ឆេ​ល​ស៊ី​បដិសេធ​សំណើ​២៥​លាន​ផោន​របស់​ក្លិប គ្រី​ស្តា​ល់ ផា​លេស

359
ចែករម្លែក

តាម​ព័ត៌មាន​ថា ក្លិប​ឆេ​ល​ស៊ី​បាន​ច្រានចោល​សំណើ​២៥​លាន​ផោន​ពី​ក្លិប គ្រី​ស្តា​ល់ ផា​លេស​(Crystal Palace) សម្រាប់​ខ្សែការពារ រី​ស ជែ​ម​ស៍ (Reece James) ។​
​ ​
​ជែ​ម​ស៍ ទទួលបាន​ការចាប់អារម្មណ៍​ច្រើន អំឡុងពេល​លេង​ខ្ចី​ជើង​នៅ​ក្របខណ្ឌ​ឆេ​ម ពាន​លី​ក​ជាមួយ​ក្រុម វី​ហ្កា​ន​(Wigan) កាលពី​ឆ្នាំមុន ហើយ​អាច​នឹងមាន​ឱកាស​បង្ហា​ញ មុខ​ក្នុង​ក្រុម​ជម្រើស​ដំបូង​របស់​ឆេ​ល​ស៊ី​នៅ​រដូវ​កាល​នេះ​។​
​ ​
​ដោយសារតែ​ជាប់​បម្រាម​មិន​ឲ្យ​ផ្ទេរ​កីឡាករ​ថ្មី​ចូល ដូច្នេះ​គ្រូបង្វឹក​លោក ហ្វ្រែ​ង ឡាំ​ផាត (Frank Lampard) ចង់​រក្សាទុក​កីឡាករ​ដែលមាន​ទេពកោសល្យ​ដែលមាន​នៅក្នុង​ដៃ ស្រាប់​។​
​ ​
​ឡាំ​ផាត ហាក់ដូចជា​បានបង្ហាញ​សារ​ច្បាស់លាស់​ដោយ​បដិសេធ​សំណើ​ណាមួយ សម្រាប់​ខ្សែការពារ​ស្លាប​រូបនេះ​។​
​ ​
​ឆេ​ល​ស៊ី​ក៏បាន​បដិសេធ​សំណើ​ខ្ចី​ជើង​រយៈពេល​១៨​ខែ​ពី​ក្លិប Crystal Palace ដែល​ចង់ បំពេញ​ចន្លោះប្រហោង បន្ទាប់ពី​កីឡាករ អ៊ែ​រិ​ន វ៉ាន ប៊ី​ស​សា​កា (Aaron Wan Bissaka) ចាក​ចេញទៅ​ចូលរួម​ជាមួយ​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​នៅ​រដូវក្តៅ​នេះ​។
​ ​
​ជែ​ម​ស៍ វ័យ​១៩​ឆ្នាំ​ទទួលបាន​ការធានា​ពី​គ្រូបង្វឹក​តោ​ខៀវ ហ្វ្រែ​ង ឡាំ​ផាត និង​ជំនួយ ការ​ទី​២​គឺ​លោក ចូ​ឌី ម័​រី​ស (Jody Morris) ថា ជែ​ម​ស៍ នឹង​ទទួលបាន​ឱកាស​បង្ហាញមុខ ក្នុង​ក្រុម​ជម្រើស​ដំបូង​ខ្លះ​នៅ​រដូវ​កាល​នេះ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​