ឆេះ​ផ្ទះ​ក្នុង​បុរី​ នៅ​ខណ្ឌចំការមន ​ប្រពន្ធ​​ប្ដី​ ​របួសធ្ងន់ ប្អូនប្រុសស្លាប់ ​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​

778
ចែករម្លែក

​ដោយ:​ចាន់តូ​/​ភ្នំពេញ ៖ ផ្ទះ​បុរី​មួយកន្លែង ​ត្រូវបាន​អគ្គិភ័យ ​លេប​ត្របាក់​ ស្ទើរតែ​ទាំងស្រុង បង្កឲ្យមាន​ការភ្ញាក់ផ្អើល ​នៅវេលា​ម៉ោង ១២ និង១០​នាទី ​រំលងអធ្រាត្រ ​ឈានចូល​ថ្ងៃ​ពុធ ​ទី៥ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅក្នុង​បុរី​ចំការមន ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

​បើ​យោងតាម​ការបញ្ជាក់ ពី​លោក​ចៅសង្កាត់​ទន្លេបាសាក់ ប្រាប់​នៅ​ព្រឹក​ថ្ងៃទី​៥ ខែធ្នូ នេះ​ថា បុរស​ម្នាក់ បាន​ស្លាប់ និង​ប្ដី ប្រពន្ធ​ផ្សេងទៀត បាន​រងរបួស ដោយសារ​គ្រោះថ្នាក់​អគ្គិភ័យ បំផ្លាញ​ផ្ទះ កាលពី​ម៉ោង​១២ និង​៣៥ រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​៥ ខែធ្នូ មហាវិថី​ព្រះ​នរោត្តម ស្ថិតនៅក្នុង​បុរី​ចំការមន ក្នុងភូមិ​១០ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ឈានចូល​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០១៨ ។​

​លោក​បាន​បញ្ជាក់ថា ករណីនេះ បណ្ដាលឱ្យ​ម្ចាស់ផ្ទះ ឈ្មោះ វណ្ណ ប៊ុន​រិ​ទ្ធ ភេទ​ប្រុស អាយុ ៣៧ ឆ្នាំ មុខរបរ បុគ្គលិក​ដឹកជញ្ជូន របស់​ក្រុមហ៊ុនមេ​ហ្គា និង​ប្រពន្ធ​ឈ្មោះ ចំរើន ច័ន្ទ​វ​ល័​ក្ខ អាយុ​៣៧​ឆ្នាំ មុខរបរ ប្រធាន​ក្រុមហ៊ុន​ដឹកជញ្ជូន​មេ​ហ្គា រងរបួស​ធ្ងន់ ដោយ​លោត​ពីលើផ្ទះ​ជាន់​ទី​២ កំពុង​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ ខេ​ម៉ា ផ្លូវ​២៩៥ សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន ភ្នំពេញ ។ ចំណែក​ឈ្មោះ ចំរើន មាសសុ​វិមាន ភេទ​ប្រុស អាយុ ២៥ ឆ្នាំ មុខរបរ បុគ្គលិក​ក្រុមហ៊ុន​ដឹកជញ្ជូន​មេ​ហ្គា រងរបួស​ធ្ងន់ ដោយ​លោត​ពីលើផ្ទះ​ជាន់​ទី​២ ហើយ​បញ្ជូន​ទៅដល់​មន្ទីរពេទ្យ ក៏បាន​ស្លាប់​។​

​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា ​ដំបូង​ឡើយ​ គេ​ឃើញ​ផ្ទះ​លេខ G17 មាន​ផ្សែងហុយ​ចេញពី​ក្នុងផ្ទះ​ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ ដល់​ប្រជាពលរដ្ឋ​ ដែល​រស់នៅ​ជិតខាង ​ក៏​នាំគ្នា​យក បំពង់ពន្លត់អគ្គិភ័យ ​មក​បាញ់​អស់​ចំនួន ៨ បំពង់ ​តែ​នៅ​មិនទាន់រលត់​ ក៏បាន​ទំនាក់ទំនង សមត្ថកិច្ច​ ចុះមក​អន្តគម​ន៍ ​និង​ហៅ​ទៅ​រថយន្តពន្លត់​អគ្គិភ័យ ​បាន​មកដល់​កន្លែងកើតហេតុ​នេះ ​ចំនួន ៨ គ្រឿង ​គឺ​បាន​បាញ់​អស់ ៣ គ្រឿង ​រលត់ទៅវិញ ​ប្រើ​រយៈពេល​ជាង ១​ ម៉ោង​។​

