទីលាន​អេកូ​អា​រី​ណា​។​

​សេះ​ប្រហែល ៨០ ក្បាល​ត្រូវបាន​សង្គ្រោះ ហើយ​អ្នកក្រុង​និង​អ្នកទេសចរ​ស្នាក់នៅ​ក្នុង​ផ្ទះល្វែង​និង​សណ្ឋាគារ​នៅក្បែរ​នេះ​ត្រូវ​ចំណាយពេល​ថ្ងៃបុណ្យ​ចូលឆ្នាំ​សកល​នៅក្នុង​ទីជម្រក​បណ្តោះអាសន្ន​ខណៈ​ពួកគេ​ត្រូវបាន​ជម្លៀស​ចេញពី​អគារ ចំពេល​មានការ​ភ័យខ្លាច​ចំពោះ​សុវត្ថិភាព​របស់​ពួកគេ​។​

​កាលពី​ថ្ងៃ​ចន្ទ រូបភាព​ជាច្រើន​បានបង្ហាញ​ជាន់​ក្រោម​នៃ​កន្លែង​ចត​ឡាន​នៅ​ហុយផ្សែង និង​រថយន្ត​ទាំងអស់​បានក្លាយ​ជា​ផេះ ដោយសារ​កម្តៅភ្លើង ៨០០ ទៅ ១.០០០ អង្សា​។​

​អតីត​កីឡាករ​បាល់ទាត់ លោក ម៉ាក រ៉ា​យ (Mark Wright) បាន​ស្ថិតនៅ​ក្នុងចំណោម​អ្នក​ដែល​ជាប់​ក្នុង​ហេតុការណ៍​អគ្គីភ័យ​នេះដែរ ហើយ​ភរិយា​របស់គាត់ ឈ្មោះ ស៊ូ បាន​ថតរូប​រថយន្ត​ដែល​បង្កឱ្យមាន​អគ្គីភ័យ​ភ្លាមៗ​នេះ មុនពេល​ភ្លើង​ឆាបឆេះ​អគារ​ទាំងមូល​៕ ដោយ៖ កញ្ញាដាលីស

ឡាន​ជាង ១.៦០០ គ្រឿង ឆេះ​ម៉ត់