ឆេះ​តូប​លក់​ឥ​វ៉ាន់​ក្នុង​ផ្សារ​ដើម​យាង​ធំ ដោយសារ​ផ្ទុះ​កំប៉ុង​ហ្គាស​

827
ចែករម្លែក

សៀមរាប​៖ មាន​ករណី​អគ្គិភ័យ​ឆេះ​តូប​លក់​ឥ​វ៉ាន់​ក្នុង​ផ្សារ​ដើម​យាង​ធំ បណ្ដាលមកពី​ការផ្ទុះ​កំប៉ុង​ហ្គាស បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង ៦​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០១៧ ស្ថិតនៅ​ខាងត្បូង​ភ្នំ​បាខែង ក្នុងភូមិ​ត្រពាំង​សេះ សង្កាត់​គោកចក ក្រុង​សៀមរាប​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា នៅក្នុង​ហេតុការណ៍​នេះ បណ្តាល​ឲ្យ​ឆេះ​ខូចខាត​អស់​ចំនួន​២​តូប មាន​ទំហំ ៣x៤​ម ដែលមាន​ម្ចាស់​ឈ្មោះ ឡូយ ចាន់​ឌិន ភេទ​ស្រី អាយុ​៤១​ឆ្នាំ​។ មូលហេតុ​ដែល​បង្ក​ឲ្យ​កើតមាន​អគ្គិភ័យ​នេះ បណ្តាលមកពី ផ្ទុះ​កំប៉ុង​ហ្គាស​នៅពេល​ចៀនត្រី ទន្ទឹមនេះ​ដែល​សមត្ថកិច្ច​ជំនាញ​បង្ការ​ពន្លត់​អគ្គិភ័យ​បានចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ ដើម្បី​ជួយ​អន្តរាគមន៍​ចំនួន​៤​រថយន្ត ទើប​សង្គ្រោះ និង​គ្រប់គ្រង​សភាពការណ៍​បាន​ទាំងស្រុង​។​

​ក្នុង​ហេតុការណ៍​នេះ បណ្ដាល​ខូចខាត​សម្ភារៈប្រើប្រាស់​មួយចំនួន តែ​មិន​បណ្តា​ឲ្យ​គ្រោះថ្នាក់​ដល់​មនុស្ស​ឡើយ​៕ ដោយ​៖ លីន​ណា​