ឆេ​ល​ស៊ី​គ្រោង​ផ្ទេរ នី​កូ​ឡាស ប៉េ​ប៉េ ដែលមាន​តម្លៃ​៧០​លាន​ផោន ខណៈ អេ​ឌិន ហា​ហ្សា​ដ អាច​នឹងចូលរួម​ជាមួយ Real Madrid

405
ចែករម្លែក

ក្លឹប​ឆេ​ល​ស៊ី​ត្រៀម​ដាក់សំណើ​ជាថ្មី​ទៅ​ក្លឹប Lille បន្ទាប់ពី​កំណត់​បាន​គោលដៅ​ផ្ទេរ លេខ​១ ដើម្បី​ជំនួស​កីឡាករ អេ​ឌិន ហា​ហ្សា​ដ (Eden Hazard)​ដែល​អាច​នឹង​ចាកចេញ ទៅ​ចូលរួម​ជាមួយ​ក្លឹប Real Madrid ។​

​ក្លឹប​តោ​ខៀវ​ឆេ​ល​ស៊ី​កាន់តែ​ប្រឈម​នឹង​ការបាត់បង់​កីឡាករ​បែលហ្ស៊ិក​រូបនេះ​នៅ​រដូវក្តៅ​នេះ​។ ហា​ហ្សា​ដ នៅសល់​កិច្ចសន្យា​មួយឆ្នាំ​ទៀត​នៅ​ពហុកីឡាដ្ឋាន Stamford Bridge ហើយ​ពួកគេ​អាច​នឹង​ងាក​មករក​អតីត​ក្លឹប​របស់ ហា​ហ្សា​ដ ដើម្បី​ស្វែងរក​កម្លាំង ជំនួយ​។​

​កីឡាករ​កូត​ឌី​វ័រ នី​កូ​ឡាស ប៉េ​ប៉េ (Nicolas Pepe) របស់​ក្លឹប Lille បាន​ក្លាយជា គោលដៅ បន្ទាប់ពី​កីឡាករ​រូបនេះ​ធ្វើ​បានល្អ​ពេញ​មួយ​រដូវ​កាល​នៅ​ក្របខណ្ឌ Ligue 1 ។​

​ក្លឹប​បារាំង​មួយ​នេះ​បានដាក់​តម្លៃ​៧០​លាន​ផោន​សម្រាប់​កីឡាករ​វ័យ​២៣​ឆ្នាំ​រូបនេះ ដែល​រកបាន​១៩​គ្រាប់​ក្នុងការ​បង្ហាញមុខ​៣៣​ប្រកួត​ក្នុង​យុទ្ធនាការ​រដូវ​កាល​នេះ និង​ជួយ​ពួកគេ​ឡើងមក​ឈរ​នៅ​លេខ​រៀង​ទី​២​។​

​ក្លឹប​ឆេ​ល​ស៊ី​ពិតជា​បាន​ត្រៀម​ផ្ទេរ​កីឡាករ​រូបនេះ បើទោះបីជា​ប្រឈម​នឹង​បម្រាម ក៏ដោយ​។ នៅពេលនេះ ពួកគេ​កំពុង​តតាំង​នឹង​បម្រាម​មិន​ឲ្យ​ផ្ទេរ​កីឡា​ករពីរ ដំណាក់កាល ដែល​ដាក់ចេញ​ដោយ FIFA កាលពី​ខែកុម្ភៈ ដោយសារតែ​រំលោភ​លើ លក្ខន្តិកៈ​របស់​ស្ថាប័ន​បាល់ទាត់​ពិភពលោក​នេះ​។​

​ហា​ហ្សា​ដ នៅតែ​ជា​គោលដៅ​យូរអង្វែង​របស់​ក្លឹប Real Madrid ហើយ​ថា ក្រុម​យក្ស អេ​ស្ប៉ា​ញ​មួយ​នេះ​ហាក់ដូចជា​កាន់តែ​មុត​ស្រួច​ជាង​មុន ចាប់តាំងពី​លោក ហ្ស៊ី​ណេ​ឌី​ន ហ្ស៊ី​ដាន (Zinedine Zidane) មក​ដឹកនាំ​ជាថ្មី​កាលពី​ខែ​មុន​៕ ប្រែ​សម្រួល​: ពិសិដ្ឋ