ឆេ​ល​ស៊ី​សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ អាល​វ៉ា​រ៉ូ ម៉ូ​រ៉ា​តា ជាមួយ​កិច្ចសន្យា​លេង​៥​ឆ្នាំ​

1256
ចែករម្លែក

​ក្លឹប​ឆេ​ល​ស៊ី​បានសម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ​ខ្សែប្រយុទ្ធ អាល​វ៉ា​រ៉ូ ម៉ូ​រ៉ា​តា (Alvaro Morata) ពី​ក្លឹប Real Madrid ។​
​ ​
​ខ្សែប្រយុទ្ធ​សញ្ជាតិ​អេ​ស្ប៉ា​ញ​រូបនេះ​បាន​យល់ព្រម​ទទួលយក​កិច្ចព្រមព្រៀង​លេង​រយៈពេល​៥​ឆ្នាំ ក្រោយពី​ក្លឹប​ទាំងពីរ​សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ​តម្លៃ​៦៧​លាន​ផោន ហើយ​កីឡាករ​រូបនេះ​នឹងចូលរួម​ជាមួយ ក្រុម​ជម្រើស​សម្រាប់​ដំណើរ​ប្រកួត​កម្តៅ​សាច់ដុំ​នៅ​តំបន់​អាស៊ី​។​
​ ​
​បន្ទាប់ពី​បញ្ចប់​កិច្ចព្រមព្រៀង​ផ្ទេរ ម៉ូ​រ៉ា​តា បាន​និយាយថា “​ខ្ញុំ​រីករាយ​ដែល​បាន​មកដល់​ទីនេះ​។ វា​គឺជា​រឿង​អស្ចារ្យ​ដែល​បាន​ក្លាយជា​ផ្នែក​នៃ​ក្លឹប​ធំ​។ ខ្ញុំ​ត្រៀម​ធ្វើ​ការងារ​សកម្ម និង​រក​គ្រាប់​បាល់​ឲ្យ​បាន​ច្រើន ដើម្បី​លើក​ពាន​”​។​
​ ​
​លោក អែន​តូ​នី​ញ៉ូ កុន​តេ (Antonio Conte) អន្ទះសា​ចង់​នាំយក​ខ្សែប្រយុទ្ធ​ថ្មី​នៅ​រដូវក្តៅ​នេះ បន្ទាប់ពី​ប្រាប់ ឌី​អេ​ហ្គោ កូ​ស្តា (Diego Costa) ថា កីឡាករ​រូបនេះ​លែង​ជា​ផ្នែក​នៃ​ផែនការ​របស់លោក​ទៀត​ហើយ​។​
​ ​
​ឆេ​ល​ស៊ី​ខកខាន​ឱកាស​ផ្ទេរ រ៉ូ​ម៉េ​លូ លូ​កា​គុ ដោយសារ​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត ចំណែក​ក្លឹប Dortmund បដិសេធ​មិន​លក់ ព្យែ​រ អេ​មឺ​រិ​ក អូ​បា​ម៉េ​យុំ​ា​ង (Pierre Emerick Aubameyang) ។​
​ ​
​ប៉ុន្តែ​ទីបំផុត លោក កុន​តេ រកបាន​ខ្សែប្រយុទ្ធ​ម្នាក់ ដោយ ម៉ូ​រ៉ា​តា សម្រេច​ផ្ទេរ​មក​ពហុកីឡាដ្ឋាន Stamford Bridge ។​
​ ​
​តាម​គេហទំព័រ Mirror.co.uk កាលពី​ថ្ងៃទី​២១​ខែកក្កដា​ឆ្នាំ​២០១៧​បាន​ឲ្យ​ដឹងថា ម៉ូ​រ៉ា​តា រកបាន​២០​គ្រាប់​សម្រាប់​ក្លឹប Real Madrid កាលពី​រដូវ​កាល​មុន បន្ទាប់ពី​ចូលរួម​ជាមួយ​ក្លឹប​នេះ ក្រោយ​ចាក​ចេញពី Juventus ។ ខ្សែប្រយុទ្ធ​រូបនេះ បាន​ចូលរួម​ជាមួយ​ក្លឹប Juventus បន្ទាប់ពី​លោក កុន​តេ ចាកចេញ ប៉ុន្តែ​នៅពេលនេះ អ្នក​ទាំងពីរ​នឹងធ្វើ​ការងារ​ជាមួយគ្នា​នៅ​ទីក្រុង​ឡុង​ដ៍​។​
​ ​
​ការមកដល់​របស់ ម៉ូ​រ៉ា​តា នឹង​ត្រួស​ត្រាយផ្លូវ​សម្រាប់​ការចាកចេញ​របស់​មិត្ត​រួម​ជាតិ កូ​ស្តា ហើយ​អាច​នឹង​ត្រឡប់​ទៅ​ក្លឹប​ចាស់ Atletico Madrid ។​
​ ​
​កូ​ស្តា បញ្ឈឺចិត្ត​លើកចុងក្រោយ​ដាក់​លោក កុន​តេ តាម​បណ្តាញ​សង្គម Instagram កាលពីដើម​សប្តាហ៍​នេះ ខណៈ​កីឡាករ​រូបនេះ​ពាក់អាវ​របស់​ក្លឹប Atletico Madrid ៕ ប្រែ​សម្រួល​:​ពិសិដ្ឋ​

ខ្សែប្រយុទ្ធ អាល​វ៉ា​រ៉ូ ម៉ូ​រ៉ា​តា (Alvaro Morata)