​ខណៈ​ពេលនោះ ​គឺមាន​អ្នករងរបួស ជាប្តីប្រពន្ធ ​ត្រូវបាន​រថយន្ត​ពេទ្យ​ ដឹក​ទៅ​សង្គ្រោះ​ភ្លាមៗ​ផងដែរ ។ ដោយឡែក មិនទាន់ឃើញ​ប្រុស​ម្នាក់ទៀត ​ដែលត្រូវជាប្អូនប្រុស ឈ្មោះ ចំរើន មាសសុ​វិមាន នោះ។ ពេល​សមត្ថកិច្ច​ កំពុង​បាញ់ទឹក ​និង​រុករក​ជាន់​ទី​១ និង​ជាន់​ទី​៣ ​តែ​មិនឃើញ ជាន់​ទី​ពីរ ត្រូវបាន​ចាក់សោរ ពី​ខាងក្នុង​។​ ពេលដែល​សមត្ថកិច្ច​ កំពុងតែ​បាញ់​ទឹក ​និង​រុករក ក៏​ស្រាប់តែ​ឃើញ​ជនរងគ្រោះ ​គាត់​បើកទ្វារ​ចេញ មក​ខាងមុខ ​នៅ​ជា​ន់ទី​២ ដោយ​ខ្លួន មានការ​រងរបួសរ​លាត់​ស្បែក ​ឆេះ​រោល​ខ្មៅ ហើយ​ពេលនោះ ​គាត់​ក៏​ស្រែក​ឲ្យ​គេ​ជួយ ​ស្រាប់តែ​គាត់​លោត​ទម្លាក់ខ្លួន ​មកជា​ន់​ខាងក្រោម បណ្តាលឲ្យ​រងរបួស​ធ្ងន់​ធ្ង​រ​។ ​សមត្ថកិច្ច ខាង​ពន្លត់អគ្គិភ័យ​ បានដាក់​ជណ្ដើរ​ឡើង​ ដើម្បី​ជួយ​សង្គ្រោះ​គាត់​ដែរ​ តែ​គាត់​បាន​លោតចុះមក​មុន​។ ​បុរសនោះ​ត្រូវបាន​រថយន្ត​សង្គ្រោះបន្ទាន់​ មក​ដឹក​យកទៅ​សង្គ្រោះ ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ។ ​ដោយសារ​រងរបួស​ធ្ងន់ លោកគ្រូ​ពេទ្យ​ ជួយសង្គ្រោះ​មិនទាន់ គាត់ក៏បាន​បាត់​បង់ជីវិត​ យ៉ាង​អា​ណោ​ច​អធម​ទៅ​។ សាកសព​ត្រូវបាន​សាច់ញាតិ ​ដឹកយក​ទៅ​ដំកល់ ​នៅ​វត្ត​សា​រ៉ាវ​ត្តី ក្នុង​ខណ្ឌឫស្សីកែវ​។​

​ចំណែកឯ​ការខូចខាត​នៅក្នុង​ផ្ទះ ឆេះ​សម្ភា​រ ស្ទើរតែ​ទាំងស្រុង​។​

តាម​សម្តី​ក្មួយ​ម្ចាស់ផ្ទះ ​បាន​ប្រាប់​ឲ្យដឹងថា​មូលហេតុ​បង្ក​ឲ្យ​មានការ​ឆេះ​នេះ​ឡើង ​គឺ​មកពី​ឆ្លង​ចរន្ត​អគ្គីសនី។  ​លោក​ចៅសង្កាត់​ទន្លេបាសាក់ បាន​អះអាងបន្ថែមថា ចំពោះ​មូលហេតុ ដែលនាំឱ្យ​មាន​គ្រោះ​អគ្គិភ័យ​នេះ កើតឡើង គឺ​បណ្ដាលមកពី​ឆ្លង​ចរន្តអគ្គិសនី​ ៕B/ v