ឆេ​ល​ស៊ី​ជូនដំណឹង​ទៅ​រៀល​ម៉ា​ឌ្រី​ដ​ពី​លទ្ធភាព​ផ្ទេរ វី​ល​លៀន​

942
ចែករម្លែក

​ក្លិប​ឆេ​ល​ស៊ី​បាន​ជូនដំណឹង​ទៅ​ក្លឹប​រៀល​ម៉ា​ឌ្រី​ដ​ពី​លទ្ធភាព​ខ្សែបម្រើ វី​ល​លៀន (Willian) មុន​រដូវ​កាល​ទិញដូរ​កីឡាករ​នៅ​អេ​ស្ប៉ា​ញ​បិទទ្វារ នេះ​បើតាម​សេចក្តីរាយការណ៍​នៅ​ប្រទេស អេ​ស្ប៉ា​ញ​។

​កីឡាករ​ប្រេ​ស៊ី​ល​រូបនេះ​ត្រូវបាន​ភ្ជាប់​ទៅនឹង​ការចាកចេញ​រដូវក្តៅ​នេះ​បន្ទាប់ពី​បញ្ចប់​រដូវ​កាល​ទាំង អារម្មណ៍​មិន​សប្បាយចិត្ត​កាលពី​រដូវ​កាល​មុន ដោយសារតែ​ទំនាក់ទំនង​មិនល្អ​ជាមួយ​លោក អែន​តូ​នី​ញ៉ូ កុន​តេ (Antonio Conte) ។

​បន្ទាប់ពី​ធ្វើបាន​ល្អ​នៅ​វើ​ល​ខាប់ ក្លឹប Barcelona បាន​ដាក់សំណើ​ជាច្រើនលើក​ដើម្បី​ផ្ទេរ​កីឡាករ វ័យ​៣០​ឆ្នាំ​រូបនេះ​ប៉ុន្តែ​ក្លឹប​ឆេ​ល​ស៊ី​បាន​បដិសេធ​សំណើ​ទាំងអស់នេះ ដោយ​ផ្តល់​កម្លាំងចិត្ត ដល់​លោក ម៉ូ​រី​ស៊ី​យ៉ូ សារី (Maurizio Sarri) នៅមុន​ការដឹកនាំ​លើកដំបូង​របស់លោក​នៅ ពហុ​កីឡដ្ឋាន Stamford Bridge ។

​ប៉ុន្តែ​នៅពេលនេះ សេចក្តីរាយការណ៍​នៅ​អេ​ស្ប៉ា​ញ​លើកឡើងថា ឆេ​ល​ស៊ី​បាន​ជូនដំណឹង​ទៅ ក្លឹប​រៀល​ម៉ា​ឌ្រី​ដ​ពី​លទ្ធភាព​ផ្ទេរ​កីឡាករ​រូបនេះ ជាជាង​ផ្តល់​លទ្ធភាព​ទៅ​ក្លឹប Barcelona ។ ប៉ុន្តែ​មានការ​លើកឡើងថា រៀល​ម៉ា​ឌ្រី​ដ​បាន​ច្រានចោល​សំណើ​នេះហើយ​កំពុងតែ​សម្លឹងមើល កន្លែង​ផ្សេង ដើម្បី​ពង្រឹង​ក្រុម​មុនពេល​រដូវ​កាល​ទិញដូរ​បិទទ្វារ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ

ខ្សែបម្រើ វី​ល​លៀន (Willian)